លោក ស ខេង លើកឡើងថា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បច្ចុប្បន្នមានកំហុសខ្លះមែន ហើយថា កំហុសទាំងនេះអាចកែសម្រួលបាន មិនធ្ងន់ធ្ងរដែលត្រូវឱ្យផ្តួលរំលំទេ។
នៅក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តព្រៃសម្លាញ ស្ថិតនៅក្នុងភូមិព្រៃសម្លាញ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែងនៅថ្ងៃនេះ លោក ស ខេង អំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាព កុំចូលរួមធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាល។ លោកជំរុញឱ្យពលរដ្ឋដែលចង់ដូរមេដឹកនាំត្រូវធ្វើឡើងតាមការបោះឆ្នោត។
លោក ស ខេង ទទួលស្គាល់ថា ការដឹកនាំរបស់លោកហ៊ុន សែន មានកំហុស តែអាចកែសម្រួលបាន មិនមែនធ្ងន់ធ្ងរដូចរបបខ្មែរក្រហមនោះទេ។
លោក ស ខេង៖ «ការពិតសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្ត្រី ខ្ញុំមិនបដិសេធថា មិនមានចំណុចខ្វះខាត ឬចំណុចសេសសល់ទេ ប៉ុន្តែ ចំណុចសេសសល់ ដែលយើងអាចកែបាន ដែលយើងខិតខំកែបាន។ វាមិនដល់ថ្នាក់ដែលយើងកែមិនបានដូចរបប ថារបប ប៉ុលពត ទៅចុះ ឬដូចរបបនានាកន្លងមកដែលធ្លាប់ជួបថា ត្រូវតែផ្តួលរំលំរបបហ្នឹង ដាក់របបថ្មី វាមិនដល់ថ្នាក់ហ្នឹងទេ។ សូមគិតឱ្យបានឆ្ងាយ បើមិនចឹងទេ យើងនាំគ្នាថយក្រោយមិនដឹងប៉ុន្មានសិបជំហានទេ។»
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ១៩៨៥។ ក្រោមការដឹកនាំរបស់លោក ត្រូវបក្សប្រឆាំង និងអ្នកឃ្លាំមើលមួយចំនួនថា មានការរំលោភសិទ្ធិមនុស្ស បំផ្លាញធនធានធម្មជាតិ ពុករលួយ និងធ្វើឲ្យសង្គមគ្មានយុត្តិធម៌ ជាដើម។
ប៉ុន្តែ សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញធ្លាប់លើកឡើងថា ក្រោមការដឹកនាំរបស់លោក ធ្វើឲ្យប្រទេសជាតិស្គាល់សន្តិភាព និងរីកម្រើនជាងសម័យណាៗទាំងអស់។