ទើបតែឡើងកូដសោះ តារាស្រី ឈឹម អារីយ៉ា បានឡើងជាជំទាវ

តារាសម្ដែងវ័យ២៣ឆ្នាំ កញ្ញា ឈឹម អារីយ៉ា និងស្វាមីក្នុងថ្ងៃរៀបការ។ រូបភាព៖ វង្ស សុម៉ាលីន

ទើបតែប្រឡូកការសម្ដែង និងមានឈ្មោះបោះសំឡេងនៅក្នុងវិស័យភាពយន្តនៅក្នុងរយៈពេលចុងក្រោយតាមរយៈឱកាសបានសម្ដែងក្នុងរឿងទូរទស្សន៍ និងរឿងភាគល្អៗក្នុងមួយរយៈចុងក្រោយសោះ តារាសម្ដែងវ័យ២៣ឆ្នាំ កញ្ញា ឈឹម អារីយ៉ា ត្រូវបានប្រកាសថា បានក្លាយជាជំទាវស្របច្បាប់ទៅហើយ។

តំណែងជំទាវរបស់នាង ត្រូវបានប្រកាសឡើងតាមរយៈមង្គលការជាមួយលោក រស់ ឧស្សាហ៍ ដែលត្រូវគេស្គាល់ថា ជាមន្ត្រីផ្កាយ២ និងមានមុខងារជាអគ្គនាយករងប្រចាំនាយកដ្ឋានមួយនៅក្នុងក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ ឧសភា មុននេះ។ គ្មានអ្នកណាមិនសរសើរនោះទេ នៅពេលតារាសម្ដែង កញ្ញា ឈឹម អារីយ៉ា ទើបតែត្រូវគេឃើញមានការទទួលស្គាល់ជាមួយនឹងភាពយន្តល្អៗពីរបីរឿងជាពិសេសក្នុងរឿង “កន្ទោងខៀវ” សោះ ស្រាប់តែនាងមានវាសនាបានឡើងជាជំទាវយ៉ាងកាលីប ដែលឱកាស និងសំណាងបែបនេះ មិនមានច្រើនទេ សម្រាប់តារាសិល្បៈ ជាពិសេសតារាថ្មីៗ នៅក្នុងជំនាន់បច្ចុប្បន្ន។

មង្គលការរបស់នាង ត្រូវបានធ្វើឡើងយ៉ាងអធឹកអធមនៅក្នុងភោជនីយដ្ឋានទន្លេបាសាក់ ដោយនាងក៏បានប្រកាសថា ក្រោយពីខ្លួនបានឡើងជាជំទាវស្របច្បាប់នេះ គឺនឹងមិនទទួលសម្ដែងទៀតទេ ក្រៅពីភាពយន្តដែលនាងកុងត្រា ហើយថតមិនទាន់ចប់។

កញ្ញា ឈឹម អារីយ៉ា បានថ្លែងនៅក្នុងពិធីជប់លៀងទទួលភ្ញៀវថា ស្វាមីរបស់នាងគឺជាអគ្គនាយករងនៅក្នុងនាយកដ្ឋានមួយប្រចាំក្រសួងមហាផ្ទៃ ដោយក្រៅពីមានការងារជាមន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងមហាផ្ទៃ ស្វាមីរបស់នាងក៏មានជំនួញធំ២ផងដែរ។

នាងថា ស្វាមីរបស់នាងគឺជាពោះម៉ាយកូន២ ហើយដោយសារតែចំណងជាមួយភរិយាមុនក៏បញ្ចប់ដោយផ្លូវច្បាប់ ហើយកូនស្រី២ ក៏ត្រូវបានតុលាការប្រគល់អោយទៅភរិយាដើម ទើបនាងប្រកាសថា ជីវិតជាជំទាវរបស់នាង នឹងមិនមានអ្វីជាផលរមាស់នោះទេ ខណៈដែលនាងក៏ពេញចិត្តអោយស្វាមីជួយជ្រោមជ្រែងកូនមុនទាំង២ដោយមិនមានចិត្តចង្អៀតចង្អល់។

ក្រោយមង្គលការដែលទើបបញ្ចប់ក្ដៅៗនេះ នាងប្រកាសមិនទទួលការងារសម្ដែងថ្មីឡើយ ដោយនៅទទួលថតតែការងារមួយចំនួនដែលនាងកុងត្រា ហើយថតមិនទាន់ចប់ប៉ុណ្ណោះ។ នាងថាពន្លកស្នេហ៍ជាមួយបុរសពោះម៉ាយផ្កាយ២ បានកើតមានឡើងប្រមាណមួយឆ្នាំមកហើយ ដោយលោកជួបនាងនៅក្នុងកម្មវិធីជប់លៀងមួយ ហើយដោយលោកក៏បានទាក់ទងចូលស្ដីដណ្ដឹង និងសុំនាងរៀបការតាមផ្លូវប្រពៃណីផង ទើបស្នេហានេះត្រូវបានលេចឡើង។

នាងថា ខ្លួនសម្រេចចិត្តបោះបង់សិល្បៈទាំងអាល័យ ព្រោះត្រូវមានភារកិច្ចទៅជួយមើលមុខជំនួញលក់ឡាន និងបើកហាងបញ្ចាំរបស់ស្វាមីក្រោយពេករៀបការ។ យ៉ាងណាមិញនាងថា បើពេលវេលាអំណោយផល នៅពេលនាងបង្កើតកូនជូនស្វាមីបានមួយ ឬ បាន២ ហើយមានខាងផលិតករ ទទួលអោយនាងបានសម្ដែង រូបនាងក៏នឹងត្រលប់មកសម្ដែងផងដែរ។

នាងថា សម្រាប់សិល្បៈគឺនាងពិតជាផ្អាកសម្ដែង ប៉ុន្តែ ក៏មិនមែនបាត់មុខទាំងស្រុងពីស្រទាប់មហាជននោះដែរ ដោយសារតែក្នុងពេលខាងមុខ រូបនាងក៏នៅសល់រឿងចំនួន៥ មិនទាន់ចាក់ផ្សាយ និងដាក់បញ្ចាំងក្នុងរោងផងដែរ។

នាងប្រកាសទទួលការអញ្ជើញរបស់តារាសិល្បៈក្នុងកម្មវិធីជួបជុំ ឬក្នុងកម្មវិធីសប្បុរសធម៌ក្រោយក្លាយជាជំទាវ ដោយមិនមែនប្រកាសផ្អាកសម្ដែង ហើយក៏បាត់មុខឈឹងនោះទេ។

ឈឹម អារីយ៉ា បន្តថា រូបនាងពិតជាមិនចង់ជឿលើវាសនាខ្លួនឯង ដែលមានសំណាងបានក្លាយជាជំទាវស្របច្បាប់តាមរយៈមង្គលការជាមួយមន្ត្រីផ្កាយ២ ត្រៀមឡើងផ្កាយ៣ លោក រស់ ឧស្សាហ៍ តែនាងក៏ត្រូវធ្វើចរឹតជានារីសាមញ្ញដូចក្នុងពេលនៅជាអ្នកសិល្បៈ ដើម្បីកុំអោយមានការរិះគន់ថានាងប្រែប្រួល និងលេងចរឹតក្រោយពីមានឋានៈខ្ពង់ខ្ពស់នោះផងដែរ។

នាងថា រហូតដល់២ខែក្រោយយ៉ាងតិច ទើបនាង និងស្វាមី មានពេលទៅកម្សាន្ត និងក្រេបទឹកឃ្មុំនៅ១០ប្រទេសក្នុងទ្វីបអឺរ៉ុប ដោយសារតែក្នុងពេលនេះ រូបនាងត្រូវថតបញ្ចប់ភាពយន្តដែលជាប់កុងត្រា ចំណែកស្វាមីក៏រវល់នឹងការងារនៅក្នុងស្រុក។

នាងថា ខ្លួនពិតជាសប្បាយចិត្ត ដែលក្នុងពិធីមង្គលការរបស់ខ្លួន គឺក្រៅពីភ្ញៀវកិត្តិយសដែលជាមន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងមហាផ្ទៃ ក៏មានវត្តមានផលិតករ និងតារាសិល្បៈចូលរួមកុះករ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ