លោក ទិត សុធា ថាលោកក៏ជាជនរងគ្រោះក្នុងរឿងដាច់ភ្លើងដែរ

លោក ទិត សុធា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី(រូបពីហ្វេសប៊ុក លោក ទិត សុធា)

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា លើកឡើងថា លោកក៏ជាជនរងគ្រោះម្នាក់ក្នុងរឿងដាច់ភ្លើងនេះដែរ ហើយលោកអំពាវនាវឱ្យមានការអត់ធ្មត់។

លោក ទិត សុធា សរសេរនៅលើហ្វេសប៊ុករបស់លោកថា លោកក៏ជាជនរងគ្រោះ ប៉ុន្តែ ពេលលោកអំពាវនាវឱ្យមានការអត់ធ្មត់បែរមានការជេរប្រមាថទៅវិញ។​

លោក ទិត សុធា«​ផ្ទះខ្ញុំក៏ដាច់ភ្លើងដែរ ហើយម្សិលមិញខ្ញុំអំពាវនាវឱ្យអត់ធ្មត់ បែរជានាំគ្នាសម្រុកជេរ ប្រមាថមកលើខ្ញុំដែលជាជនរងគ្រោះម្នាក់ដែរក្នុងរឿងដាច់ភ្លើងទៅវិញ។»

ទោះយ៉ាងណា លោក ទិត សុធា បញ្ជាក់ថា លោក សុខចិត្តឱ្យជេរបន្ត បើជេរហើយមានភ្លើងប្រើប្រាស់ ប៉ុន្តែ បើនៅតែដាច់មានតែការអត់ធ្មត់។​

លោក ទិត សុធា៖ «បើការជេរប្រមាថមកលើខ្ញុំជាអ្នកកំពុងប្រឈមនឹងការលំបាកដោយសារការដាច់ភ្លើងដូចគ្នា ហើយលោកអ្នកមានភ្លើងប្រើធម្មតាឡើងវិញ សូមបន្តជេរទៀតចុះ ពីព្រោះខ្ញុំមិនមែនជាអ្នកផលិតភ្លើងអគ្គីសនីទេ។ ប៉ុន្តែ បើភ្លើងនៅតែដាច់ មានន័យថា “យើងទាំងអស់គ្នា សុទ្ធតែជួបការលំបាក” ដូចនេះ មានតែការអត់ធ្មត់ ស៊ូទ្រាំតែប៉ុណ្ណោះ!!!
ដោយការគោរពអំពីខ្ញុំបាទ!»។

នៅថ្ងៃនេះ លោក ទិត សុធា ក៏បានផ្សព្វផ្សាយអត្ថបទមួយដែលថា ជាអត្ថបទរបស់ប្រជាពលរដ្ឋរស់នៅភ្នំពេញម្នាក់ផ្ញើឱ្យលោក ដោយរៀបរាប់ពីការលំបាកនៅភ្នំពេញពេលដាច់ភ្លើង ប៉ុន្តែ នៅមានអាហារ និងទឹកប្រើប្រាស់គ្រប់គ្រាន់សំណាងជាងប្រទេសផ្សេងដែលកំពុងមានសង្គ្រាម ឬអំពើភេរវកម្ម។

លិខិតដែលលោក ទិត សុធា ផ្សព្វផ្សាយ៖ «យើងដាច់ភ្លើងមួយថ្ងៃតែប៉ុន្មានម៉ោង តែយើងមិនបានដាច់បាយ ដាច់ទឹកឡើយ។ ម្ហូបអាហារ យើងមានពោរពាសសម្រាប់បរិភោគ។ លើសពីនេះទៅទៀត ដាច់ភ្លើងនៅស្រុកយើងខុសពីដាច់ភ្លើងក្នុងបណ្តាប្រទេសមួយចំនួនដែលកើតឡើងដោយសារតែអំពើវិច្ឆេទកម្ម ភេរវកម្ម ឬដោយសារតែការទម្លាក់គ្រាប់បែកផ្តាច់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន ផ្ទះសម្បែង ឲ្យខ្ទេចខ្ទីគ្មានសល់នោះឡើយ។ ដាច់ភ្លើងរបៀបនេះ គឺដាច់ទាំងភ្លើង ដាច់ទាំងបាយ ដាច់ទាំងអាយុជីវិតមនុស្ស ខ្ទេចខ្ទីទាំងផ្ទះសម្បែងថែមទៀត។ »

ការបកស្រាយរបស់លោក ទិត សុធា ជាថ្មីនេះគឺបន្ទាប់ពីលោក សរសេរសារកាលពីថ្ងៃព្រហស្បតិ៍ អំពាវនាវឱ្យពលរដ្ឋអត់ធ្មត់រឿងខ្វះភ្លើង ហើយប្រៀបធៀបការលំបាកទៅនឹងសម័យខ្មែរក្រហម។​ សារលោក ទិត សុធា ពេលនោះរងប្រតិកម្មច្រើនពីអ្នកប្រើប្រាស់ហ្វេសប៊ុក។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ