អុិន សុភិន ថារឿង “ផ្ទះចុងភូមិ” ផលិតដើម្បីចេញក្រៅស្រុក

លោក អុិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស ថ្លែងប្រាប់អ្នកកាសែត ក្នុងពិធីសម្ពោធភាពយន្តខ្នាតធំរឿង “ផ្ទះចុងភូមិ” នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ វង្ស សុម៉ាលីន

ខុសពីស្នាដៃមុនៗ លោក អុិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានបញ្ជាក់កាលពីល្ងាចថ្ងៃទី៦ ខែឧសភា ក្នុងពិធីសម្ពោធភាពយន្តខ្នាតធំរឿង “ផ្ទះចុងភូមិ” ថា ស្នាដៃរបស់លោកមួយនេះ លោកជឿជាក់ខ្លាំងលើគុណភាព ដោយសារតែលោកគម្រោងនឹងយកទៅកាន់ទីផ្សារក្រៅស្រុក ក្រោយពេលកើបលុយក្នុងស្រុក។

ភាពយន្តនេះលោកថា ត្រូវបានសម្រិតសម្រាំងជាងគេ គឺបច្ចេកទេសសំលេង ប្លង់ និងសាច់រឿងតែម្ដង ដើម្បីកុំអោយមានការរិះគន់ថា ភាពយន្តខ្មែរមើលមិនកើតក្នុងពេលអ្នកទស្សនាកាន់តែចេះមើលរឿង និងដឹងថារឿងបែបណាមានគុណភាព ឬខ្វះចន្លោះណាមួយ។

លោក អុិន សុភិន និយាយថា ធៀបនឹងស្នាដៃដែលលោកបានផលិតកន្លងមក ភាពយន្តរឿង “ផ្ទះចុងភូមិ” លោកបានចំណាយខ្លាំងលើតួសម្ដែង លើកស្ដង់ដារផលិត និងលើគុណភាពរឿងទាំងមូលតែម្ដង ខណៈដែលមុនសម្រេចដាក់បញ្ចាំង លោកក៏បានយករឿងមួយនេះទៅឆ្លងអ្នកជំនាញផ្នែកបច្ចេកទេស ហើយឈុតណាដែលមានចំណុចស្ទើរ គឺលោកសុខចិត្តអោយមានការផលិតឡើងវិញ។

មួយរឿងនេះ លោកថា ប្រើពេលរហូតដល់១ឆ្នាំ ដោយក្នុងឈុតខ្លះទម្រាំបានថតបញ្ចប់ ក៏ប្រើពេលរៀបចំ និងថតរហូតដល់ច្រើនថ្ងៃផងដែរ ជាពិសេសសម្រាប់ឈុតណាដែលលោកយល់ថា បាញ់ភ្លើងមិនត្រូវ ឬរៀបទីតាំងមិនបានល្អ។

លោកជឿជាក់ខ្លាំងថា ស្ដង់ដាផលិតក្នុងរឿង “ផ្ទះចុងភូមិ” អាចដាក់បញ្ចាំងនៅក្រៅប្រទេសបាន ខណៈដែលលោកនឹងគ្រោងទាក់ទងយកភាពយន្តនេះទៅបញ្ចាំងនៅក្នុងប្រទេសក្នុងតំបន់នាពេលខាងមុខ។

លោកថា រំពឹងតែអ្នកទស្សនាក្នុងស្រុក គឺមិនអាចទទួលបានចំណូលខ្ពស់នោះទេ ទើបលោកសម្រេចចិត្តធ្វើការសម្រិតសម្រាំងលើគុណភាព ហើយងាកទៅធ្វើសាច់រឿងដើម្បីអាចដាក់បញ្ចាំងនៅតាមរោងកុនប្រទេសមួយចំនួនបានក្នុងពេលខាងមុខ។

លោកថា មួយរឿងនេះចំណាយអស់ច្រើន តែបដិសេធសុំមិនបញ្ចេញតួលេខអោយប្រាកដនោះទេ ដោយទុកអោយអ្នកទស្សនាជាអ្នកវិនិច្ឆ័យថា តម្លៃដែលលោកបោះទុនផលិតអាចទទួលយកបានកម្រិតណា។

យ៉ាងណាមិញ លោកបានបង្ហាញពីការរំពឹងខ្ពស់សម្រាប់ស្នាដៃរឿង “ផ្ទះចុងភូមិ” នេះ ដោយលោកប្រកាសថា មួយរឿងនេះ គឺលោកព្រលែងដៃអោយក្រុមផលិតករធ្វើការផលិតយ៉ាងណាអោយតែបានស្នាដៃដែលអាចទទួលយកបានតែម្ដង ទើបស្នាដៃទាំងមូលទទួលបានការសរសើរភាគច្រើន ជាពិសេសលើបច្ចេកទេសសំលេង ប្លង់ និងភាពប្រទាក់ក្រឡានៃសាច់រឿងតែម្ដង ដែលធ្វើអោយលោកមើលឃើញពីការនាំចេញទៅកាន់ទីផ្សារខាងក្រៅ។

ប៉ុន្តែ លោកថា មិនទាន់ដឹងថា ក្រោយបញ្ចប់ការបញ្ចាំងនៅក្នុងប្រទេសកម្ពុជា តើរឿងមួយនេះ នឹងយកទៅណាមុនគេនោះទេ។ លោក អុិន សុភិន បន្តថា ភាពយន្តនេះ នឹងចាប់ផ្ដើមដាក់បញ្ចាំងលក់សំបុត្រពីថ្ងៃទី៨ ខែឧសភា តទៅ ហើយបន្ទាប់ពីទម្លាក់ចុះពីរោងកុនទំនើបក្នុងស្រុក ទើបលោកអាចឆ្លើយបញ្ជាក់ថា រឿង “ផ្ទះចុងភូមិ” នឹងអាចចូលប្រទេសណាបានក្នុងចំណោមប្រទេសមួយចំនួនដែលលោកសំលឹងឃើញថាអាចនាំយកទៅបញ្ចាំងបាន។

មួយរឿងនេះ លោកថា គ្រាន់តែសរុបលើការផលិត គឺប្រើពេលរហូតដល់មួយឆ្នាំពេញ ដោយសូម្បីតែតួអង្គសម្ដែង ក៏លោកជម្រើសយកសុទ្ធតែជាតារាល្បីៗក្នុងស្រុកផងដែរ ដើម្បីរំលេចផ្ទៃរឿង។

លោកជឿជាក់ខ្លាំងថា ស្នាដៃដែលទើបបញ្ចេញនេះ នឹងចាប់ផ្ដើមមានកម្រិតប្រកួតប្រជែង ហើយបើទោះជាគុណភាពទាំងស្រុងមិនទាន់អាចស្មើប្រទេសជិតខាង ដែលភាពយន្តរបស់គេមួយរឿង គឺបានចំណាយអស់ច្រើន ប៉ុន្តែ ក៏អាចទទួលយកបានសម្រាប់ស្ដង់ដារផលិត និងបច្ចេកទេស ដែលបានសម្រិតសម្រាំងផងដែរ។

លោកថា ផលិតករក្នុងស្រុកមិនអាចបន្តផលិតស្នាដៃដែលខ្វះគុណភាព ហើយបង្ខំអោយអ្នកគាំទ្ររបស់ខ្លួនទិញសំបុត្រទស្សនាបានទេ ទើបលោកកាន់តែបង្កើនគុណភាព និងគ្រាន់តែចំណាយថតប្លង់ខ្លះឡើងវិញ និងកែកុនបច្ចេកទេស គឺបានចំណាយអស់ច្រើន។

យ៉ាងណាមិញ លោកនៅតែទទូចអោយអ្នកទស្សនាក្នុងស្រុក ចូលរួមលើកស្ទួយភាពយន្តរបស់លោកអោយបានខ្លាំងសិន បើទោះជាភាពយន្តនេះត្រូវលោករំពឹងមួយផ្នែកពីការដាក់បញ្ចាំងនៅក្រៅប្រទេស។

ក្នុងពិធីសម្ពោធដាក់បញ្ចាំងរឿង “ផ្ទះចុងភូមិ” នោះ គេមិនឃើញតារាសិល្បៈ និងភ្ញៀវកិត្តិយសចូលរួមកុះករនោះទេ ដោយសារតែលោកមិនបានអញ្ជើញច្រើន ហើយតារាភាគច្រើន ក៏សុទ្ធតែជាប់ចុះខេត្ត។ ជាក់ស្ដែង តួអង្គសំខាន់៣រូបគឺ នាយគ្រឿន លោក ជា សុវណ្ណនរាហ៍ និង ទ្រង់ សុីសុវត្ថិ សិរីវុឌ ក៏អវត្តមានផងដែរ។

លោក អុិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស និងសិល្បករ-សិល្បការិនី ក្នុងពិធីសម្ពោធភាពយន្តខ្នាតធំរឿង “ផ្ទះចុងភូមិ” នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ វង្ស សុម៉ាលីន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ