ក្រសួងយុត្តិធម៌ បានសម្រេចផ្អាកជាបណ្ដោះអាសន្នមុខងារព្រះរាជអាជ្ញារងខេត្តកំពង់ធំ លោក ជា សុវណ្ណថេត ពីបទផ្ដើមគំនិតឲ្យមានការកាប់បំផ្លាញ និងទន្ទ្រានឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង។
យោងតាមលិខិតចុះថ្ងៃទី២២ ខែមេសាម្សិលមិញ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានផ្អាកមុខងារជាបណ្ដោះជាអាសន្នចំពោះលោក ជា សុវណ្ណថេត ដោយចោទថា ព្រះរាជអាជ្ញារងរូបនេះបានផ្ដើមគំនិតក្នុងអំពើកាប់ឆ្ការ និងឈូសឆាយដីព្រៃលិចទឹក និងព្រៃកោងកាង ដែលមានទំហំប្រមាណ១០ហិកតា នៅត្រង់ចំណុចបឹងអាត្រាព្រួល ភូមិទួលនាងសាវ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា។
ប្រធានរដ្ឋលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកំពង់ធំ លោក វ៉ាន់ សេង ប្រាប់ VOD ថា ករណីនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ចៅក្រមស៊ើបសួរ ហើយលោកសុំមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតនោះទេ។
លោក បន្ដថា៖ «អាចចេះទេដឹង! នៅមានការលាក់ការណ៍សំងាត់ខ្លះ ជាសិទ្ធិចៅក្រមស៊ើបអង្កេត លោកអាចយកព័ត៌មានពីចៅក្រមស៊ើបអង្កេតបានទូលំទូលាយជាសិទ្ធិរបស់គាត់។»
VOD បានព្យាយាមទាក់ទងចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ លោក សេង ប៊ុនណា ប៉ុន្ដែ មិនមានអ្នកទទួល។
អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំនៅខេត្តកំពង់ធំ លោក សុខ រដ្ឋា ជំរុញឲ្យអាជ្ញាធរកម្ពុជា ជាពិសេសស្ថាប័នតុលាការ ត្រូវអនុវត្តវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ប្រឆាំងនឹងជនល្មើស ដែលបានកាប់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា មិនថា អ្នកនោះមានអំណាច ឬបុណ្យសក្ដិកម្រិតណានោះទេ។
លោក បន្ថែមថា៖ «អ្នកអនុវត្តច្បាប់ដែលមានតុលាការ សាលាឧទ្ធរណ៍ ឬតុលាការកំពូលត្រូវចាត់វិធានការចំពោះមន្ដ្រី ឬបុគ្គលឯកជនណាដែលបានប្រព្រឹត្តអំពើល្មើសច្បាប់ ឬផ្សំគំនិតណាមួយ ដើម្បីទុកជាគំរូដល់មន្ដ្រីផ្សេងទៀត ឬអ្នកមានអំណាចផ្សេងទៀត […] វាអត់មានអីលំបាកនៅក្នុងការចាត់វិធានការ សិក្សាស្រាវជ្រាវ ហើយស្វែងរកការពិត ហើយធ្វើការដោះស្រាយ។ ការដោះស្រាយទៀតសោត មិនមែនដោះស្រាយដើម្បីបញ្ចប់បញ្ហា ហើយរក្សាទុកជនល្មើសឲ្យនៅមានសេរីភាពនោះទេ។»
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ការផ្អាកជាបណ្ដោះអាសន្ននូវមុខងាររបស់ព្រះរាជអាជ្ញារងខេត្តកំពង់ធំរូបនេះ គឺដើម្បីឲ្យតុលាការអាចអនុវត្តនីតិវិធីស៊ើបអង្កេតរបស់ខ្លួនបាន មុននឹងឈានទៅចេញសេចក្ដីសម្រេចពាក់ព័ន្ធនឹងសំណុំរឿងនេះ។
លោក ជិន ម៉ាលីន ព្រមានថា ព្រះរាជអាជ្ញារងខេត្តកំពង់ធំរូបនេះអាចប្រឈមទាំងទោសព្រហ្មទណ្ឌ និងវិធានការរដ្ឋបាល បើសិនតុលាការរកឃើញថា បានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះ។
លោក បន្ដថា៖ «ប្រសិនបើតុលាការសម្រេចទៅ រកឃើញថា គាត់មានទោស មានកំហុស គឺគាត់ត្រូវទណ្ឌកម្មទាំងផ្នែករដ្ឋបាលផង និងទោសទណ្ឌផ្នែកព្រហ្មទណ្ឌផង។ ទណ្ឌកម្មរដ្ឋបាល គឺបានន័យថា មានការដកហូតមុខតំណែង លុបឈ្មោះគាត់ចេញពីក្របខណ្ឌ ហើយចំណែកទោសព្រហ្មទណ្ឌ គឺត្រូវអនុវត្តតាមសេចក្ដីសម្រេចរបស់តុលាការ។»
កាលពីថ្ងៃទី៩ ខែមេសា អង្គការខុមហ្វ្រែលបានចេញផ្សាយរបាយការណ៍របស់ខ្លួន ដោយរិះគន់ថា រដ្ឋាភិបាលបានបានទទួលបរាជ័យនៅក្នុងការអនុវត្តគោលនយោបាយរក្សាផ្ទៃដីគម្របព្រៃឈើនៅក្នុងប្រទេស បន្ទាប់ពីរដ្ឋាភិបាលបានសន្យាទប់ស្កាត់បទល្មើសព្រៃឈើឲ្យខានតែបាន។
ចំណែក ធនាគារពិភពលោកក៏បានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនកាលពីឆ្នាំ២០១៧ ថា គម្របព្រៃឈើនៅកម្ពុជា បានថយចុះពីជិត ៦០ភាគរយ នៅឆ្នាំ២០០៦ មកនៅតិចជាង ៤៧ភាគរយ នៅឆ្នាំ២០១៤។
ប៉ុន្ដែ របាយការណ៍រដ្ឋាភិបាលចេញផ្សាយឆ្នាំ២០១១ ស្តីអំពី «ធនធានគម្របព្រៃឈើនៅកម្ពុជាឆ្នាំ២០១០» ឲ្យដឹងថា នៅឆ្នាំ១៩៦៥ គម្របព្រៃឈើកម្ពុជា មានប្រមាណ ៧៣ភាគរយ ហើយវាបានថយចុះមកនៅប្រមាណ ៥៧ភាគរយ នៅឆ្នាំ២០១០ ដែលការធ្លាក់ចុះនេះបណ្តាលមកពីកំណើននៃការប្រើប្រាស់ដីកសិកម្ម ពិសេសដីសម្បទានសេដ្ឋកិច្ច៕