លោកស្រី រ៉ូណា ស្មីត៖ ខ្ញុំគួរត្រូវបានអនុញ្ញាតឲ្យចូលជួបលោក កឹម សុខា

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ក្នុងជំនួបជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ ពេជ្រ ចំរុង

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត សំដែងនូវការខកចិត្ត បន្ទាប់ពីលោកស្រីមិនត្រូវបានតុលាការអនុញ្ញាតឲ្យចូលជួបអតីតប្រធានគណប្រឆាំងលោក កឹម សុខា។

លោកស្រី រ៉ូណា ស្មីត កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចលើកទី៧ ដើម្បីតាមដាន និងឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ដែលដំណើរទស្សនកិច្ចនេះ មានរយៈពេល១១ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៩ ឧសភាខាងមុខ។

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាននៅក្រោយជំនួបជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃអង្គារនេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត បានសំដែងនូវការខកចិត្ត ដោយថា ក្នុងនាមជាមន្ដ្រីជំនាញដែលតែងតាំងដោយអង្គការសហប្រជាជាតិ លោកស្រីគួរត្រូវបានអនុញ្ញាតឲ្យជួបគ្រប់ភាគីទាំងអស់ រួមទាំងលោក កឹម សុខា ផងដែរ ខណៈមេដឹកនាំបក្សប្រឆាំងរូបនេះបានបាត់បង់សិទ្ធិសេរីភាពជាង ១៩ខែមកហើយ។

លោកស្រី រ៉ូណា ស្មីត មានប្រសាសន៍ជាភាសាអង់គ្លេសក្នុងន័យថា៖ «ខ្ញុំបានស្នើសុំម្ដងទៀតាមរយៈចៅក្រមស៊ើបសួរ ដើម្បីជួបជាមួយឯកឧត្តម កឹម សុខា ហើយជាថ្មីម្ដងទៀត សំណើនេះត្រូវបានច្រានចោល។ ខ្ញុំយល់ថា នេះគឺជារឿងគួរឲ្យសោកស្ដាយ ពីព្រោះថា ក្នុងនាមជាជំនាញឯករាជ្យដែលតែងតាំងឡើងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនោះ ខ្ញុំគួរតែមានសិទ្ធិទៅដល់កន្លែងឃុំឃាំង និងជួបជាមួយអ្នកទោស […] នៅក្នុងទស្សនៈរបស់ខ្ញុំ ខ្ញុំគួរតែត្រូវបានអនុញ្ញាតឲ្យជួបគាត់ ហើយមានការសន្ទនា និងជំនួបសម្ងាត់ជាមួយគាត់»។ 

សំណើរបស់លោកស្រី រ៉ូណា ស្មីត គឺត្រូវបានបដិសេធជាលើកទី៣ហើយពីសំណាក់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីអតីតមេបក្សប្រឆាំង លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និងផ្ទេរមកជាការជាប់ឃុំនៅក្នុងផ្ទះនារាជធានីភ្នំពេញវិញនោះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនេះផងដែរ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌ផងនោះ គឺលោក ជិន ម៉ាលីន មានប្រសាសន៍ថា ចៅក្រមស៊ើបសួរបានសម្រេចបដិសេធសំណើនេះជាថ្មី ដោយសំអាងថា សំណុំរឿងនេះ កំពុងស្ថិតនៅក្នុងនីតិស៊ើបអង្កេតនៅឡើយ ខណៈដែលការស៊ើបអង្កេតបានអូសបន្លាយពេលជាង ១៨ខែមកហើយក្ដី។

លោកបន្ដថា៖ «សំណើនេះ គាត់បានស្នើសុំទៅចៅក្រមស៊ើបសួរ អញ្ចឹងទេ ចៅក្រមស៊ើបសួរបានឆ្លើយរួចហើយថា មិនអនុញ្ញាតទេ ហើយផ្អែកទៅលើនីតិវិធីច្បាប់ គឺចៅក្រមស៊ើបសួរគាត់មានឆន្ទានុសិទ្ធិឲ្យជួប ឬមិនជួប ដោយសារករណីលោក កឹម សុខា គឺស្ថិតនៅក្នុងដំណើរការនៃការស៊ើបសួរ»។

មេធាវីម្នាក់ដែលការពារឲ្យលោក កឹម សុខា គឺលោកមេធាវី ផែង ហេង យល់ថា តុលាការគួរអនុញ្ញាតឲ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិចូលជួបជាមួយលោក កឹម សុខា​ នៅគេហដ្ឋានរបស់លោក។ លោកថា ជំនួបនេះហាក់មិនបានធ្វើឲ្យប៉ះពាល់នីតិវិធីស៊ើបអង្កេតរបស់ចៅក្រមស៊ើបសួរ ឬវិធានការត្រួតពិនិត្យរបស់ផ្លូវតុលាការនោះឡើយ។ 

លោកបន្ដថា៖ «អ្នកស្រី រ៉ូណា ស្មីត គឺជាតំណាង UN ហើយធ្វើការក្នុងក្របខណ្ឌសិទ្ធិមនុស្ស ហើយតុលាការក៏ធ្វើការក្នុងការពារសិទ្ធិមនុស្ស […] តាមពិតទៅ គឺគួរតែមិនមានអីដែលថា មិនអាចជួបឯកឧត្តម កឹម សុខា បានទេ ដោយសារគាត់គ្រាន់តែដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវការតុលាការ»។   

លោក កឹម សុខា ត្រូវតុលាការបង្គាប់ឲ្យឃុំខ្លួនអស់រយៈពេលជាង ១៩ខែមកហើយ គិតត្រឹមខែមេសានេះ ដោយ​​អតីតមេបក្សប្រឆាំងរូបនេះរងការចោទប្រកាន់ថា​ បានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ 

ប៉ុន្តែ សហរដ្ឋអាមេរិក បានហៅលោក កឹម សុខា ថា ជាមនុស្សស្អាតស្អំ និងត្រូវបានឃុំខ្លួនទាំងអយុត្តិធម៌ ហើយទាមទារឲ្យទម្លាក់បទចោទប្រកាន់ទាំងឡាយទៅលើរូបលោក។​

ក្រុមអង្គការអន្ដរជាតិដែលធ្វើការលើផ្នែកសិទ្ធិមនុស្សក៏បានចូលរួមថ្កោលទោសករណីបន្ដឃុំខ្លួនលោក កឹម សុខា នេះថា ជាការគាបសង្កត់នយោបាយ និងប៉ះពាល់ដល់គោលការណ៍នៃច្បាប់អន្ដរជាតិ ដែលធានាឲ្យមានការជម្រះក្ដីដោយឆាប់រហ័ស និងយុត្តិធម៌នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ