ឧត្តម​​ក្រុម​ប្រឹក្សា​​ពិគ្រោះ​ និង​​ផ្តល់​​យោបល់​​ ថា​​ការ​​ចាប់​ខ្លួន​​សមាជិក​ម្នាក់ មិន​​ប៉ះពាល់​ដល់​​ស្ថាប័ន​ទេ​​

លោកស្រី សុខរ័ត្ន សុវណ្ណបញ្ចៈសីលា អតីត​​ប្រធាន​​គណ​​បក្ស​​សាធា​រណ​រដ្ឋ​ប្រ​ជា​ធិប​តេយ្យ(RDP) ​និង​ជា​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ និងសហការី​របស់​​លោក​ស្រី ​ម្នាក់​ទៀត ត្រូវបានអាជ្ញាធរខេត្តព្រះវិហារចាប់ខ្លួន ពាក់ព័ន្ធករណីដឹកនាំប្រជាពលរដ្ឋទៅសុំឲ្យមានការរំដោះជនសង្ស័យចំនួន ១៤នាក់ នៅក្នុងពន្ធនាគារខេត្តព្រះវិហារ ដែលអាជ្ញាធរចាប់ឃុំខ្លួនពាក់ព័ន្ធនឹងការកាន់កាប់ទន្ទ្រានយកដីរបស់រដ្ឋ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព។ រូបភាព៖ បណ្ដាញសង្គម

សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់ ​អះអាង​ថា​ ការដែល​សមត្ថកិច្ច​ចាប់​ឃុំខ្លួន​ សមាជិក​របស់​ខ្លួន​ម្នាក់​ ជាប់ចោទ​ថា​ ធ្វើសកម្មភាព​រំដោះ​អ្នកមាន​ជម្លោះដីធ្លី​ចេញពី​ពន្ធនាគារ​នៅ​ខេត្តព្រះវិហារ​នោះ​ មិន​ប៉ះពាល់​មុខមាត់​ស្ថាប័ន​ទេ​។

ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ​និង​ជាស​មា​ជិ​កឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់​ លោកស្រី​ សុខ​ រត័្ន​សុវណ្ណ​បញ្ចៈ​សីលា​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ កាលពី​ថ្ងៃទី៩ ខែមេសា​ នៅ​ខេត្តព្រះវិហារ​ ដោយ​សមត្ថកិច្ច​សង្ស័យ​ថា​ បាន​ដឹកនាំ​ពលរដ្ឋ​មួយ​ក្រុម​ ទៅ​រំដោះ​ជនសង្ស័យ១៤នាក់​ ជា​អ្នកមាន​ជម្លោះដីធ្លី​ ចេញពី​ពន្ធនាគារ​ខេត្ត​នេះ​ ខណៈ​ជនសង្ស័យ​ទាំងនោះ​កំពុង​រង់ចាំ​ថ្ងៃ​បើកសវនាការ​។

ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ និង​ជាស​មា​ជិ​កឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​ លោក​ សុខ​ សុវណ្ណ​ វឌ្ឍ​នា​សា​ប៊ុ​ន ឲ្យ​ VOD ​ដឹង​នៅ​ថ្ងៃសុក្រ​នេះ​ ថា​ការ​ចាប់ខ្លួន​សមាជិ​កម្នាក់​នោះ​ ​មិន​ធ្វើឲ្យខូច​មុខមាត់​ស្ថាប័ន​ទេ​ ដោយ​ថា​ ស្ត្រីជា​សមាជិក​រូប​នេះ​ត្រូវ​បាន​ព្យួរ​តួនាទី​តាំងពី​ចុងឆ្នាំ២០១៨​មក​ម្លេះ​ ក្រោយពី​គណបក្ស​របស់​លោកស្រី​មាន​ជម្លោះផ្ទៃក្នុង​ ធ្វើ​សមាជ​ប្តូរ​ឈ្មោះ​គណបក្ស​ និង​ប្តូរ​មេ​បក្ស​ ។

លោក​ថា​៖ «ខ្ញុំ​ថា​មិនជា​ការ​ប៉ះពាល់​អី​ទេ​ ពី​ព្រោះ​សកម្មភាព​ផ្លូវច្បាប់ ​និង​សកម្មភាព​ផ្លូវការ​របស់​គាត់​ហ្នឹង​ត្រូវ​បាន​លេខាធិ​កា​រដ្ឋា​នឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់​ ធ្វើការ​ផ្អាក​តាំង​ពីខែ១២ ​[ឆ្នាំ២០១៨​] មក​ម៉្លេះ ​ដោយសារតែ​ឈរ​លើ​គោល​ការ​ណ៍នៃ​ការ​ជ្រើស​តាំ​ងរ​បស់​គណបក្ស​។​ ហើយ​គណបក្ស​របស់​គាត់​មាន​សមាជ​ថ្មី​ មាន​ប្រធាន​ថ្មី​ ហើយ​អ្វី​ដែល​គាត់​បាន​ធ្វើជា​ការទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​នៅ​ខាងក្រៅ​ហ្នឹង​ ជា​រឿង​ឯកជន​ទេ​។»

សមាជិក​មួយ​រូប​ទៀត​ និង​ជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ លោក​ ពេជ្រ ស្រស់​ ឲ្យដឹង​ប្រហាក់​ប្រហែល​ដែរ​ថា​ លោកស្រី​ សុខ​ រត័្ន​សុវណ្ណ​បញ្ចៈ​សីលា​ ដែល​សមត្ថកិច្ច​ចាប់​ឃុំខ្លួន​នោះ​ សិទ្ធិ​ចុះមូលដ្ឋាន​របស់​គាត់​ត្រូវ​បាន​ព្យួរ​ ហើយ​ថា​ សកម្មភាព​ដែល​ចុះទៅ​រំដោះ​អ្នកទោស​នោះ​ ថា​រំលោភ​តួនាទី​ដែល​មាន​ចែង​ក្នុង​ព្រះរាជ្យក្រឹត្យ​។ លោក​ថា​ បញ្ហា​នេះ​ជា​កំហុស​បុគ្គល​ ។

លោក ​ថា​៖ «យើង​មាន​ភារកិច្ច​ចែង​ក្នុង​ព្រះរាជ្យក្រឹត្យ​ ហើយ​យើង​មើលក្នុង​ព្រះរាជ្យក្រឹត្យ​ទៅ​វា​អត់មាន​សមត្ថភាព​ណា​ទៅ​លូក​ដៃ​ឲ្យ​អ្នកណា​ខុស​ អ្នកណា​ត្រូវ​ទេ​។ យើង​ គ្រាន់តែ​ចុះទៅ​ពិនិត្យ​សម្មតិកម្ម​នៃ​អង្គហេតុ​នៃ​បញ្ហា​ ប្រមូល​យក​ព័ត៌មាន​ហ្នឹង​មក​ដាក់​ទៅ​រដ្ឋាភិបាល​ ឬក៏​ទៅ​ដែន​សមត្ថកិច្ច​ឲ្យ​គេ​ដោះស្រាយ​»។

បើ​តាម​លោ​ក ពេជ្រ ស្រស់​ តួនាទី​របស់​ឧត្តម​ក្រុមប្រឹក្សា​ ចុះ​ប្រមូល​បញ្ហា​នៅ​ថ្នាក់ក្រោម​ជាតិ​ យក​បញ្ហា​ទាំងអស់​ដែល​ប្រមូល​បាន​រាយការណ៍​ជូន​រដ្ឋាភិបាល​ សុំ​យោបល់​ពី​វិធា​នកា​រដោះ​ស្រាយ​ មិនមែន​ខ្លួន​ជា​អ្នក​ចុះ​ដោះបញ្ហា​ទេ​។

សមា​គម​អាដ​ហុក​ការ​ពារ​សិទ្ធិ​មនុស្ស​បាន​ផ្តល់​មេធាវី​ទៅ​ការពារ​ក្តី​ដោយ​ឥតគិតថ្លៃ​ ដល់​អ្នកមាន​ជម្លោះដីធ្លី៣នាក់ ​ក្នុងចំណោម​ ១៤នាក់​ ដែល​តុលាការ​បង្គាប់​ឲ្យ​ឃុំខ្លួន​។

អ្នកនាំពាក្យ​សមាគម​នេះ​គឺ​លោក​ ស៊ឹង​ សែន​ករុណា​ ហៅ​សកម្មភាព​របស់​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់ ​នេះ​ថា​ មិនបាន​ជួយ​ដោះបន្ទុក​អ្នក​ទាំង១៤នាក់​ដែល​កំពុង​ឃុំខ្លួន​ រង់ចាំ​សវនាការ​នេះ​ទេ​ តែថា​ វា​បាន​បង្កើន​បន្ទុក​កាន់តែ​ខ្លាំង​ដល់​ជនសង្ស័យ​។ លោក​ថា​ ទង្វើ​នេះ​បាន​ងាក​ចេញពី​នីតិវិធី​ច្បាប់​ និង​ជះឥទ្ធិពល​មិនល្អ​ដល់​ស្ថាប័ន​។

លោក​ថា​៖ «ជា​ធម្មតា ​វា​អាច​ប៉ះពាល់​ទៅដល់​បុគ្គល​មុនគេ​ហើយ។ ​ទី២ វា​អាច​ប៉ះពាល់​ដល់​ក្រុម​ដែរ​ ព្រោះ​ក្រុម​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​អំណាច​ដែល​ត្រូវ​ចាត់តាំង​ដោយ​ព្រះរាជ្យក្រឹត្យ​តែងតាំង​ អី​អញ្ចឹង​ ហើយ​យើង​ប្រើ​តួនាទី​ខុសពី​ការ​ផ្តល់​ឲ្យ​ អញ្ចឹង​វា​ស្មើនឹង​អំណាច​នៃ​ការតែងតាំង​ហ្នឹង ​វា​សាបរលាប​ ហើយ​វា​ធ្វើឲ្យ​ជះឥទ្ធិពល​មិនល្អ​ដល់​ក្រុម​ផ្សេង​ៗទៀត​»។

ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​ត្រូវ​បាន​តែងតាំង​ដោយ​ព្រះរាជ​ក្រឹត្យ​ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី​។

ឧត្តម​ក្រុមប្រឹក្សា​នេះ​កើតឡើង​ក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី៦​ មាន​គណបក្ស១៦ចូលរួម​។ គណបក្ស​មួយ​ មាន​មនុស្ស​ពីរ​នាក់​មកកាន់​តួនាទី​នេះ​ គឺ​ប្រធាន​ និង​អនុប្រធាន​ ។

​គណបក្ស​នយោបាយ​ទាំងនោះ​មិន​ទទួល​បាន​សំឡេងឆ្នោត​ រហូត​មាន​អាសនៈ​ក្នុង​សភា​ទេ​ តែ​ពួកគេ​ត្រូវ​បាន​ តែងតាំង​ឋានៈ​ចាប់ពី​រដ្ឋមន្ត្រី​ដល់​ទេស​រដ្ឋមន្ត្រី​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ