សមត្ថកិច្ចបិទផ្លូវ និងទីតាំងមួយចំនួននៅក្បែរសាលាដំបូងខេត្តបាត់ដំបង

ក្រុមអ្នកគាំទ្រ មន្ដ្រីអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន នៅឈរក្បែរបរិវេណតុលាការខេត្តបាត់ដំបង ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ ពេជ្រ ចំរុង

សមត្ថកិច្ចបិទផ្លូវ និងទីតាំងមួយចំនួននៅក្បែរសាលាដំបូងខេត្តបាត់ដំបងនៅព្រឹកនេះ ដោយសំអាងហេតុផលថា ដើម្បីរៀបចំសោភ័ណភាពតុលាការ ខណៈអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ​៦រូបទៀតបន្តចូលខ្លួនបំភ្លឺតាមដីកាកោះ។​

សតម្ថកិច្ចឈរនៅពីមុខមន្ត្រីអង្គការសង្គមស៊ីវិល ក្នុងបំណងរក្សាការពារសណ្ដាប់ធ្នាប់ ថ្ងៃដែលកោះហៅអតីតមន្ត្រីគណបក្សសង្គ្រោះជាតិអោយចូលបំភ្លឺនៅតុលាការខេត្តបាត់ដំបង ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ ពេជ្រ ចំរុង

នៅថ្ងៃព្រហស្បតិ៍នេះ អតីតចៅសង្កាត់ និងក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិចំនួន ៤រូប កំពុងចូលឆ្លើយបំភ្លឺនៅតុលាការនៅពេលព្រឹក គឺរួមមាន អតីតសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង លោក ឌឹម សារឿន ចៅសង្កាត់អូរចារ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អតីតចៅសង្កាត់ទួលតាឯក លោក ម៉ក រ៉ា និងអតីតចៅសង្កាត់ព្រែកព្រះស្ដេច លោក ខាន់ ប៊ុនផេង។ ចំណែក២នាក់ទៀត នឹងត្រូវឆ្លើយបំភ្លឺនៅពេលរសៀល ដែលរួមមាន អតីតចៅសង្កាត់ចំការសំរោង លោក ឃួន ចំរើន និងអតីតក្រុមប្រឹក្សាក្រុងបាត់ដំបង លោក យួម​ ដូង។

ទិដ្ឋភាពបិទផ្លូវ កាប់មែកឈើរៀបចំសណ្ដាប់ធ្នាប់ ក្នុងបំណងរក្សាការពារសណ្ដាប់ធ្នាប់ និងសោភ័ណភាពក្រុង ថ្ងៃទី០៩ ខែឧសភា ឆ្នា២០១៩។ រូបភាព៖ ពេជ្រ ចំរុង

ចំពោះស្ថានភាពនៅតុលាការខេត្តបាត់ដំបងនាព្រឹកនេះ គឺសមត្ថកិច្ចបានរារាំងក្រុមអ្នកគាំទ្រ មន្ដ្រីអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន មិនឲ្យចូលទៅឈរនៅបរិវេណខាងមុខតុលាការនោះទេ។ ចំណែកផ្លូវក្បែរនោះខ្លះក៏បិទដែរ ដោយសំអាងហេតុផលថា កាត់ដើមឈើរៀបចំសោភ័ណភាពតុលាការ។​

គិតត្រឹមថ្ងៃទី៩ ខែឧសភានេះ មនុស្ស ១១នាក់ក្នុងចំណោមមនុស្សចំនួន ២៦នាក់របស់អតីតគណបក្សប្រឆាំង ចូលឆ្លើយបំភ្លឺតាមដីកាកោះមកសាកសួររបស់តុលាការខេត្តបាត់ដំបងជុំវិញការចោទថា ពួកគេបានធ្វើសកម្មភាពបំពានទៅសាលដីការបស់តុលាការកំពូលពាក់ព័ន្ធនឹងការរំលាយអតីតបក្សប្រឆាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ