អតីតមន្ត្រី CNRP ៥រូបចូលបំភ្លឺនៅតុលាការខេត្តបាត់ដំបង

អតីតមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន៥រូប ចូលខ្លួនបំភ្លឺនៅសាលាដំបូងខេត្តបាត់ដំបង តាមដីកាកោះហៅរបស់តុលាការ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ ពេជ្រ ចំរុង

អតីតមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន៥រូប ចូលខ្លួនបំភ្លឺនៅសាលាដំបូងខេត្តបាត់ដំបងនៅថ្ងៃពុធនេះ តាមដីកាកោះដោយចោទថា បំពានអំណាចសាលដីកាតុលាការកំពូល។​

លោក តុន សាម៉ន និង​លោក រឿន កែម ជា​អតីត​មេឃុំ និង​អតីត​ក្រុម​ប្រឹក្សា​ឃុំ​ លោក សម វង្ស​ដារា បាន​ចូល​ដល់​សាលាដំបូង​ខេត្ត​បាត់ដំបង​តាំងពី​ព្រឹក​ព្រលឹម​ ចំណែកមន្ត្រី២រូបផ្សេងទៀត បំភ្លឺពេលរសៀល។​

តុលាការខេត្តបាត់ដំបងបានកោះហៅអតីតមន្ត្រីរបស់សង្គ្រោះជាតិជាបន្តបន្ទាប់ដែលរហូតដល់ថ្ងៃនេះមានចំនួន២៦នាក់ក្នុងបទចោទដូចគ្នានេះ។​

អ្នក​គាំទ្រ​ជា​ង​៦០​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ក្រៅតុលាការ​នៅម៉ោង​៨:៣០​នាទី​ព្រឹក​ ហើយ​ចំនួន​មនុស្ស​បានបន្ត​កើន​ឡើង​ផងដែរ។ នគរបាល​ក្នុងមូល​ដ្ឋាន​បាន​បិទផ្លូវ​ ហើយ​​​ក្រុម​ឃ្លាំមើល​របស់​​អង្គការសហប្រជាជាតិ​ និង​អង្គការសិទ្ធិ​មនុស្ស​ក្នុងស្រុក ​ក៏មាន​វត្តមាន​នៅ​ទីនោះដែរ។

តុលាការកំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ជាគណបក្ស​ប្រឆាំង​​កាល​ពីខែ​វិច្ឆិកា​​ ឆ្នាំ​២០១៧​ ហើយ​ហាមឃាត់​មន្ត្រីជាន់ខ្ពស់​១១៨​រូប មិន​ឲ្យ​ធ្វើ​​នយោបាយ។

ទោះបីជា​យ៉ាងណា​ អតីត​សមាជិក​គណបក្ស​ប្រឆាំង​នៅ​ខេត្តបាត់ដំបង​ដែល​ត្រូវ​បាន​កោះហៅ​ទាំង​នេះ​ គឺគ្រាន់​តែជា​មន្ត្រីថ្នាក់​មូលដ្ឋាន​របស់​គណបក្ស​នេះ​ មិនមានឈ្មោះក្នុងចំណោម១១៨នាក់នេះទេ។​      

អង្គការឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ចេញសេចក្តីថ្លែងការណ៍​មួយ​ថ្កោលទោស​ការ​កោះហៅ​នេះ​ ហើយ​បានអំពាវនាវ​ដល់​គណបក្ស​កាន់អំណាចឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅលើ​អ្នកប្រជែង​នយោបាយ​របស់ខ្លួន​ជា​បន្ទាន់​។

លោក ប៊្រែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ប្រចាំតំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើលសិទ្ធិ​មនុស្ស​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​បាន​មាន​ប្រ​សា​សន៍​ថា៖

«រដ្ឋាភិបាល​កម្ពុជា​បន្ត​ធ្វើ​ទុក្ខបុកម្នេញលើ​មន្ត្រីគណបក្ស​ប្រឆាំង​ជា​ច្រើន​រូប​តាម​ផ្លូវ​តុលាការ​ និង​គំរាម​កំហែង​ចាប់ដាក់ពន្ធនាគារ​​ ក្រោយ​ពេល​គណបក្ស​ប្រឆាំង​ដ៏ធំមួយនេះ ត្រូវ​បាន​រំលាយ​ដោយ​មិនសមហេតុផលយូរ​មក​ហើយ​នោះ​​»។​

«រដ្ឋាភិបាល​គួរ​បញ្ចប់​យុទ្ធនាការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែកនយោបាយ​ភ្លាមៗ​លើគណបក្ស​សង្គ្រោះជាតិ​ និង​ទម្លាក់​ចោល​សំណុំរឿង​មិនសមហេតុផល​ទាំងនេះ»​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ