លោក ខៀវ កាញារីទ្ធ អះអាងថា វិស័យសារព័ត៌មានរីកចម្រើនជាបន្តបន្ទាប់

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីមហាសន្និបាតបូកសរុបសមិទ្ធផលវិស័យព័ត៌មាន និងសោតទស្សន៍ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើថា វិស័យសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់  ហើយបានបើកសិទ្ធិទូលាយសម្រាប់ការផ្សព្វផ្សាយដំណឹងពិតទាំងជាតិ និងអន្តរជាតិដល់ប្រជាពលរដ្ឋ ដោយមិនមានការគំរាមកំហែងអ្វីនោះទេ។​

ក្នុងពិធីអបអរទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៩ នៅថ្ងៃនេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែងថា បច្ចុប្បន្ន សិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិសេរីភាពសារព័ត៌មានត្រូវបានបើកទូលាយដែលមានការធានាដោយច្បាប់ ករណីនេះ អ្នកសារព័ត៌មានអាចបំពេញតួនាទីរបស់ខ្លួនដោយគ្មានការគំរាមកំហែង។

លោកថ្លៃងថា៖ «សិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិសេរីភាពសារព័ត៌មានត្រូវបានបើកទូលាយធានាដោយច្បាប់រដ្ឋ។ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធផ្សព្វផ្សាយតាមបែបសម័យឌីជីថលនៃយុគសម័យ​បច្ចុប្បន្ន ដោយប្រព័ន្ធផ្សព្វផ្សាយសិទ្ធិនៅក្នុងម្រាមដៃរបស់មនុស្សគ្រប់រូប ដែលគេអាចបង្ហោះព័ត៌មានគ្រប់ប្រភេទ បានគ្រប់ពេលវេលា»។

លោក ខៀវ កាញារីទ្ធ អំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់ត្រូវបំពេញការងាររបស់ខ្លួនត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ រក្សានូវភាពថ្លៃថ្នូរ និងខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីឱ្យដើរទាន់ការរីកចម្រើននូវបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន និងមិនត្រូវយកតួនាទីខ្លួនទៅប្រព្រឹត្តអំពើខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃសារព័ត៌មានផង។

ប៉ុន្តែ តំណាងស្ថានទូតស៊ុយអ៊ែតប្រចាំប្រទេសកម្ពុជា លោក Andreas Johansson លើកឡើងថា សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាមិនទាន់បានបើកទូលាយនោះទេ ដោយលោកមើលឃើញថា នាពេលបច្ចុប្បន្ននេះ អ្នកសារព័ត៌មានមួយចំនួននៅតែទទួលរងការធ្វើទុកបុកម្នេញ និងរងការគំរាមកំហែងផងដែរ

លោកថា៖ «សេរីភាពសារព័ត៌មានពិតបានរួមចំណែកខ្លាំងក្លា [ក្នុងការលើកម្ពស់] លទ្ធិប្រជាធិតេយ្យ ហើយពេលខ្លះ ប្រទេសកម្ពុជាក៏មានចំណុចខ្វះសេរីភាពសារព័ត៌មាន ហើយយើងឃើញថា កន្លងមក ក៏មានការគំរាមកំហែងខ្លះទៅសារព័ត៌មានផងដែរ»

យោងតាមរបាយការណ៍ស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកចេញផ្សាយកាលពីខែមេសា ឆ្នាំ២០១៩ ដោយដាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានប្រទេសកម្ពុជាលេខ១៤៣ ក្នុងចំណោមប្រទេស១៨០ ក្នុងពិភពលោក។ 

របាយការណ៍ RSF បាន​កត់សំគាល់​អំពីភាព​ស្ងៀម​ស្ងាត់​នៅក្នុងការ​បោះឆ្នោត​ឆ្នាំ២០១៨​ ក្រោយ​ពេល​ស្ថានីយ៍វិទ្យុ​ប្រមាណជា​ង៣០ ​ត្រូវ​បាន​បិទ​កាលពី​ចុង​ឆ្នាំ២០១៧។ របាយការណ៍ក៏បានកត់​ត្រា​បញ្ចូល​នូវ​ការ​បង្ខំ​ឲ្យ​បិទ​ទ្វា​កាសែត ខេមបូឌា ដេលី និងការ​ផ្លាស់ប្តូរ​ម្ចាស់​សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ