អ្នកស្រី ម៉េយ៍ ដក​តំណែង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ ក្រោយ​​បែក​ធ្លាយ​ព័ត៌មាន​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា 5G របស់ Huawei

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ចក្រ​ភព​អង់គ្លេស លោក Gavin Williamson ។ រូបភាព៖ CNN

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ចក្រ​ភព​អង់គ្លេស លោក Gavin Williamson ត្រូវ​បាន​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី​ អ្នកស្រី ថេរ៉េសា ម៉េយ៍ សម្រេច​បណ្ដេញ​ចេញ​ពី​តំណែង​​ហើយ​នៅ​ថ្ងៃ​នេះ ក្រោយ​ពី​មាន​ការ​ស៊ើប​អង្កេត​ទៅ​លើ​ព័ត៌មាន​លេច​ធ្លាយ​មួយ ដែល​ឲ្យ​ដឹង​ថា អង់គ្លេស​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន Huawei ធ្វើការ​អភិវឌ្ឍ​បណ្ដាញ 5G។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​​នៃ​សារព័ត៌មាន BBC របស់​អង់គ្លេស។

សារព័ត៌មាន BBC បាន​ដក​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី ដែល​បាន​ថ្លែង​ថា អ្នកស្រី ម៉េយ៍ បាន​ស្នើ​ទៅ​លោក Gavin Williamson ឲ្យ​ចាក​ចេញ​ពី​រដ្ឋាភិបាល ដោយ​អ្នកស្រី​បាន​បាត់​បង់​ជំនឿ​ចិត្ត​លើ​សមត្ថភាព​របស់​លោក Williamson នៅ​ក្នុង​តំណែង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ និង​ជា​សមាជិក​គណៈរដ្ឋ​មន្ត្រី។

បើ​តាម BBC អ្នក​ស្រី ម៉េយ៍ បាន​រៀបរាប់​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​លោក Williamson ថា ការ​ស៊ើប​អង្កេត​បាន​បង្ហាញ​នូវ​ភស្តុតាង​បញ្ជាក់​ថា លោក Williamson ទទួល​ខុស​ត្រូវ​លើ​ការ​ទម្លាយ​ដោយ​គ្មាន​ការ​អនុញ្ញាត​នូវ​ព័ត៌មាន​​នៃ​កិច្ច​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា​កន្លង​មក​។

BBC បាន​ចុះ​ផ្សាយ​បន្ត​ថា លោក Williamson បាន​ផ្ញើ​លិខិត​តប​ទៅ​អ្នកស្រី ម៉េយ៍ ដោយ​និយាយ​ថា លោក​សោកស្ដាយ​ដែល​អ្នកស្រី​យល់បែប​នេះ ប៉ុន្តែ លោក​បដិសេធ​ថា លោក​មិន​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​បែក​ធ្លាយ​ព័ត៌មាន​នេះ​ឡើយ ហើយ​លោក​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ហ្មត់ចត់។

រដ្ឋាភិបាល​អ្នកស្រី ម៉េយ៍ ក៏​បាន​ប្រកាស​ពេល​ក្រោយ​បន្តិចម​ក​ថា រដ្ឋ​មន្ត្រី​ស្ត្រី និង​សមភាព អ្នកស្រី Penny Mordaunt នឹង​ឡើង​កាន់​តំណែង​ជំនួស​លោក Williamson ហើយ​ក្លាយ​ជា​ស្ត្រី​ទី​១​ដែល​កាន់​តំណែង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ