លោក ឯម សុវណ្ណរ៉ា៖ វៀតណាមគួរសង់ស្តូបរំឭកគុណកម្ពុជាចំពោះថ្ងៃទី៣០ ខែមេសា

លោក ឯម សុវណ្ណារា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយមួយរូបលើកឡើងថា កម្ពុជាមានគុណលើវៀតណាមដែលបានជួយឱ្យមានការបង្រួបង្រួមជាតិកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ហើយករណីនេះ វៀតណាមគួរសាងសង់ស្តូបរំឭកគុណកម្ពុជាដាក់នៅតាមរាជធានីខេត្ត។​

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា កម្ពុជាបានជ្រោមជ្រែងវៀតណាម​ខាងជើងដោយការផ្តល់ទឹកដី និង មធ្យោបាយផ្សេងទៀត ដើម្បីវាយវៀតណាមខាងត្បូងដើម្បីបង្រួបបង្រួមជាតិ។​

លោក ឯម សុវណ្ណរ៉ា៖ «បើយើងគិតពីគុណស្រ័យដូចកម្ពុជាសង់ស្តូបដឹងគុណមិត្តកម្ពុជាវៀតណាម​ គឺវៀតណាមគួរតែស្តង់ស្តូបដឹងគុណវៀតណាមកម្ពុជាវិញដែរនៅលើទឹកដីវៀតណាម។​ ប៉ុន្តែលំបាក យើងដើរច្រើនទៅវៀតណាមខាងជើង វៀតណាមកណ្តាល វៀតណាមខាងត្បូង អត់មានឃើញសង់ស្តូបដឹងគុណវៀតណាមកម្ពុជាហ្នឹងទេ។​»

វៀតណាមបានទទួលឯករាជ្យពីបារាំងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥។ ក្រោយការទទួលបានឯករាជ្យ១០ឆ្នាំ គឺនៅឆ្នាំ១៩៥៥ វៀតណាមបែងចែកជាពីរ គឺវៀតណាមខាងជើងនៅក្រោមប្លុកកុម្មុយនីស្តដែលមានសហភាពសូវៀតដឹកនាំ និងវៀតណាមខាងត្បូងស្ថិតក្រោមប្លុកសេរីមានអាមេរិកដឹកនាំនៅក្នុងឥទ្ធិពលនៃសង្គ្រាមត្រជាក់។ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ វៀតណាមខាងជើងវាយឈ្នះ ហើយគ្រប់គ្រងវៀតណាមទាំងមូល។

នៅក្នុងសង្គ្រាមវៀតណាមបានធ្វើឲ្យប្រជាជន និងយោធាវៀតណាមប្រមាណ៣លាននាក់បានស្លាប់ ចំណែកយោធាអាមេរិកវិញស្លាប់អស់ប្រមាណ៦ម៉ឺននាក់។

តើកម្ពុជាបានដើរតួនាទីអ្វីខ្លះក្នុងការជួយឲ្យវៀតណាមមានឯកភាពជាតិ?

អ្នកប្រវត្តិសាស្ត្រនានាបានលើកឡើងថា ចំណុចដែលកម្ពុជាជួយឲ្យវៀតណាមអាចរួបរួមគ្នាបាននោះ គឺ សម្តេចសីហនុ បានអនុញ្ញាតឲ្យវៀតណាមខាងជើងយកដីខ្មែរខ្លះនៅភាគខាងកើតដើម្បីដឹកជញ្ជូនស្បៀង និងសព្វាវុធវាយប្រហារវៀតណាមខាងត្បូងដែលមានការជួយជ្រោមជ្រែងពីអាមេរិក។

សាស្ត្រាចារ្យប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក វង់ សុធារ៉ា ធ្លាប់មានសាសន៍ថាដើម្បីវាយយកវៀតណាមខាងត្បូងពីការគ្រប់គ្រងដោយអាមេរិក មេដឹកនាំវៀតណាមខាងជើងមានទំនាក់ទំនងល្អជាមួយកម្ពុជា ហើយបានប្រើប្រាស់ដីខ្លះនៅភាគខាងកើតរបស់កម្ពុជា។

លោកបន្តថា៖ «វៀតណាមបានបង្កើតផ្លូវលំនៅខេត្តរតនៈគិរី មណ្ឌលគិរី ហើយធ្វើសកម្មភាពនៅភាគខាងកើតនៃដងទន្លេមេគង្គ ឬក៏សឹងទារកងព័ទរំដោះវៀតណាមខាងត្បូងនៅចន្លោះឆ្នាំ១៩៦៤ ដល់១៩៧៥»។

ផលវិបាកបន្ទាប់ពីកម្ពុជាបើកផ្លូវលំហូជីមិញឲ្យវៀតណាមខាងជើងជញ្ជូនស្បៀង និងសព្វាវុធទៅវាយប្រហារវៀតណាមខាងត្បូងនោះ អាមេរិកដែលគ្រប់គ្រងវៀតណាមខាងត្បូងបានទម្លាក់គ្រាប់លើទឹកដីកម្ពុជាដើម្បីទប់ស្កាត់វៀតណាមខាងជើង។ ទីបំផុតវៀតណាមខាងជើងវាយយកបានវៀតណាមខាងត្បូង ហើយប្រកាសទៅជាវៀតណាមតែមួយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។

ផ្លូវលំហូជីមិញ គឺផ្លូវយុទ្ធសាស្ត្រមួយនាំឲ្យវៀតណាមខាងជើងអាចវាយឈ្នះអាមេរិក ហើយអាចគ្រប់គ្រងវៀតណាមខាងត្បូងវិញ។ វៀតណាមខាងត្បូង និងខាងជើងនៅឆ្ងាយពីគ្នា ហើយបើមិនមានផ្លូវលំហូជីមិញជាផ្លូវកាត់នោះ វៀតណាមខាងជើងមិនអាចទទួលបានជ័យជម្នះទេ ហើយប្រទេសវៀតណាមអាចនៅចែកជាពីរដូចកូរ៉េបច្ចុប្បន្ននេះ។

អ្នកវិទ្យាសាស្ត្រនយោបាយនានាក៏បានលើកឡើងថា មូលហេតុនៃការទម្លាក់គ្រាប់របស់អាមេរិកធ្វើឲ្យអ្នកនយោបាយនៅក្នុងសង្គមខ្មែរប្រេះឆាកាន់តែខ្លាំងរហូតដល់កើតមានរដ្ឋប្រហារនៅឆ្នាំ១៩៧០ និងរដ្ឋប្រហារឆ្នាំ១៩៧៥ បានទាញកម្ពុជាធ្លាក់ចុះនៅភ្នក់សង្គ្រាមបន្តបន្ទាប់។

ទោះយ៉ាងណា ពេលរំលឹកខួប៤៤ឆ្នាំនៃការរួបរួមវៀតណាមនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ក៏ដូចជាពិធីក្នុងពេលកន្លងមក មេដឹកនាំវៀតណាមមិនដែលថ្លែងអរគុណកម្ពុជានោះទេ។

ដោយឡែកថ្នាក់ដឹកនាំកម្ពុជាពេលធ្វើពិធីរំលឹកខួបនៃការដួលរលំរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា តែងរំលឹកខួបនៃការជួយជ្រោមជ្រែងពីវៀតណាម។

លោក វង់ សុធារ៉ា បញ្ជាក់ថា ក្នុងប្រវត្តិកម្ពុជានិងវៀតណាមធ្លាប់ជួយគ្នាតាំងពីសតវត្សរ៍ទី១៧៖ «ការជួយគ្នាទៅវិញទៅមករបស់វៀតណាម និងកម្ពុជាចាប់តាំងពីដើមសតវត្សរ៍ទី១៧មកម៉្លេះ គ្រាន់តែខ្មែរមិនដែលចេះទារសារគុណពីវៀតណាមម្តងណាសោះ មានតែវៀតណាមទេដែលមិនភ្លេចក្នុងការទាមទារសារគុណពីខ្មែរ»។

សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ លោក សាមិន ចម្រើនជ័យ ធ្លាប់លើកឡើងថា មូលហេតុដែលវៀតណាមមិនដែលថ្លែងពីគុណសម្បត្តិរបស់កម្ពុជានោះ ព្រោះមេដឹកនាំវៀតណាមតែងគិតថាកម្ពុជាស្ថិតនៅក្នុងឥណ្ឌូចិនដែលខ្លួនគ្រប់គ្រង៖

«វៀតណាម គាត់មិនដែលចាត់ទុកកម្ពុជាជាប្រទេសស្មើខ្លួន ឬខ្ពស់ជាងខ្លួននោះទេ គឺវៀតណាមតែងតែប្រកាន់ថា ខ្លួនជាមេគេនៅក្នុងតំបន់ឥណ្ឌូចិន»។

ឯកសារប្រវត្តិសាស្ត្រនានាបង្ហាញថា ផ្លូវលំហូជីមិញដែលបង្កើតឡើងនៅអំឡុងឆ្នាំ១៩៥៩-៦០ ចេញពីវៀតណាមខាងជើងកាត់ឡាវ និងកម្ពុជាឆ្ពោះទៅវៀតណាមខាងត្បូង ហើយបានដំណើរការដឹកជញ្ជូនគ្រាប់នៅឆ្នាំ១៩៦៤-៦៥ នោះជាហេតុនាំឲ្យអាមេរិកទម្លាក់គ្រាប់លើទឹកដីខ្មែរប្រមាណ២លាន ៧សែនតោន បណ្តាលឲ្យពលរដ្ឋខ្មែរស្លាប់ប្រមាណ១សែន ទៅ៥សែននាក់៕

អត្ថបទទាក់ទង

https://www.vodkhmer.news/2016/04/29/5157/%E1%9E%A0%E1%9F%81%E1%9E%8F%E1%9E%BB%E1%9E%A2%E1%9F%92%E1%9E%9C%E1%9E%B8%E1%9E%9C%E1%9F%80%E1%9E%8F%E1%9E%8E%E1%9E%B6%E1%9E%98%E1%9E%98%E1%9E%B7%E1%9E%93%E1%9E%A2%E1%9E%9A%E1%9E%82%E1%9E%BB%E1%9E%8E/
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ