លោកស្រី រ៉ូណា ស្មីត ជំរុញឲ្យរដ្ឋាភិបាលកែលម្អបញ្ហាសិទ្ធិមនុស្សដើម្បីរក្សា EBA

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោក អង្គ វង្សវឌ្ឍានា នៅថ្ងៃទី០២ ខែមឧសភា ឆ្នាំ២០១៩។ រូបភាព៖ ពេជ្រ ចំរុង

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ជំរុញឲ្យរដ្ឋាភិបាលបន្ដកែលម្អបញ្ហាសិទ្ធិមនុស្សរបស់ខ្លួន ប្រសិន​បើ​កម្ពុជាចង់បន្ដទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា លោកស្រី រ៉ូណា ស្មីត ដែល​កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចលើកទី៧ រយៈ​ពេល ១១​ថ្ងៃ​នៅ​កម្ពុជា​នោះ បាន​ជួប​ជជែក​ជាមួយ​រដ្ឋ​មន្ត្រី​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា នៅ​ព្រឹក​ថ្ងៃ​នេះ​ព្រហស្បតិ៍​នេះ។

ក្រោយ​ជំនួប​នោះ លោកស្រី រ៉ូណា ស្មីត បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាលបានខិតខំកែលម្អបញ្ហាសិទ្ធិមនុស្សរបស់ខ្លួនហើយ ប៉ុន្ដែ លោកស្រីថា នៅមានបញ្ហាសិទ្ធិមនុស្សផ្សេងទៀត ដែលរដ្ឋាភិបាលត្រូវធ្វើ ដើម្បីដោះស្រាយបញ្ហាជាមួយសហភាពអឺរ៉ុបជុំវិញការព្រមានដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA។

លោកស្រី រ៉ូណា ស្មីត ថ្លែងថា៖ «ខ្ញុំគិតថា ការសម្រេចចិត្តដើម្បីបន្ដជជែកជុំវិញបញ្ហា ​EBA គឺស្ថិតលើរដ្ឋាភិបាលជាអ្នកធ្វើ នៅក្នុងភាពជាដៃគូពាណិជ្ជកម្ម ឬកិច្ចព្រមព្រៀងណាមួយដៃគូម្ចាស់ជំនួយ នោះគឺស្រេចទៅលើរដ្ឋាភិបាលជាអ្នកធ្វើសេចក្ដីសម្រេចចិត្ត។ […] នៅកម្ពុជាគឺមានផ្នែកខ្លះដែលមានការអភិវឌ្ឍជាវិជ្ជមាន ហើយក៏មានផ្នែកខ្លះ ក្នុងគំនិតរបស់ខ្ញុំ នៅតែចាំបាច់ត្រូវធ្វើ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលការលើកឡើងថា បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងដើរថយក្រោយ ហើយលោកថា រដ្ឋាភិបាលមិនដូរអធិបតេយ្យភាពយកជំនួយបរទេសនោះទេ។

លោកបន្ដថា៖ «យើងស្វាគមន៍នូវការរក្សា EBA ប៉ុន្ដែ យើងមិនយក EBA ទៅដូរឯករាជ្យភាព និងអធិតេយ្យភាពរបស់កម្ពុជានោះទេ ហើយការវាយតម្លៃណាមួយដែលថា សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ វាផ្ទុយអំពីតថភាពសង្គមកម្ពុជា។ បើសិនណាជាសិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ ហើយមានការគាបសង្កត់ផ្សេងៗ សង្គមកម្ពុជាអត់មានស្ថិរភាព ឬសន្ដិភាព​ដូចថ្ងៃនេះទេ»។

អ្នកតាមដានពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា រដ្ឋាភិបាលហាក់ងាកទៅពឹងផ្អែកលើប្រទេសចិន​ច្រើនជាងចំណាយពេលដោះស្រាយបញ្ហាសិទ្ធិមនុស្សជាមួយសហភាពអឺរ៉ុប។

លោកមានបារម្ភផងដែរអំពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងឥទ្ធិពលរបស់ចិនមកលើកម្ពុជា ប្រសិនលក្ខខណ្ឌសិទ្ធិមនុស្សដែលសហគមន៍​អឺរ៉ុបបានដាក់ មិនត្រូវបានបំពេញទេនោះ។

លោក មាស នី បន្ដថា៖ «រដ្ឋាភិបាលហាក់ដូចជាចំណាយពេលច្រើនដើម្បីរកមធ្យោបាយការពារផលប៉ះពាល់របស់ EBA ដោយពង្រីកទំនាក់ទំនងជាមួយចិន ហើយថ្មីៗនេះ មានការគាំទ្រពីជាវិជ្ជមានដែលចិនផ្ដល់ឲ្យកម្ពុជាផងដែរ។ រាល់ថ្ងៃ លក្ខខណ្ឌរបស់ EBA ហ្នឹងដូចជាមិនឃើញមានការឆ្លើយតបណាមួយជាដុំកំភួនពីរដ្ឋាភិបាលទេ»

កាលពីថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ២០១៩ សហភាពអឺរ៉ុប​បាន​ប្រកាស​អំពី​ការ​ចាប់​ផ្ដើមដំណើរការដែល​ឈាន​ទៅព្យួរ​ជា​បណ្ដោះ​អាសន្ន​​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីកម្ពុជា​ ​បន្ទាប់​ពី​​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិ​មនុស្ស និង​នីតិ​រដ្ឋ​​ នៅ​ក្នុង​រយៈ​ពេល ១៨​ខែ​ចុង​ក្រោយ​មក​នេះ។

សហភាពអឺរ៉ុបគូសបញ្ជាក់ទៀតថា ខ្លួនបានជួបពិភាក្សាដោយស្មោះត្រង់ជាមួយភាគីកម្ពុជា និងរំពឹងថា រដ្ឋាភិបាលនឹងកែលម្អបញ្ហាទាំងអស់ដែលជាក្ដីកង្វល់ និងជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការចាំបាច់នានាជាបន្ទាន់ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបនេះ។  

ប៉ុន្ដែ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសជំហរនៅអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រតិភូអឺរ៉ុបកាលពីខែមីនាកន្លងទៅថា កម្ពុជាមិនខ្វល់ពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនោះទេ ដោយថា ទោះមាន ឬក៏គ្មានប្រព័ន្ធ EBA នេះ ក៏កម្ពុជាមិនស្លាប់នោះដែរ។

ដោយឡែក របាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយ កាលពីថ្ងៃទី២៤ ខែមេសា ក៏បានបង្ហាញផងដែរថា នៅឆ្នាំ២០១៩នេះ និងនៅឆ្នាំបន្ទាប់ សេដ្ឋកិច្ចរបស់កម្ពុជាអាចនឹងមានការថយចុះ ដោយសារតែភាពមិនច្បាស់លាស់នៃបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចរបស់ចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ