ក្រសួងធនធានទឹក និងឧតុនិយមប្រកាសថា កម្តៅនៅក្នុងប្រទេសកម្ពុជានឹងអាចឡើងដល់៤១អង្សាសេ ចាប់ពីថ្ងៃទី២២ ដល់ចុងខែមេសានេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ ឲ្យដឹងថា បាតុភូត អ៊ែល នីណូ នៅតែមានឥទ្ធិពល និងបន្តគ្របដណ្តប់លើប្រមាណពាក់កណ្តាលនៃផែនដី។ សេចក្តីជូនដំណឹងបន្តថា សម្រាប់ប្រទេសកម្ពុជាក៏នៅតែបន្តទទួលរងឥទ្ធិពលនេះដែរ ដែលឥទ្ធិពលនេះនឹងធ្វើឲ្យសីតុណ្ហភាពអតិបរមានៅកម្ពុជាបន្តកើនឡើង និងអាចឈានដល់៤០ ទៅ៤១អង្សាសេ ក្នុងសប្តាហ៍នេះ។
សេចក្តីជូនដំណឹងបន្តដែរថា បាតុភូតនេះនឹងធ្វើឲ្យភ្លៀងកាន់តែខ្សោយ ហើយមានខ្យល់កន្ត្រាក់ បាតុភូតរន្ទះកើតឡើងញឹកញាប់ និងមានឥទ្ធិពលខ្លាំង។
ក្រសួងធនធានទឹក និងឧតុនិយមក៏អំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន។
ក្រសួងធនធានទឹកក៏ជូនដំណឹងដល់ប្រជាកសិករដែរថា ឥទ្ធិពល អ៊ែល នីណូ នឹងធ្វើឲ្យរដូវវស្សាមកដល់យឺតជាងធម្មតា។ ក្រសួងអំនាវឲ្យកសិករពន្យារពេលចាប់ផ្តើមការដាំដុះស្រូវរដូវវស្សាឆ្នាំនេះ ទៅសប្តាហ៍ទី៣ ខែឧសភា ឆ្នាំ២០១៩។
តាមក្រសួងធនធានទឹក និងឧតុនិយមឲ្យដឹងថា កសិករតែងតែចាប់ផ្តើមធ្វើស្រូវរដូវវស្សានៅបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីចប់៕