ពលរដ្ឋមួយក្រុមចោទអាជ្ញាធរខេត្តក្រចេះថា បានឈូសឆាយដំណាំ និង​យក​ដី​ធ្លី​ពួកគេ​ចែក​ជូន​ឲ្យ​ពលរដ្ឋ​ផ្សេង​

តំណាងពលរដ្ឋប្រមាណ៤០នាក់ មកពីភូមិជើងឃ្លេរ ស្រុកស្នួល ខេត្តក្រចេះ បានប្រមូលផ្តុំគ្នាមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសុំអន្តរាគមន៍ពីស្ថាប័ននេះ ជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ ឃុត សុគន្ធ

ប្រជាពលរដ្ឋមានជម្លោះដីធ្លីមួយក្រុមរស់នៅឃុំ២ធ្នូ ស្រុកស្នួល ចោទអាជ្ញាធរខេត្តក្រចេះថា បានដាក់គ្រឿងឈូសឆាយដំណាំ និងយកដីធ្លីពួកគេចែកទៅឲ្យពលរដ្ឋមួយក្រុមផ្សេងទៀត។

តំណាងពលរដ្ឋប្រមាណ៤០នាក់ មកពីភូមិជើងឃ្លេរ បានប្រមូលផ្តុំគ្នាមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃនេះ ដើម្បីសុំអន្តរាគមន៍ពីស្ថាប័ននេះ ជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេ។

ពលរដ្ឋម្នាក់ លោក យ៉េន សុខាល័យ ប្រាប់ វី.អូ.ឌី នៅមុខក្រសួងនៅថ្ងៃនេះថា អាជ្ញាធរខេត្តក្រចេះដឹកនាំដោយអភិបាលរងខេត្ត លោក ខាន់ ចំណាន បានដាក់កម្លាំងសមត្ថកិច្ច និងគ្រឿងចក្រចុះឈូសឆាយផលដំណាំរបស់អ្នកភូមិជាច្រើនហិកតា និងដុតផ្ទះពលរដ្ឋអស់ចំនួន១១ខ្នងផងដែរ ដើម្បីយកដីចែកទៅឲ្យពលរដ្ឋមួយក្រុមថ្មីទៀតដែលទទួលបានដីសង្គមកិច្ចពីរដ្ឋ។

លោកបន្ថែមថា៖ «ពួកខ្ញុំបានចូលរស់នៅតាំងពីឆ្នាំ២០០០ មិនដែលអាជ្ញាធរណាទៅឃាត់ឃាំងទេ រស់នៅដោយសុខសន្តិភាព មានដំណាំស្វាយចន្ទី ម្រេច កៅស៊ូ និងដំឡូងមី ក្នុងផ្ទៃដីចំនួន ៧៤៤ហិកតាហ្នឹង។ ហើយដីនេះ នៅឆ្នាំ២០១៦ ក្រុមអាជ្ញាធរហ្នឹងបានចុះទៅធ្វើការវាស់វែងហើយ ប័ណ្ណបញ្ជាក់ការកាន់កាប់ថា មានប៉ុន្មានគ្រួសារនៅទីនោះ និងការកាន់កាប់ដីប៉ុន្មាហិកតា»

លោក យ៉េន សុខាល័យ ឲ្យដឹងថា ពលរដ្ឋដែលចូលទៅកាន់កាប់ដីកំពុងមានជម្លោះនោះ ៧០ភាគរយជាគ្រួសារកងទ័ព និង៣០ភាគរយជាពលរដ្ឋធម្មតា ហើយថា តំបន់ដីដែលពួកគាត់កាន់កាប់នោះដែរ គឺនៅជាប់ព្រំដែនកម្ពុជា-វៀតណាម។

ពលរដ្ឋម្នាក់ទៀត លោក អ៊ុន បណ្តូល និយាយថា ពួកគាត់ទើបតែមានជម្លោះដីធ្លីនៅចុងឆ្នាំ២០១៨នេះទេ ខណៈអាជ្ញាធរខេត្តក្រចេះសម្រុកដោះស្រាយដីធ្លីឲ្យពលរដ្ឋមួយក្រុមផ្សេងទៀតដែលបាត់បង់ដីធ្លីក្រោយមានជម្លោះជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមុត កាលពីដើមឆ្នាំ២០១៨។

លោក អ៊ុន បណ្តូល បន្តថា ខណៈអាជ្ញាធរកំពុងចុះឈូសឆាយផលដំណាំ និងផ្ទះពលរដ្ឋនេះ គឺអ្នកភូមិមិនអាចចូលទៅរារាំង ឬហាមឃាត់បានឡើយ ដោយអាជ្ញាធរទាំងនោះ បានគំរាមកំហែងចាប់ពលរដ្ឋដាក់ពន្ធនាគារ ហើយថា ថ្មីៗនេះអាជ្ញាធរបានចាប់ពលរដ្ឋម្នាក់ហើយដោយសារចេញមុខរារាំងមិនឲ្យមានការឈូសឆាយដំណាំរបស់ខ្លួន។

លោកបន្ថែមថា៖ «ខ្ញុំសុំឲ្យក្រសួងរៀបចំដែនដីចុះអន្តរាគមន៍ កុំឲ្យអាជ្ញាធរថ្នាក់ខេត្តចុះកាប់ដំណាំ ដុតផ្ទះពួកខ្ញុំទៀត ព្រោះឥលូវនេះ ពួកខ្ញុំទៅកន្លែងចម្ការលែងបានទៀតហើយ បើទៅមានតែប៉េអឹម និងលោកអភិបាលរងខេត្ត លោក ខាន់ ចំណាន គំរាមកំហែងចាប់តែម្តង បើសិនពួកយើងហ៊ានទៅរាំងកុំឲ្យគាត់ឈូសឆាយដំណាំ និងដុះផ្ទះ គឺគាត់ចាប់តែម្តង»

ការប្រមូលផ្តុំរបស់អ្នកភូមិនៅមុខក្រសួងរៀបចំដែនដីនៅថ្ងៃនេះ គឺពុំមានមន្រ្តីក្រសួងណាមកជួបពលរដ្ឋនោះទេ ខណៈថ្ងៃនេះជាថ្ងៃឈប់សម្រាក។

អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តក្រចេះ លោក យ៉ិន បុទុម មានប្រសាសន៍ថា លោកមិនបានដឹងរឿងនេះទេ ដោយបង្វែរទៅសួរអភិបាលរងខេត្តក្រចេះ លោក ខាន់ ចំណាន ដែលដឹកនាំកម្លាំងធ្វើការងារនោះ ប៉ុន្តែ វី.អូ.ឌី មិនទាន់អាចសុំការឆ្លើយតប់ពីលោក ខាន់ ចំណាន រហូតពេលនេះ។

អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា យន្តការដោះស្រាយដីធ្លីរបស់អាជ្ញាធរខេត្តក្រចេះកំពុងធ្វើនេះ គឺមិនមែនដំណោះស្រាយល្អឡើយ ដោយលោកស្នើទៅអាជ្ញាធរត្រូវពិចារណា និងស្រាវជ្រាវឡើយវិញ មិនគួរយកដីពលរដ្ឋម្ខាងដែលមានផលដំណាំ និងកាន់កាប់យូរឆ្នាំហើយទៅចែកឲ្យពលរដ្ឋម្ខាងទៀតឡើយ។

លោកបន្ថែមថា៖ «មិនអាចយកដីដែលពួកគាត់កំពុងបង្កបង្កើនផលទៅឲ្យប្រជាពលរដ្ឋមួយក្រុមទៀត ថាជាដំណោះស្រាយសម្រាប់អ្នកថ្មី ដែលអ្នកចាស់គាត់បែរជាបាត់បង់ដីទៅវិញ អាហ្នឹងមិនមែនមធ្យោបាយដោះស្រាយមួយដ៏ល្អទេ គួរតែពិចារណាឡើងវិញ ដោះស្រាយឡើងវិញ ហើយស្រាវជ្រាវករណីនេះឲ្យបានច្បាស់ ឲ្យពួកគាត់ដែលរស់នៅហ្នឹងគួរតែបានដីដើម្បីបន្តបង្កបង្កើនផលសម្រាប់ជីវភាព ជាជាងដកហូតដីពីម្ខាងទៅឲ្យម្ខាង ហើយម្ខាងទៀតគ្មានអ្វីសម្រាប់បង្កបង្កើនផល ពីព្រោះពលរដ្ឋទាំងអស់ហ្នឹងក៏ជាពលរដ្ឋស្ថិតក្រោមការដឹកនាំរបស់រដ្ឋាភិបាលដូចគ្នា»

កាលពីថ្ងៃទី១០ ខែមេសា ប្រជាពលរដ្ឋមានជម្លោះដីមួយក្រុមរស់នៅឃុំ២ធ្នូ ស្រុកស្នួល បានប្តេជ្ញាចិត្តមិនទទួលយកដីដែលអាជ្ញាធរចែកឱ្យ ហើយជាន់លើដីពលរដ្ឋផ្សេងដែលបានរស់នៅ និងមានដាំដំណាំយូរឆ្នាំនោះឡើយ។

បើតាមញត្តិរបស់ពលរដ្ឋដែលឡើងមកតវ៉ានៅភ្នំពេញថ្ងៃនេះ បានឲ្យដឹងថា ក្រុមពលរដ្ឋដែលអាជ្ញាធរឈូសឆាយដំណាំ និងយកដីចែកទៅពលរដ្ឋផ្សេងៗនោះ គឺមានគ្នា១៥៤គ្រួសារ និងមានផ្ទៃរួមគ្នា៧៤៤ហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ