អ្នក​ជំនាញ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ពន្ធ​ផលិតផល​ថ្នាំ​ជក់​ដល់​៧០​ភាគរយ ដើម្បី​កាត់​បន្ថយ​អ្នក​ប្រើប្រាស់​

វាគ្មិននិយាយបកស្រាយ ក្នុងកម្មវិធីសន្និសីទមួយស្ដីពី ដំឡើងពន្ធផលិតផលថ្នាំជក់៖ យុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ សង្គ្រោះជីវិត និងធ្វើអោយប្រសើរដល់សុខភាពប្រជាពលរដ្ឋ។

អ្នកជំនាញផ្នែកសុខភាពជំរុញឲ្យរដ្ឋាភិបាលដំឡើងពន្ធលើផលិតផលថ្នាំជក់ពី ៣០ឡើងដល់ ៧០ភាគរយនៃតម្លៃលក់ ដើម្បីកាត់បន្ថយចំនួនអ្នកប្រើប្រាស់ ខណៈមានអ្នកស្លាប់ដោយសារថ្នាំជក់ចំនួន១ម៉ឺននាក់ក្នុងមួយឆ្នាំៗ។

នៅក្នុងសន្និសីទសារព័ត៌មាននៅដើមសប្តាហ៍នេះ​ អ្នកជំនាញមកពីអង្គការពាក់ព័ន្ធបានពិភាក្សាពីយុទ្ធសាស្រ្តដំឡើងពន្ធលើផលិតផលថ្នាំជក់នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងកាត់បន្ថយចំនួនអ្នកប្រើប្រាស់ និងអត្រាអ្នកស្លាប់ដោយសារថ្នាំជក់។

តំណាងអង្គការសុខភាពពិភពលោក លោក យ៉ិល ដារ៉ាវុធ ថ្លែងក្នុងសន្និសីទព័ត៌មានថា បច្ចុប្បន្ន កម្ពុជាមានអ្នកប្រើប្រាស់ថ្នាំជក់ប្រមាណ ២លាននាក់ដែលចំនួននេះ គឺមិនមានការថយចុះនោះទេ។ លោកថា កម្ពុជាគួរដំឡើងពន្ធដល់ ៧០ភាគរយនៃតម្លៃលក់រាយ ដើម្បីរួមចំណែកកាត់បន្ថយអត្រាអ្នកប្រើប្រាស់។

លោក យ៉ិល ដារ៉ាវុធ មានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាយើង បច្ចុប្បន្ន នៅ២លានដដែល (អ្នកប្រើប្រាស់) អត្រាថយចុះមែន តែប្រជាជនយើងកើន។ តាមយុទ្ធសាស្រ្តអង្គការសុខភាពពិភពលោក និងធនាគារពិភពលោក ថា ដំឡើងយ៉ាងណាឲ្យបាន ៧០ភាគរយនៃតម្លៃលក់រាយ»។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានប្រាប់ វី.អូ.ឌី ឲ្យដឹងថា ក្រសួងកំពុងពិភាក្សាលើករណីដំឡើងពន្ធនេះ ប៉ុន្តែ លោកមិនអាចបញ្ជាក់ថា ពេលណាអាចឡើងបាននោះទេ។

«យើងកំពុងជជែកគ្នាលើរឿងហ្នឹង។ ឥឡូវយើងអត់មានអីជាមតិទេ។ ខ្ញុំអត់ទាន់អាចឆ្លើយអីបានដោយសារយើងកំពុងសិក្សា»។

បើតាមនាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា លោក មុំ គង់ បានមានប្រសាសន៍ថា កម្ពុជាខាតទឹកប្រាក់ជាង ២០០លានដុល្លារទៅលើការទិញបារី និង១៦៣លានដុល្លារទៅលើការព្យាបាលជំងឺ៥មុខ បង្កដោយការជក់បារីក្នុងមន្ទីរពេទ្យរដ្ឋ។ លោកថា ពន្ធផលិតផលថ្នាំជក់គិតជាភាគរយមានចន្លោះត្រឹម ២៥ ទៅ ៣០ភាគរយប៉ុណ្ណោះ ធៀបនឹងតម្លៃបារីលក់រាយ ដែលលោកថាចំនួននេះនៅទាបនៅឡើយ ដែលធ្វើឲ្យប្រជាពលរដ្ឋមានលទ្ធភាពក្នុងការទិញ។

ច្បាប់ស្ដីពីការត្រួតពិនិត្យថ្នាំជក់ត្រូវបានប្រកាសឲ្យប្រើកាលពីឆ្នាំ២០១៥ តាមមាត្រា២៩ រាជរដ្ឋាភិបាលត្រូវមានគោលនយោបាយដំឡើងពន្ធលើផលិតផលថ្នាំជក់គ្រប់ប្រភេទទៅតាមស្ថានភាពសមស្រប។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ