វិភាគ៖ មេរៀនពីការប្រជែងឥទ្ធិពលរបស់មហាអំណាចនៅកម្ពុជា

លោក ហ៊ុន សែន លោក ស៊ី ជីនពីង និងលោក ត្រាំ

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជំពូក៤ អំពីរបបនយោបាយ មាត្រា​ ៥៣​ ចែងថា ​​ប្រទេសកម្ពុជា​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​នយោបាយ​អព្យាក្រឹត្យ អចិន្ត្រៃយ៍​ និង​មិន​ចូល​បក្ស​សម្ព័ន្ធឡើយ។ លើសពីនេះ ត្រូវ​រួមរស់​ដោយ​សន្តិ​សហ​វិជ្ជមាន​ជា​មួយ​ប្រទេស​ជិត​ខាង​ និង​ប្រទេស​ដទៃ​ទៀត​ទាំងអស់​នៅ​លើ​សកលលោក។

​មាត្រានេះថា ​កម្ពុជា​ មិន​ឈ្លាន​ពាន​ប្រទេស​ណា​ដាច់​ខាត​ មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​ដទៃ​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល​ ទោះ​បី​ក្រោម​រូបភាព​ណា​ក៏​ដោយ​ ដោះស្រាយ​រាល់​បញ្ហា​ដោយ​សន្តិវិធី​ និង​គោរព​ផលប្រយោជន៍​ផង​គ្នា​ទៅ​វិញ​ទៅមក។

មាត្រាដដែលបន្តថា ​​កម្ពុជា​មិន​ចង​សម្ព័ន្ធ​យោធា​ ឬ​ចូល​ក្នុង​កិច្ច​ព្រមព្រៀង​យោធា​ណា​មួយ​ដែល​មិន​ស្រប​នឹង​អព្យាក្រឹត្យភាព​របស់​ខ្លួន​ឡើយ ព្រមទាំងមិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន​ ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​បរទេស​ដែរ​ លើកលែង​តែ​ក្នុង​ក្របខ័ណ្ឌ​នៃ​​អង្គការ​សហប្រជាជាតិ ជាដើម។

ការចែងអំពីរបបនយោបាយបែបនេះ ត្រូវបានអ្នកវិភាគមើលឃើញថា ដោយសារតែប្រទេសកម្ពុជាធ្លាប់ចាកឆ្ងាយពីគន្លងអព្យាក្រឹត្យភាពខ្លួន ដែលបានរុញច្រានប្រទេសមួយនេះធ្លាក់ទៅក្នុងវិបត្តិនៃសង្គមជាតិទាំងសង្គ្រាមមហាអំណាច សង្គ្រាមតំបន់ និងសង្គ្រាមស៊ីវិល។

អ្នកវិភាគនយោបាយចាស់វស្សា លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា បច្ចុប្បន្ននេះ កម្ពុជាចាប់ផ្តើមងាកចេញពីនយោបាយអព្យាក្រឹត្យដូចគ្នាទៅនឹងមុនសម័យសង្គ្រាមទសវត្សឆ្នាំ១៩៧០ ដោយមានទំនោរទៅរកចិនកាន់តែខ្លាំង ហើយចាកឆ្ងាយពីខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទៀតផង។

លោកបន្តថា កម្ពុជាមិនត្រឹមតែទោរទន់ខ្លាំងទៅរកចិនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបង្ហាញភាពមិនចុះសម្រុងខ្លាំងជាមួយប្រទេសលោកសេរីទៀតផង។

លោកមានប្រសាសន៍ថា៖ «យើងក៏បានធ្លាក់ចូលជម្លោះរវាងអំណាច ហើយបច្ចុប្បន្ននេះ ហើយយើងដឹងទាំងអស់គ្នា គឺ ជម្លោះរវាងអាមេរិក និងចិន ហើយជម្លោះនេះ គេមកធ្វើនៅក្នុងប្រទេសយើងទៅទៀត លើក្បាលយើងទៅទៀត។ ដូចដែលមានសេចក្តីថ្លែងការណ៍ប្រទាំងប្រទិសគ្នា ថ្មីៗនេះ រវាងស្ថានទូតអាមេរិកាំង និងស្ថានទូតចិន នៅក្នុងប្រទេសកម្ពុជាយើង។ មិនមែនជាការល្អទេសម្រាប់ខ្មែរយើង»។

អ្នកវិភាគនយោបាយមួយរូបទៀត លោក ឯម សុវណ្ណរ៉ា មើលឃើញថា ក្នុងន័យច្បាប់ និងក្នុងទ្រឹស្តីនយោបាយកម្ពុជានៅតែប្រកាន់គោលការណ៍អព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធមែន តែសម្រាប់ចរិតនយោបាយជាក់ស្តែងវិញ កម្ពុជាបង្ហាញកាន់តែច្បាស់អំពីភាពលម្អៀងទៅរកចិនកុម្មុយនីស្ត។

លោកបន្តថា ប្រសិនបើកម្ពុជានៅតែបន្តដើរផ្លូវលម្អៀងបែបនេះទៀត កម្ពុជានឹងត្រូវប្រឈម​ហានិភ័យច្រើន ត្បិតប្រទេសមហាអំណាចលោកសេរីនឹងអាច​ចាប់បង្ខំឱ្យកម្ពុជាដើរលើផ្លូវកណ្តាលឡើងវិញ តាមរយៈយន្តការ ឬសម្ពាធផ្សេងៗរបស់ពួកគេ។

លោកមានប្រសាសន៍ថា៖ «ផ្លូវដើរលើសង្គមប្រជាធិបតេយ្យទៅ យើងអាចរឹងមាំហើយៗ បើយើងប្រាសចាកទៅកុម្មុយនីស្តអីហ្នឹង យើងបរាជ័យកន្លងមកហើយ។ ហើយអត់មានអីទៀតទេនៅលើសកលលោកហ្នឹង គេបោះបង់ចោលហើយ ដូចនៅប្រទេសកុម្មុយនីស្តវៀតណាមគេនៅប្រកាន់និន្នាការនយោបាយ ប៉ុន្តែ របបទីផ្សារសេរី គេមកអស់ហើយ»។

នៅ​សម័យសង្គមរាស្ត្រនិយមដែលដឹកនាំដោយអតីតព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្តម សីហនុ កម្ពុជាសម្រេចចូលរួមសន្និសីទមិនចូលបក្សសម្ព័ន្ធនៅទីក្រុងបានឌុង ប្រទេសឥណ្ឌូនេស៊ី ក្នុងខែ មេសា ឆ្នាំ១៩៥៥។ សិន្និសីទមិនចូលបក្សសម្ព័ន្ធពេលនោះ បែរជាមានប្រទេសកុម្មុយនីស្តមួយចំនួនចូលរួម ដូចជា ប្រទេសចិន ប្រទេសកូរ៉េខាងជើង និងប្រទេសវៀតណាមខាងជើង ជាដើម។

ពេលនោះហើយ ដែលប្រមុខដឹកនាំខ្មែរបានផ្តើមទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយមេដឹកនាំកុម្មុយនីស្តចិន គឺ​នាយករដ្ឋមន្ត្រី​ ជូ-អេនឡាយ​ ហើយមួយឆ្នាំក្រោយមក លោក ជូ អេនឡាយ ក៏បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ 

បន្តិចម្តងៗ មេដឹកនាំកម្ពុជា ត្រូវបានគេមើលឃើញកាន់តែច្បាស់អំពីជំហរផ្អៀងទៅរកចិនកាន់តែខ្លាំង ហើយក៏ចាប់ផ្តើមធ្វើទុក្ខបុកម្នេញក្រុមដែលមាននិន្នាការទៅប្រទេសប្លុកលោកសេរី និងចុងក្រោយឈានទៅផ្តាច់ទំនាក់ទំនងការទូត និងសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិកនៅដើមទស្សវត្សរ៍ឆ្នាំ១៩៦០ទៀតផង។

ចុងក្រោយ សម័យសង្គមរាស្ត្រនិយមក៏ឈានដល់វិបត្តិសង្គមធ្ងន់ធ្ងរ ហើយក៏ត្រូវបានបញ្ចប់ត្រឹមរដ្ឋប្រហារ១៨ មីនា ១៩៧០ ដោយក្រុមសេនាប្រមុខ លន់ នល់ ដែលមានការគាំទ្រពេញទំហឹងដោយសហរដ្ឋអាមេរិក។

របប លន់ នល់ រស់បានប្រហែល៥ឆ្នាំ ក៏ដួលរលំនៅឆ្នាំ១៩៧៥ ដោយជំនួសមកវិញនូវរបបខ្មែរក្រហម ដែលគាំទ្រផ្តាច់មុខដោយចិន ហើយធ្វើឱ្យមានការសម្លាប់រង្គាលនាសម័យនោះផងដែរ។

របបខ្មែរក្រហម ដែលគាំទ្រដោយចិនអាចរស់បានជិត៤ឆ្នាំ ក៏​ដួលរលំនៅឆ្នាំ១៩៧៩​ ដោយជំនួសមកវិញនូវរបបថ្មីដែលមានការគាំទ្រពីប្រទេសកុម្មុយនីស្តវៀតណាម និងរុស្ស៊ី ហើយក៏មានវិបត្តិសេដ្ឋកិច្ច និងសង្គមធ្ងន់ធ្ងរនាសម័យមួយនេះផងដែរ។

កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានអះអាងថា មូលហេតុដែលលោកងាកទៅរកចិន ដោយថា ចិនជាប្រទេសមួយមានភាពងាយស្រួលជាមួយកម្ពុជា ហើយមិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងដូចប្រទេសខ្លះ។

បន្ថែមពីនេះ នៅដើមឆ្នាំ២០១៩នេះ លោក ហ៊ុន សែន បានព្រមានកម្ទេចក្រុមប្រឆាំងម្តងជាពីរដង ដោយថា មិនឱ្យពួកគេមានជីវិតឡើយ ប្រសិនបើអន្តរជាតិលោកសេរីដាក់ទណ្ឌកម្មសេដ្ឋកិច្ចណាមួយមកលើកម្ពុជា។ លោក ហ៊ុន សែន ​បានព្រមានទៀតថា សហគមន៍អន្តរជាតិក៏គ្មានសិទ្ធិនិយាយអំពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាទៀតដែរ។

កាលពីថ្ងៃទី២១ ខែមេសា ក្នុងពិធីមួយនៅខេត្តបាត់ដំបង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងថា ក្នុងស្ថានភាពបច្ចុប្បន្ន កម្ពុជាមិនអាចដឹកនាំក្រោមរបបបក្សតែមួយបានទេ ហើយក៏មិនអាចដើរខុសពីគន្លងលទ្ធិប្រជាធិបតេយ្យបានដែរ។

លោកថា ​បច្ចុប្បន្ន កម្ពុជាមិនមានបំណងចាប់យកតែប្រទេសចិនកុម្មុយនីស្តមួយនោះឡើយ ប៉ុន្តែកម្ពុជាបាន​​ចាប់​យកទំនាក់ទំនងការបរទេសជាមួយប្រទេសគ្រប់និន្នាការ ​ស្របតាមរដ្ឋធម្មនុញ្ញ។

លោកមានប្រសាសន៍ថា៖ «តែយើងមិនមានបំណងអ៊ីចឹងទេ ការពិតទៅគឺត្រូវតែទាក់ទងទាំងអស់តាមរដ្ឋធម្មនុញ្ញដែលបានចែង។ ហើយសព្វថ្ងៃ ក៏យើងទាក់ទងទាំងអស់ ចិនក៏ទាក់ទង អាមេរិកក៏ទាក់ទង អឺរ៉ុបក៏ទាក់ទង។ យើងកំពុងតែធ្វើសព្វថ្ងៃអីតើ»។

អ្នក​ជំនាញ​គោល​នយោបាយ​ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​ពិភពលោក​នៃ​មហា​វិទ្យាល័យ Occidental សហ​រដ្ឋ​អាមេរិក លោក អៀ សុផល មើលឃើញថា បច្ចុប្បន្នកម្ពុជាកំពុងដើរជាន់ដានប្រវត្តិសាស្ត្រពីអតីតកាល។

លោកបញ្ជាក់ថា៖ «​អ្នកដែលមិនព្រមរៀនពីប្រវត្តិសាស្ត្រ ពួកគេនឹងដើរជាន់ដានប្រវត្តិសាស្ត្រជាថ្មីទៀត»។

យ៉ាងណា ក្រុមអ្នកវិភាគ និងអ្នកតាមដានគោលនយោបាយជាតិ-អន្តរជាតិ បង្ហាញថា ក្នុងស្ថានភាពប្រជែងឥទ្ធិពលពីប្រទេសមហាអំណាចបច្ចុប្បន្ន កម្ពុជាត្រូវរៀនសូត្រពីប្រវត្តិសាស្ត្រអតីតកាលឱ្យបានច្បាស់ និងមានភាព​វៃឆ្លាតដោយខ្លួនឯង។

លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា ក្នុងស្ថានភាពជម្លោះប្រទេសអំណាចពេលនេះ កម្ពុជាអាចដោះស្រាយបានតាមរយៈវិលទៅរកនយោបាយអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ អចិន្ត្រៃយ៍ និងស្នើឱ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសគោរពនូវកិច្ចសន្យារបស់ខ្លួន។

លោកបន្ថែមថា៖ «គឺជាធានាជាអន្តរជាតិនូវអធិបតេយ្យភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាព និងភាពមិនអាចរំលោភពបាននៃដែនដី អព្យាក្រឹត្យភាព និងឯកភាពជាតិកម្ពុជា»។

ដោយឡែក លោក ឯ​ម សុវណ្ណារ៉ា ផ្តល់អនុសាសន៍ថា កម្ពុជាក្រៅពីទាញយកខ្លឹមសារ និងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញមកអនុវត្តឱ្យបានត្រឹមត្រូវ ដោយចាប់យកមហាអំណាចទាំងអស់ ដើម្បីទាញយកប្រយោជន៍មកអភិវឌ្ឍប្រទេសប្រកបដោយភាពល្អប្រសើរហើយនោះ កម្ពុជាខ្លួនឯងក៏ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំផងដែរ។

ចំណែកលោក អៀ សុផល វិញ ផ្តល់គំនិតថា ដើម្បីសុភមង្គមលពលរដ្ឋទាំងអស់គ្នា ពិសេសដើម្បីប្រយោជន៍ជាតិ រដ្ឋាភិបាលលោក ហ៊ុន សែន គប្បីស្តារ​នូវលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ ដោយថា ដើម្បីជៀសផុសពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបដែលនាំកម្ពុជាទៅរកវិបត្តិសង្គមធ្ងន់ធ្ងរ។  ​

សាស្ត្រាចារ្យដដែល ក៏ព្រមានថា ប្រសិនបើរដ្ឋាភិបាលនៅតែដើរលើផ្លូវបោះពួយទៅរកចិន ហើយទាត់ចោលលោកសេរី ប្រវត្តិសាស្ត្រអាក្រក់នាទសវត្សឆ្នាំ១៩៧០ នឹងកើតឡើងនៅកម្ពុជាម្តងទៀត៕

​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ