ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន អះអាងថា កម្លាំងជំនាញកំពុងស្រាវជ្រាវ និងស្វែងរកទីតាំងរបស់ជនជាតិចិនមួយក្រុម ដែលគំរាមបង្កអសន្ដិសុខនៅក្នុងខេត្តនេះ។
លោក ជួន ណារិន ប្រាប់ VOD នៅថ្ងៃនេះថា ប្រតិបត្ដិការស្រាវជ្រាវនេះ គឺបន្ទាប់ពីជនជាតិចិនមួយក្រុមដែលគ្នាជាង ១០នាក់ បានបង្ហោះវីដេអូខ្លីមួយ ដែលគេសង្ស័យថា ពួកគេមានបំណងបង្កអសន្ដិសុខ និងគ្រោះថ្នាក់ផ្សេងៗ ទៅលើខេត្តជាប់សមុទ្រមួយនេះ។
យ៉ាងណាក៏ដោយ លោក ជួន ណារិន អះអាងថា សមត្ថកិច្ចមិនទាន់ដឹងពីទីកន្លែងលាក់ខ្លួន និងចេតនាពិតប្រាកដរបស់ពួកគេនោះ។ ប៉ុន្ដែ លោកថា សមត្ថកិច្ចនឹងមិនអនុញ្ញាតឲ្យពួកគេធ្វើសកម្មភាពបំពានច្បាប់ណាមួយនៅក្នុងប្រទេសកម្ពុជានោះទេ។
លោកបន្ដថា៖ «នៅទេ មិនទាន់ចាប់បានទេ យើងកំពុងតែស្រាវជ្រាវ មិនដឹងថា វានៅកំពង់សោម ឬមួយចំណុចណាទេ ហើយឥឡូវយើងកំពុងឆែករកទីតាំង។ វាគ្រាន់តែនិយាយថា ពួកវានៅខេត្តអីចឹង ហើយបើតាមគេបកប្រែភាសាហ្នឹង ថា គេចង់បង្កភាពវឹកវរ ឬមិនវឹកវរគឺលើគេក្នុងរយៈពេល៣ឆ្នាំទៀតនៅកំពង់សោម»។
របាយការណ៍របស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ២០១៨បង្ហាញថា ជនជាតិចិននៅកម្ពុជាមានចំនួន ២១ម៉ឺននាក់ ក្នុងនោះ ជនជាតិចិនកំពុងរស់នៅខេត្តព្រះសីហនុមានច្រើនជាងគេរហូតដល់ទៅ ៧ម៉ឺន៨ពាន់នាក់ (៧៨ ០០០នាក់)។
ដោយឡែករបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បង្ហាញផងដែរថា គិតត្រឹមខែតុលាឆ្នាំ២០១៨ ជនជាតិចិនដែលប្រព្រឹត្តខុសច្បាប់នៅកម្ពុជាមានចំនួន ៣៧៣នាក់ ក្នុងនោះស្រីមាន៦៦នាក់ ភាគច្រើនប្រព្រឹត្តបទល្មើស២ប្រភេទ គឺបទល្មើសគំរាមជំរិត និងឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។
ក្នុងពិធីជួបជាមួយពលរដ្ឋខ្មែរនៅក្នុងប្រទេសស្វីស កាលពីថ្ងៃទី២៤ខែតុលា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអំពាវនាវកុំឲ្យពលរដ្ឋព្រួយបារម្ភពីចំនួនជនជាតិចិននេះ។ លោក ហ៊ុន សែន អះអាងថា ចិនកំពុងតែបោះលុយវិនិយោគមកជួយសេដ្ឋកិច្ចរបស់កម្ពុជា ហើយថា ពលរដ្ឋចិននឹងត្រឡប់ទៅប្រទេសពួកគេវិញ ក្រោយពេលចប់ការងារ៕