សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនម្នាក់ សង្ស័យប៉ុនប៉ងបំផ្ទុះគ្រាប់បែក

ជនសង្ស័យ និងគ្រាប់បែកកែច្នៃ ក្រោយពីសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីសង្ស័យប៉ុនប៉ងបំផ្ទុះគ្រាប់បែក នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ។ រូបភាព៖ ហ្វេសប៊ុក លោក ស ថេត

សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនម្នាក់ បន្ទាប់ពីរកឃើញគ្រាប់បែកកែច្នៃជាច្រើនគ្រាប់នៅក្នុងកាបូបដែលបុរសនេះស្ពាយដើរនៅទីសាធារណៈនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលសង្ស័យថា ប៉ុនប៉ងបំផ្ទុះនៅផ្ទះមិត្តភក្តិរបស់ខ្លួន។

អភិបាលរងខណ្ឌពោធិ៍សែនជ័យ លោក ឃឹម ស៊ុនសូដា ប្រាប់ VOD ថា នៅព្រឹកថ្ងៃពុធនេះ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនជាតិម្នាក់ និងគ្រាប់បែកកែច្នៃមួយចំនួន ស្ថិតនៅចំណុចក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។  លោកអះអាងថា បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរលើជនសង្ស័យនេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់របស់កម្ពុជា។

លោកបន្ដថា៖ «ចាប់បានហើយ គេយកមកអធិការខណ្ឌហើយ គ្រាប់បែកដូចរំសេវអញ្ចឹង គេដាក់ជាមួយនាឡិកា វាកែច្នៃ សង្ស័យដើម្បីចាប់ជំរិតគ្នាវា ប៉ុន្ដែ ខ្ញុំក៏អត់ទាន់ច្បាស់ដែរ»។ 

ប៉ុន្តែ ករណីនេះ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បញ្ជាក់លើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា គ្រាប់បែកកែច្នៃទាំងនោះមិនមែនជាគ្រាប់បែកពិតប្រាកដនោះទេ។

លោកសរសេរថា៖ « សូមសាធារណជនជ្រាប ក្រោយស៊ីម៉ាក់ពិនិត្យយ៉ាងយកចិត្តទុកដាក់ លើករណីជនជាតិចិនដែលគេសង្ស័យយកគ្រាប់បែកកែច្នៃទៅដាក់ផ្ទះមិត្តភក្តិនោះ មិនមែនជាគ្រាប់បែកឡើយ ដោយសារពិនិត្យមើលនៅក្នុងបំពង់ទាំងអស់នោះ ឃើញសុទ្ធតែខ្សាច់ មិនមានរំសេវ !!! »

របាយការណ៍របស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ២០១៨បង្ហាញថា ជនជាតិចិននៅកម្ពុជាមានចំនួន ២១ម៉ឺននាក់  ក្នុងនោះ ជនជាតិចិនកំពុងរស់នៅខេត្តព្រះសីហនុមានច្រើនជាងគេរហូតដល់ទៅ​ ៧ម៉ឺន៨ពាន់នាក់ (៧៨ ០០០នាក់)។

ដោយឡែករបាយការណ៍របស់​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ក៏បង្ហាញផងដែរថា គិតត្រឹម​ខែតុលាឆ្នាំ២០១៨ ជនជាតិចិនដែលប្រព្រឹត្តខុសច្បាប់នៅកម្ពុជាមានចំនួន ៣៧៣នាក់ ក្នុងនោះស្រីមាន៦៦នាក់ ភាគច្រើនប្រព្រឹត្តបទល្មើស២​ប្រភេទ គឺបទល្មើសគំរាមជំរិត និង​ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។​

ក្នុងពិធីជួបជាមួយពលរដ្ឋខ្មែរនៅក្នុងប្រទេសស្វីស កាលពីថ្ងៃទី២៤ខែតុលា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ​បានអំពាវនាវកុំឲ្យពលរដ្ឋព្រួយបារម្ភពីចំនួនជនជាតិចិននេះ។ លោក ហ៊ុន សែន អះអាងថា ចិនកំពុងតែបោះលុយវិនិយោគមកជួយសេដ្ឋកិច្ចរបស់កម្ពុជា ហើយថា ពលរដ្ឋចិននឹងត្រឡប់ទៅប្រទេសពួកគេវិញ ក្រោយពេលចប់ការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ