សង្គម​ស៊ីវិល​ទទូច​ជា​ថ្មី​ទៅ ACU បង្ហាញ​លទ្ធផល​ស៊ើប​អង្កេត​លើ​​មន្ត្រី​ខេត្ត​​រតនគិរី​ និង​កណ្តាល​​

លោក​ឧត្ដមសេនីយ៍​ត្រី គឹម រស្មី មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតនគិរី (ឆ្វេង) និង ស្នងការរងខេត្តកណ្ដាល លោក ស្រេង សុខា (ស្ដាំ)។ រូបភាព៖ បណ្ដាញសង្គម

មន្ត្រីអង្គការសង្គមស៊ីវិលជំរុញជាថ្មីទៀតទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឱ្យបង្ហាញលទ្ធផលនៃការស៊ើបអង្កេតលើសំណុំរឿងអតីតមេកងរាជអាវុធហត្ថខេត្តរតនគិរី និងស្នងការរងនគរបាលខេត្តកណ្តាល ឱ្យសាធារណជនបានដឹង។

កាលពីថ្ងៃទី២៨ ខែកុម្ភៈ អង្គភាពប្រឆាំងអំពើពុករលួយបានចេញសេចក្តីប្រកាសព័ត៌មានមួយថា អង្គភាពមួយនេះបានបញ្ចប់ការ​ស៊ើបអង្កេតបំណុល និងទ្រព្យសម្បត្តិ​របស់អតីតមេបញ្ជាការកង​រាជអាវុធហត្ថ​ខេត្តរតនគិរី លោក គឹម រស្មី និងភរិយា រួមទាំងកូនចំនួន ៣ នាក់ របស់លោករួចរាល់ហើយ។

ក្រោយពីបញ្ចប់ការស៊ើបអង្កេតករណីលោក គឹម រស្មី នោះ អង្គភាពប្រឆាំងអំពើពុករលួយថា អង្គភាពនេះ ក៏កំពុង​ដំណើរការស្រាវជ្រាវ​​ទ្រព្យ​សម្បត្តិ និង​បំណុល​​ស្នងការ​រង​ខេត្តកណ្តាលគឺ លោក ស្រេង សុខា ផងដែរ។

ប្រធានគណៈកម្មការកម្ពុជាឯករាជ្យប្រយុទ្ធប្រឆាំងអំពើពុករលួយ លោកស្រី ម៉ម ស៊ីថា មានប្រសាសន៍ថា ពលរដ្ឋជាច្រើនកំពុងរង់ចាំមើលលទ្ធផលនៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយលើសំណុំរឿងអតីតមេកងរាជអាវុធហត្ថខេត្តរតនគិរី និងស្នងការរងនគរបាលខេត្តកណ្តាល។

លោកស្រីថា៖ «តាំងពីកើតរឿងរហូតមកដល់ពេលនេះ ដំណើរការស៊ើបអង្កេត វាអត់មា​នបង្ហាញតួលេខណាមួយ ដើម្បីឱ្យមហាជនបានអស់ចម្ងល់នៅឡើយ។ អ៊ីចឹង អាភាពយឺតយ៉ាវ ការមិនបានបង្ហាញជាសាធារណៈ ដោយសារ មន្ត្រីមិនមានសមត្ថភាពក្នុងការស៊ើបអង្កេត ឬមានចេតនាក្នុង​ការបិទបាំង [មិនបង្ហាញ]។»

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ប្រសិនអង្គភាពប្រឆាំងអំពើពុករលួយបញ្ចប់ការស៊ើបអង្កេតរួចរាល់ហើយ  ប៉ុន្តែ មិនបានបង្ហាញពីលទ្ធផលណា​មួយ​ឱ្យសាធារណជនបានដឹងទេនោះ លោកថា សាធារណជននឹងមានមន្ទិលសង្ស័យ ហើយវាយតម្លៃលើស្ថានភាពនេះ ក្នុងន័យអវិជ្ជមានទៀតផងដែរ។

លោកថា៖ «សាធារណជន គេដឹងព័ត៌មានហើយ មិនមែនគេអត់ចាំមើល អត់ចាំតាមដានទេ ទាំងអស់គ្នា រងចាំមើល ចំណាត់ការហ្នឹង គេធ្វើដោយរបៀបម៉េច ឬគ្រាន់តែជាការធ្វើឡើង ក្នុងរយៈពេលមួយខ្យល់ មួយគ្រា ហើយចេះតែអូសបន្លាយពេលវេលា លុបបាត់រឿងរ៉ាវអស់ហ្នឹង។ អាហ្នឹងជារឿងមួយដែលគេអាចមានការសង្ស័យលើចំណាត់ការហ្នឹង គេអាចនឹងមានការចោទប្រកាន់ទៅលើចំណាត់ការហ្នឹង ថាអាចនឹង​មានពាក់ព័ន្ធផលប្រយោជន៍អ៊ីចឹង។ អ៊ីចឹង ដើម្បីចៀសវាងការចោទប្រកាន់ហ្នឹង ACU ត្រូវធ្វើកិច្ចការទាំងអស់ហ្នឹង ឱ្យមានតម្លាភាព។»

អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឃាង សេង សុំមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះ ដោយលោកឱ្យសួរសំណួរទៅប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង។

លោកថា៖ «ក្នុងរឿងនេះ ខ្ញុំមិនបានទទួលកិច្ចការនេះ ទាក់ទងឯកឧត្តមទេសរដ្ឋមន្ត្រីផ្ទាល់ ព្រោះគាត់ជាអ្នកចាត់ក្រុមការងារមួយដើម្បីធ្វើការស៊ើបអង្កេត។»

ករណីនេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង សុំមិនអត្ថាធិប្បាយដោយលោកទាមទារឲ្យអ្នកសារព័ត៌មានដាក់លិខិតទៅ។

លោកថា៖ «សូមសរសេរលិខិតមក ខ្ញុំឆ្លើយតាមលិខិតជូនទៅវិញ!»។

កាលពីថ្ងៃទី៩ ខែកុម្ភៈ ព្រះមហាក្សត្រ​ចេញព្រះ​រាជក្រឹត្យ​លុបឈ្មោះ​អតីតមេបញ្ជាការកងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ឧត្តមសេនីយត្រី (ផ្កាយ១) លោក គឹម រស្មី ចេញពី​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ បន្ទាប់​ពី​មាន​ការ​​ស្នើសុំរបស់លោ​ក​នា​យ​ករ​ដ្ឋ​ម​ន្ត្រី ​ហ៊ុន សែន។

ការ​ស្នើសុំលុបលោក គឹម រស្មី ចេញពី​ក្របខណ្ឌរដ្ឋនេះ ធ្វើឡើងក្រោយពី​​​មានវីដេអូ​បង្ហោះ​លើ​បណ្តាញ​សង្គម ថា លោក គឹម រស្មី បាន​ចែក​លុយ ១០ម៉ឺនដុល្លារ ឱ្យកូន ៥នាក់ ​និង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៀត​ ក្នុង​ពិធី​ខួបកំណើ​ត​របស់ខ្លួន​។

ដោយឡែក ការប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយ ករណីស្នងការ​រង​ខេត្តកណ្តាល គឺ លោក ស្រេង សុខា វិញ ធ្វើឡើងក្រោយពី​មាន​ការ​​​ចែករំលែកតាមបណ្ដាញ​សង្គម​ហ្វេសប៊ុក បន្ទាប់ពីស្នងការរងរូបនេះ បាន​ភ្ជាប់ពាក្យ​ជាមួយ​ស្ត្រី​ម្នាក់ និង​​បាន​ជូន​​ថ្លៃ​បណ្ណាការ​ចំនួន ១០​ម៉ឺន​ដុល្លារ ចិ​ញ្ចៀ​ន​ពេជ្រ និង​រថយន្ដ​លុ​ច្ស​ស៊ី​ស ៥៧០មួយ​គ្រឿង​ដែលមាន​តម្លៃ ២២​ម៉ឺន​ដុល្លារ​។

ក្នុងសារជូនពរឆ្នាំថ្មី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តេជ្ញាចិត្តថា រដ្ឋាភិបាលនឹងបន្តវះកាត់លើយន្តការធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅ ក្នុងនោះមានទាំងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ