ទីបំផុតទៅ មេដឹកនាំនេប៉ាល់បានមកដល់ប្រទេសកម្ពុជាដូចការគ្រោងទុកហើយនៅថ្ងៃនេះ ដែលជាការចាប់ផ្ដើមនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃនៅកម្ពុជា។
ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីសប្ដាហ៍មុន ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា នាយករដ្ឋមន្ត្រីនេប៉ាល់ លោក ខេ ភី សាម៉ា អូលី និងគណៈប្រតិភូជាន់ខ្ពស់នេប៉ាល់ គ្រោងបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភានេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ មេដឹកនាំនេប៉ាល់រូបនេះគ្រោងជួបពិភាក្សាជាបន្តបន្ទាប់ជាមួយមេដឹកនាំកម្ពុជា មានប្រធានព្រឹទ្ធសភា លោក សាយ ឈុំ មេដឹកនាំរដ្ឋសភា លោក ហេង សំរិន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រសួងការបរទេសកម្ពុជាចាត់ទុកដំណើរទស្សនកិច្ចមេដឹកនាំនេប៉ាល់នៅកម្ពុជានាពេលនេះថា ជាការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីលើវិស័យសេដ្ឋកិច្ច រហូតដល់វប្បធម៌៕