អតីតមន្ដ្រី CNRP ថាតុលាការសួររឿងជួបជុំ និងទទួលទាននំបញ្ចុក

លោកមេធាវី សំ សុគង់ (ឆ្វេង) និងអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ (កណ្ដាល និងស្ដាំ) ចូលខ្លួនបំភ្លឺនៅសាលាដំបូងខេត្តបាត់ដំបង តាមដីកាកោះហៅរបស់តុលាការ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ ពេជ្រ ចំរុង

អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិ បង្ហាញការងឿងឆ្ងល់ចំពោះសាលាដំបូងខេត្តបាត់ដំបង កោះហៅសាកសួរជុំវិញការចោទប្រកាន់ថា ពួកគេបានធ្វើសកម្មភាពបំពានសាលដីកាតុលាការកំពូល ដោយគ្រាន់តែជួបជុំគ្នា និងទទួលទាននំបញ្ចុកនៅផ្ទះអតីតចៅសង្កាត់អូរចារ។

នៅព្រឹកថ្ងៃពុធម្សិលមិញ អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិ៥រូប ក្នុងចំណោមមនុស្សចំនួន២៦រូប របស់អតីតបក្សប្រឆាំង បានចូលឆ្លើយបំភ្លឺតាមដីកាកោះរបស់តុលាការខេត្តបាត់ដំបង។ ចំពោះស្ថានភាពនៅខាងមុខតុលាការនាព្រឹកនេះ គឺមានសភាពស្ងប់ស្ងាត់ និងមិនមានការប៉ះទង្គិចគ្នានោះទេ ព្រមទាំងមានការចូលរួមឃ្លាំមើលពីមន្ដ្រីអង្គការអាដហុក អង្គការលីកាដូ និងមន្ដ្រីអង្គការសហប្រជាជាតិផងដែរ។

ក្រោយចូលបំភ្លឺនៅតុលាការនាព្រឹកនេះ ចៅសង្កាត់រងទី២ នៃសង្កាត់អូរម៉ាល់ លោក សម វង្ស​តារ៉ា ប្រាប់អ្នកសារព័ត៌មានថា លោកត្រូវបានតុលាការចោទសួរពីការជួបប្រជុំគ្នានៅផ្ទះរបស់អតីតចៅសង្កាត់អូរចារ កញ្ញា​ ស៊ិន​ ចាន់​រ៉ូហ្សេត​ កាលពីខែធ្នូ ឆ្នាំ២០១៨ និងការឡាយវីដេអូបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដោយថា ជាការបង្កឲ្យមានការញុះញង់ប្រឆាំងសាលដីការបស់តុលាការកំពូល។

ប៉ុន្ដែ លោកថា លោកមិនស្ថិតនៅក្នុងបញ្ជី១១៨នាក់ ដែលតុលាការហាមឃាត់ការធ្វើនយោបាយនោះទេ និងថា សកម្មភាពជួបជុំគ្នារបស់ពួកគេកន្លងមក គឺគ្មានការព្រៀងទុក ឬការចាត់តាំងណាមួយឡើយ។

លោកបង្ហាញការងឿងឆ្ងល់ចំពោះការកោះហៅមកសាកសួរ និងចេតនាពិតប្រាកដរបស់តុលាការខេត្តបាត់ដំបង ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ពួកគេបានធ្វើសកម្មភាពបំពានសាលដីកាតុលាការកំពូលនោះ។

លោកបន្ដថា៖ «ខ្ញុំអត់ដឹងថា គោលបំណងខាងដើមបណ្ដឹងគាត់មានបំណងអី អត់ដឹងថា គេមានចេតនាយ៉ាងម៉េច? ខ្ញុំយល់ថា ការជួបជុំគ្នា ព្រោះថា ជាធម្មតា អ្នកណាក៏មានសិទ្ធិក្នុងការជួបជុំគ្នាដែរ។ បាទ! ជាពិសេសដូចខ្ញុំនេះ ជាអតីតមន្ដ្រីបក្សសង្គ្រោះជាតិ ប៉ុន្ដែ ក្រោយមកពីការរំលាយ ខ្ញុំក៏មិនបាត់សិទ្ធិធ្វើនយោបាយណា? ខ្ញុំមានសិទ្ធិជាពលរដ្ឋដូចគេឯងដែរ អញ្ចឹងការជួបជុំ ខ្ញុំគិតថា មិនអីខុសច្បាប់ផង»។

អតីតមន្ដ្រីបក្សប្រឆាំងមួយរូបទៀត ដែលចូលបំភ្លឺនៅពេលរសៀល គឺលោក សាំង ប៊ុនម៉ៅ  ​អតីតចៅសង្កាត់រងទី១​ សង្កាត់​ស្វាយប៉ោ បង្ហាញការព្រួយបារម្ភចំពោះការកោះហៅរបស់តុលាការនេះ និងថា សកម្មភាពរបស់ពួកគេកន្លងមក គឺស្របតាមច្បាប់ និងជាសិទ្ធិសេរីភាពបញ្ចេញមតិតែប៉ុណ្ណោះ។

លោកបន្ដថា៖ «កាលនោះ គឺគាត់ (កញ្ញា រ៉ូហ្សេត) គាត់បើកហាងថ្មី ខ្ញុំឧស្សាហ៍ទៅញាំកាហ្វេ ឧស្សាហ៍ទៅហូបនំបញ្ចុកនៅទីកន្លែងហ្នឹង ហើយក៏មានការបើកហ្វេសប៊ុកឡាយរបស់យុវជនណាទេ ខ្ញុំមិនចាំ […] ប៉ុន្ដែ ខ្ញុំមិនបានប្រឆាំងសាលដីកាតុលាការអីទេ។ តុលាការសួរថា នេះជាការញុះញង់ ព្រោះអីបានញុះញង់ដល់ប្រជាពលរដ្ឋទូទៅ ដើម្បីឲ្យធ្វើតាមខ្លួនបម្រើគណបក្សសង្គ្រោះជាតិដែរអត់? ខ្ញុំថា ខ្ញុំមិនមានគំនិតញុះញង់អីទេ ខ្ញុំថា ខ្ញុំជាប្រជាពលរដ្ឋ ខ្ញុំមានសិទ្ធិសំដែងមតិ»។ 

មេធាវីការពារក្ដី លោក សំ សុគង់ មានប្រសាសន៍ថា ​ដីកាកោះហៅប្រឆាំងនឹងអតីតចៅសង្កាត់ និងអតីតក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ គឺកើតចេញពីបណ្ដឹងរបស់អាជ្ញាធរខេត្តបាត់ដំបង ដែលសង្ស័យថា ពួកគេបានធ្វើសកម្មភាពជួបជុំគ្នា និងញុះញង់ពលរដ្ឋប្រឆាំងនឹងសាលដីកាតុលាការកំពូលផ្ទុយនឹងមាត្រា ៥២៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

មេធាវីរូបនេះបន្ដថា កូនក្ដីរបស់លោកបានចោទសួរទៅតុលាការវិញថា តើការជួបជុំគ្នារបស់ពួកគេនោះ បានបំពានត្រង់ចំណុចណា នៃសាលដីការបស់តុលាការកំពូល និងចាត់ទុកការកោះហៅនេះថា ធ្វើឡើងក្រោមហេតុផលនយោបាយ។

លោកបន្ដថា៖ «គេសួរពួកគាត់ទាក់ទងនឹងការប្រឆាំង ឬបំពានសាលដីកាតុលាការកំពូល។ ខ្ញុំឃើញតំណាងអយ្យការដែលសាកសួរពួកគាត់ទាំង៣នាក់ហ្នឹង គឺទៅតាមរបាយការណ៍របស់ស្នងការខេត្ដ គឺពាក់ព័ន្ធនឹងការមិនគោរពសាលដីការបស់តុលាការកំពូល គឺពាក់ព័ន្ធនឹងការជួបជុំគ្នានៅខេត្តបាត់ដំបងហ្នឹង»។

ក្រមព្រហ្មទណ្ឌកម្ពុជា ត្រង់មាត្រា៥២៣ ចែងអំពីបទល្មើសនៃការធ្វើឲ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ ដូចជា ការរិះគន់លើលិខិត ឬសេចក្ដីសម្រេចរបស់តុលាការ ក្នុងបំណងបង្កភាពវឹកវរដល់សណ្ដាប់ធ្នាប់សាធារណៈ។ បើតាមក្រមព្រហ្មទណ្ឌកម្ពុជា បទល្មើសនេះមានទោសពន្ធនាគារពី១ខែ ទៅ៦ខែ និងការពិន័យជាប្រាក់ពី១សែនរៀល ដល់១លានរៀល។

តុលាការកំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ជាគណបក្ស​ប្រឆាំង​​កាល​ពីខែ​វិច្ឆិកា​​ ឆ្នាំ​២០១៧​ ហើយ​ហាមឃាត់​មន្ត្រីជាន់ខ្ពស់​១១៨​រូប មិន​ឲ្យ​ធ្វើ​​នយោបាយ៥ឆ្នាំ។

ទោះបីជា​យ៉ាងណា​ អតីត​សមាជិក​គណបក្ស​ប្រឆាំង​នៅ​ខេត្តបាត់ដំបង​ដែល​ត្រូវ​បាន​កោះហៅ​ទាំង​នេះ​ គឺគ្រាន់​តែជា​មន្ត្រីថ្នាក់​មូលដ្ឋាន​របស់​គណបក្ស​នេះ​ មិនមានឈ្មោះក្នុងចំណោម១១៨នាក់នេះទេ។​      

ក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញ អង្គការឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ថ្កោលទោស​ការ​កោះហៅ​នេះថា ជាការ​ធ្វើ​ទុក្ខ​បុកម្នេញបន្ថែមទៀតមកលើអតីតបក្សប្រឆាំងពីសំណាក់រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា និងអំពាវនាវឲ្យបញ្ឈប់ការគំរាមកំហែងនេះជាបន្ទាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ