លោក សុខ ទូច ថាការផ្តិតមេដៃមិន​អាចទទួលបាន​កោះត្រល់​មក​វិញ​ទេ

សុខ ទូច ឆ្លើយ​តប​ទៅនឹង​សំណួររបស់​អ្នកសារព័ត៌មាន ​ក្រោយពេល​លោក​ចូលបំភ្លឺនៅសាលាដំបូង ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានអះអាង​ថា វាមិនដែលមាន​នោះទេគ្រាន់​តែផ្តិត​មេដៃបាន​កោះត្រល់​មកវិញនោះ។

កាលពីឆ្នាំ២០១៨ គណបក្សខ្មែរក្រោក ប្រកាសធ្វើយុទ្ធនាការប្រមូលស្នាមមេដៃដាក់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យសន្ធិសញ្ញាបំពេញបន្ថែម ដែលគណបក្សនេះចាត់ទុកថា ធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី។​ ប៉ុន្តែ ពេលនោះ លោកសុខ ទូច​ បាន​អំពាវ​នាវឲ្យ​ចាត់​វិធាន​ការគណបក្ស​នោះ ដោយ​ថា ​វា​នឹង​ធ្វើឲ្យប៉ះពាល់​សន្តិសុខសង្គម។ ក្រោយ​មក ​នៅអំឡុងខែសីហា ឆ្នាំ២០១៨ តំណាងបក្សខ្មែក្រោក បាន​ដាក់​ពាក្យ​បណ្ដឹងទៅតុលាការប្តឹងប្រធានរាជ​បណ្ឌិត្យសភា​កម្ពុជារូបនេះ ពីបទ កុបកម្ម និងជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ ។

ឆ្លើយ​តប​ទៅនឹង​សំណួររបស់​អ្នកសារព័ត៌មាន ​ក្រោយពេល​លោក​ចូលបំភ្លឺនៅសាលាដំបូងនៅព្រឹក​ថ្ងៃនេះ លោក សុខ ទូច បាន​លើកឡើងថា​ ការធ្វើ​សន្និសីទសារព័ត៌មាន​របស់លោក កាល​ពីឆ្នាំ២០១៨ ទាក់​ទងនឹងការប្រមូលស្នាម​មេដៃទាមទារ​កោះត្រល់​របស់​បក្សខ្មែក្រោក គឺដើម្បីពន្យល់​ពលរដ្ឋ​ឲ្យដឹង​ថា នៅលើពិភពលោក វាមិន​ដែលមាន​នោះ​ទេ គ្រាន់​តែផ្តិ​តមេដៃបាន​ទឹកដី​មក​វិញនោះទេ។

លោក ​មានប្រសាសន៍ថា៖ «ការចោទប្រកាន់ហ្នឹង មិនត្រឹមត្រូវទេ។ តែពាក្យធ្វើបទសម្ភាសន៍ជាផ្លូវការសារព័ត៌មានសាធារណជន ខ្ញុំបានធ្វើមែននៅ(ឆ្នាំ)២០១៨ ហ្នឹង ពីព្រោះមូលហេតុអី ពីព្រោះយើងដើរផ្ដិតស្នាមមេដៃ ដើម្បីយកកោះត្រល់។ អ៊ីចឹង បើយកកោះត្រល់ សួរថា លក្ខណៈប្រវត្តិសាស្រ្ត គាត់យល់ទេ គាត់នៅឡើយ ហើយផ្លូវច្បាប់អន្តរជាតិមានទេ នៅលើពិភពលោកគ្រាន់តែផ្ដិតស្នាមមេដៃទទួលបានកោះត្រល់មកវិញ ឬបានប្រទេសមកវិញ? វាដែលមានទេ? វាអត់ដែលមានទេ»។

លោក បន្ត​ថា ​ក្នុងនាមលោកអ្នកវិទ្យាសាស្រ្ត ត្រូវតែនិយាយបញ្ហា​នេះ​​ប្រាប់ទៅមហាជន ហើយលោក ក៏បាន​ច្រាន​ចោល​រឿងដែល​ចោទលោកថា ទៅបង្កើតកុបកម្ម និង​ជ្រៀតជ្រែកមុខសាធារណៈនោះ។

អនុប្រធានគណបក្សខ្មែរក្រោក លោក ម៉ាក ធីបុត្រ បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា យុទ្ធនាការប្រមូលស្នាមមេដៃទាមទារកោះត្រល់កាលពីឆ្នាំ២០១៨ នោះ គឺគណបក្សលោកធ្វើទៅតាមការចង់បានរបស់មហាជនប៉ុណ្ណោះ​។

លោក បានសរសេរថា៖ «សុំកុំធ្វើការបន្លប់អង្គហេតុ ចំពោះយុទ្ធនាការស្នាមមេដៃមួយដើម្បីកោះត្រល់។ គណបក្សខ្មែរក្រោក ធ្វើការផ្ដួចផ្ដើមតាមការចង់បានរបស់មហាជន ដោយយោង និងពិនិត្យលើរដ្ឋធម្មនុញ្ញ មាត្រា៩២ ដែលប្រមូលស្នាមមេដៃដាក់ញត្តិអោយក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យសារឡើងវិញ»។

អតីតមន្រ្តី​បក្សប្រឆាំង បានលើកឡើង​ជាញឹកញាប់​ថា​ កម្ពុជាបានខាតបង់ទឹកដីទៅប្រទេសវៀតណាម​ ដោយ​សា​រ​តែសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលក្នុងនោះក៏មាន​កោះត្រល់​ផងដែរ។ ប៉ុន្តែ រដ្ឋាភិបាល​បាន​ច្រាន​ចោល​ការ​ចោទប្រកាន់នេះ ដោយថា កម្ពុជាមិន​បាន​បាត់​បង់​ទឹកដី​ឡើយ​ ហើយករណី​​កោះ​ត្រល់​ បាន​បាត់​​តាំងពី​សម័យ​មុនមកម្ល៉េះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ