​លោក ស ខេង ប្រាប់​មន្ត្រី​ឲ្យ​​បង្កើន​​ការ​​ប្រុង​​ប្រយ័ត្ន​​ចំពោះ​​បទ​ល្មើស​ និង​​ការ​​លាង​​លុយ​​នៅ​តាម​​ព្រំដែន​​

លោក ស ខេង ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ក្រោយ​កិច្ច​ប្រជុំ​រដ្ឋ​សភា​ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

ក្រសួង​មហាផ្ទៃ​ ណែ​នាំ​ដល់​មន្ត្រី​ព្រំដែន​ឲ្យ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​បន្ថែម​ទៀត​ ជា​ពិសេស​ទៅ​លើ​បទល្មើស​គ្រឿងញៀន និង​ការ​សម្អាត​ប្រាក់​ បន្ទាប់​ពី​សង្កេត​ឃើញមាន​ការ​ប៉ុនប៉ង​លួច​ធ្វើ​សកម្មភាព​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៅ​ភូមិសាស្ត្រ​មួយ​ចំនួន​ដែល​មាន​ការ​ធ្វេស​ប្រហែស និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន។

ក្នុង​សេចក្ដីណែនាំ​ចុះ​ថ្ងៃ​ទី២២ ខែមេសា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង បាន​ណែនាំ​ដល់​កង​កម្លាំង​នគរបាល​ជាតិឲ្យ​បង្កើន​ការ​ទទួល​ខុស​ត្រូវ និង​ចាត់​វិធាន​ការ​ឲ្យ​មាន​ប្រសិទ្ធភាព​ទៅ​លើ​បទ​ល្មើស​ឆ្លង​ដែន​គ្រប់​ប្រភេទ។

ក្នុង​សេចក្ដីណែនាំ​នោះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ចំពោះ​បទ​ល្មើស​ជួញ​ដូរ​គ្រឿងញៀន និង​ការ​សម្អាត​ប្រាក់​ ក្រសួង​មហាផ្ទៃ​ជំរុញ​ឲ្យ​មាន​ការ​ស្រាវជ្រាវ និង​បង្ក្រាប​ឲ្យបាន​ម៉ឺងម៉ាត់ ហើយ​តម្រូវ​ឲ្យ​រាយការណ៍​សុំ​គោលការណ៍​ពី​ក្រសួង​ដោយ​ផ្ទាល់​ផង​ដែរ។

ក្នុង​របាយការណ៍​៩​ខែ​នៃ​ឆ្នាំ​២០១៨ ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​លើក​ឡើង​ថា ​ការ​ជួញ​ដូរ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​ប្រទេស​កម្ពុជាទៅ​កាន់​ទី​ផ្សារ​គ្រឿងញៀន​ក្នុង​តំបន់ និង​អន្តរជាតិ​នៅ​តែ​បន្ត​កើតមាន ដែល​តម្រូវ​ឲ្យ​មន្ត្រី​កម្ពុជា​ពង្រឹង​ការ​សហការ​ជា​មួយ​មន្ត្រី​ប្រទេស​ជាប់​ព្រំដែន ជា​មួយ​នឹង​ការ​បំពាក់​សម្ភារ​ចាំ​បាច់​ដើម្បី​បំពេញ​តួនាទី​ផង​ដែរ។ ​​

តាម​របាយការណ៍​សមត្ថកិច្ច ក្នុង​រយៈពេល​៣​ខែ​ ដើម​ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​បាន​ចំនួន ២០៣៣ករណី និងឃាត់មនុស្សចំនួន ៤៣៩៩នាក់ ក្នុងនោះស្រី ៣៧២នាក់ ជនបរទេស ១០៤នាក់៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ