ស្នងការនគរបាលខេត្តកណ្ដាល លោក អ៊ាវ ចំរើន បានច្រានចោលការចោទប្រកាន់លើរូបលោកថាបានប្រព្រឹត្តអំពើពុករលួយ ហើយលោកហៅការចោទប្រកាន់នេះថា មានចេតនាបង្ខូចកិត្តិយសរូបលោកតែប៉ុណ្ណោះ។
ក្នុងបណ្ដឹងមួយដែលផ្ញើជូនទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង តាំងពីថ្ងៃទី១៩ ខែមេសាកន្លងមក ក្រុមមន្ត្រីនគរបាលខេត្តកណ្ដាលបានចោទលោក អ៊ាវ ចំរើន ថាបានប្រើអំណាចផ្ដាច់ការ និងប្រព្រឹត្តអំពើពុករលួយ។
បណ្ដឹងអមទៅដោយស្នាមមេដៃ និងគ្មានឈ្មោះនោះ ក្រុមមន្ត្រីនគរបាលខេត្តកណ្ដាល បានស្នើទៅលោក ស ខេង ដកហូតតំណែងស្នងការនគរបាលខេត្តកណ្ដាលរូបនេះ។
ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោក អ៊ាវ ចំរើន បានច្រានចោលការចោទប្រកាន់នេះ ហើយចាត់ទុកបណ្ដឹងនេះថា ជាការសងសឹកទៅនឹងវិធានការរបស់លោកបង្ក្រាបទៅលើវង់ល្បែងជល់មាន់ដ៏ធំមួយនៅក្នុងស្រុកស្អាង កាលពីពាក់កណ្ដាលខែមេសាកន្លងមកនេះ។
លោក អ៊ាវ ចំរើន មានប្រសាន៍ថា៖ «គ្រាន់តែជាពាក្យសរសេរអសុរោះរបស់អ្នកចង់បង្ហោះបង្ខូចយើងក៏មិនដឹង ឬក៏ជារឿងពិតក៏មិនដឹង ធ្វើម៉េចដឹង បើមិនទាន់មានការត្រួតពិនិត្យផង ខ្ញុំបាទក៏អត់ទាន់ដឹងដែរ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ម៉ែន ប៊ុនរិទ្ធ បានបញ្ជាក់ថា គ្មានវិធានការណាមួយជាក់លាក់ត្រូវបានធ្វើឡើងនោះឡើយ ខណៈដែលលោកថា ក្រសួងមិនទាន់ទទួលបានពាក្យបណ្ដឹងនៅឡើយទេរហូតមកដល់ថ្ងៃនេះ។
អ្នកនាំពាក្យសមាគមការពាសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានជំរុញទៅក្រសួងមហាផ្ទៃ ឲ្យបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីស៊ើបអង្កេតទៅលើការចោទប្រកាន់នេះ បន្ទាប់ពីនគរបាលជាន់ខ្ពស់ ២រូបនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយជាបន្តបន្ទាប់។
លោកថា៖ «អ៊ីចឹងគួរតែបង្កើតគណៈកម្មាការស៊ើបអង្កេតឯករាជ្យមួយ ចុះទៅតាមគោលដៅ ឬតម្រូវព័ត៌មានដែលខាងមន្ត្រីទាំងអស់ហ្នឹងបានប្ដឹងទៅលើមេរបស់ខ្លួនដែលបានប្រព្រឹត្តដូចខ្លួនចោទប្រកាន់។ យ៉ាងហោចណាស់ ពួកគាត់បានអស់ចិត្តនូវអ្វីដែលពួកគាត់បានប្ដឹងនោះដែរ»។
ស្នងការរងនគរបាលខេត្តកណ្ដាល លោក ស្រេង សុខា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយប្រកាសបើកការស៊ើបអង្កេតផងដែរ ក្រោយពីមន្ត្រីនគរបាលរូបនេះ បានបង្ហោះនូវទ្រព្យសម្បត្តិដែលលោកផ្ដល់ជូនគូដណ្ដឹងអំឡុងពេលភ្ជាប់ពាក្យ។
អង្គការតម្លាភាពអន្តរជាតិ បានចាត់ចំណាត់ថ្នាក់ជាប្រទេសពុករលួយបំផុតក្នុងចំណោមប្រទេសទាំង ១០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅក្នុងឆ្នាំ២០១៨កន្លងមកនេះ៕