ព្រះ​មហាក្សត្រ​ថៃ​រៀប​អភិសេក​ផ្លូវការ​ជាមួយ​មេ​បញ្ជាការ​អង្គរក្ស​របស់​ទ្រង់

ព្រះ​មហាក្សត្រ​ថៃ មហា វជ្ជរ៉ាឡុងកន និងអ្នក​ម្នាង សុធិតា ក្នុងពិធីអភិសេក នាថ្ងៃទី០១ មែឧសភា ឆ្នាំ២០១៩។ រូបភាព៖ EPA

ព្រះ​មហាក្សត្រ​ថៃ មហា វជ្ជរ៉ាឡុងកន បាន​សម្រេច​រៀប​អភិសេក​ផ្លូវការ​ជាមួយ​​​ជាយា​របស់​ទ្រង់ អ្នក​ម្នាង សុធិតា កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ពោល​តែ ៣​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពិធី​គ្រង​រាជ្យ​សម្បត្តិ​របស់​ទ្រង់​នៅ​ក្នុង​សប្ដាហ៍​នេះ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន បាងកក ប៉ុស្តិ៍។

សារព័ត៌មាន​នេះ​បាន​ដក​ស្រង់​ព្រះរាជ​ប្រកាស​រាជវាំង​ថៃ ដែល​បាន​ប្រកាស​ថា អ្នក​ម្នាង សុធិតា បាន​ក្លាយ​ជា​អគ្គមហេសី​របស់​ព្រះ​មហាក្សត្រ មហា វជ្ជរ៉ាឡុងកន និង​មាន​ព្រះនាម​ថ្មី​ថា សុធិតា វជ្ជរ៉ាឡុងកន នៈ​ អយុធ្យា។

បាងកក ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​បន្ត​ថា ព្រះ​រាជ​ពិធី​អភិសេក​ព្រះ​មហាក្សត្រ​ថៃ ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​តាម​ទូរទស្សន៍​គ្រប់​ប៉ុស្តិ៍​ទាំង​អស់។

ស្ថិត​ក្នុង​ព្រះជន្ម ៤០​ឆ្នាំ អគ្គមហេសី សុធិតា គឺ​ជា​អតីត​នារី​បម្រើការ​លើ​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airway មុន​នឹង​មាន​ទំនាក់​ទំនង​ជាមួយ​មហាក្សត្រ​ថៃ​អង្គ​នេះ។

អគ្គមហេសី សុធិតា ត្រូវ​បាន​មហាក្សត្រ​ថៃ មហា វជ្ជរ៉ាឡុងកន តែង​តាំង​ជា​មេ​បញ្ជាការ​រង​នៃ​កង​អង្គរក្ស​របស់​ទ្រង់កាល​ពី​ឆ្នាំ​២០១៤ មុន​នឹង​កាន់​តំណែង​ជា​មេ​បញ្ជាការ​ពេញ​ទី​នៅ​ក្នុង​ឆ្នាំ​២០១៦។

ព្រះ​មហាក្សត្រ​ថៃ មហា វជ្ជរ៉ាឡុងកន ព្រះ​ជន្ម ៦៦​ឆ្នាំ គ្រោង​នឹង​ឡើង​គ្រង​រាជ្យ​សម្បត្តិ​ផ្លូវការ​នៅ​ថ្ងៃ​ទី៤ ខែ​ឧសភា​នេះ បន្ទាប់​ពី​ព្រះ​បិតា​របស់​ទ្រង់ អតីត​ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត បាន​សោយ​ទិវង្គត​កាល​ពី​ឆ្នាំ​២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ