ក្រុម​បាតុករ​ និង​ប៉ូលិស​បារាំង​ប៉ះ​ទង្គិច​គ្នា​ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ម្សិល​មិញ​នេះ

ក្រុមប៉ូលិស និងក្រុមបាតុករប៉ះទង្គិចគ្នា នាថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩ ជាថ្ងៃទិវាពលកម្មអន្តរជាតិ។ រូបភាព៖ Getty Images

ក្រុម​ប៉ូលិស​បង្ក្រាប​បាតុកម្ម បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ខណៈ​ដែល​ពួកគេ​ព្យាយាម​បំបែក​ក្រុម​បាតុករ​ប្រកាន់​ជំហរ​តឹងរ៉ឹង ដែល​ស្ថិត​ក្នុង​ចំណោម​បាតុករ​ខ្ទង់​ម៉ឺន​នាក់​ ដែល​បាន​ចេញ​តវ៉ា​ពេញ​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ។ នេះ​បើ​តាម​ការ​ចុះផ្សាយរបស់​ទីភា្នក់ងារ​ព័ត៌មាន AFP។

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​មួយ​នេះ បាន​ចុះ​ផ្សាយ​បន្ត​ថា ការ​បង្ក្រាប និង​ការ​តវ៉ា​កាន់​តែ​តាន​តឹង​ឡើង ខណៈ​ដែល​ក្រុម​បាតុករ​អាវកាក់​ពណ៌​លឿង និង​ក្រុម​សហជីព បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​រដ្ឋ​ធានី​ប៉ារីស ដែល​ធ្វើ​ឲ្យ​សន្តិសុខ​ក្នុង​ទីក្រុង​មួយ​នេះ​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន។

AFP បាន​ចុះ​ផ្សាយ​បន្ត​ថា ប៉ូលិស និង​កម្លាំង​បង្ក្រាប​បាតុកម្ម​ជាង ៧​៤០០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​កម្លាំង​​នៅ​តាម​ផ្លូវ​ទៅ​តាម​បញ្ជា​ពី​ប្រធានាធិបតី​បារាំង លោក អ៊ីម៉ានុយអ៊ែល ម៉ាក្រុង ឲ្យ​ប្រកាន់​ជំហរ​រឹងមាំ ប្រសិន​បើ​ប្រឈម​មុខ​នឹង​អំពើ​ហិង្សា។

បើ​តាម AFP ប្រជាជន​បារាំង​ប្រហែល ៤​ម៉ឺន​នាក់ បាន​ចេញ​តវ៉ា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ប៉ុន្តែ ក្រុម​សហជីព​អះ​អាង​ថា មាន​អ្នក​ចូលរួម​ដល់​ទៅ ៨​ម៉ឺន​នាក់ ខណៈ​រដ្ឋាភិបាល​អះ​អាង​ថា មាន​អ្នក​ចូល​រួម​ជិត ៣​ម៉ឺ​ននាក់​ប៉ុណ្ណោះ។

AFP ចុះ​ផ្សាយ​ថា ទាំង​ក្រុម​បាតុករ និង​ប៉ូលិស សុទ្ធ​តែ​រង​របួស​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នេះ ដោយ​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​នាំ​ទៅ​ព្យាបាល​របួស​នៅ​តាម​មន្ទីរ​ពេទ្យ​នានា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ