មន្ត្រីមួយចំនួននៃសាលាដំបូងខេត្តកំពង់ចាម អះអាងថា ពិតជាមានការដោះលែងមន្ត្រីកងរាជអាវុធហត្ថមួយរូបពាក់ព័ន្ធករណីហិង្សាមែន ប៉ុន្តែ ថាពួកគេមិនដឹងពីមូលហេតុនៃការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ននោះទេ។
កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានសម្រេចឃុំខ្លួនមន្ត្រីកងរាជអាវុធហត្ថសក្តិ៤ ឈ្មោះ សាន្ត សុខុម នៅពន្ធនាគារបណ្ដោះអាសន្នដោយចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយគំរាមកំហែង និងបទប្រើប្រាស់អាវុធគ្មានការអនុញ្ញាត»។
ប៉ុន្តែ ក្រោយមកមានការផ្សព្វផ្សាយថា មន្ត្រីពាក់សក្តិ៤រូបនេះ ត្រូវបានដោះលែងដោយស្ងៀមស្ងាត់ទៅវិញ។ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា ប្រាប់អាស៊ីសេរី ថាលោក សាន្ត សុខុម ត្រូវបានដោះលែងតាំងពីថ្ងៃទី១៩ ខែមេសា ហើយលោកមិនបានដឹងមូលហេតុទេ។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ចាម លោក ជុំ ណារ៉ាន់ ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះ ថា លោកមិនបានដឹងថា តុលាការដោះលែងលោក សាន្ត សុខុម នៅថ្ងៃណានោះទេ ហើយថាក៏មិនបានដឹងពីមូលហេតុដែលចៅក្រមស៊ើបសួរសម្រេចដោះលែងដែរ។
លោកថា៖ «រឿងនេះជាកិច្ចការរបស់ចៅក្រម ខ្ញុំគ្រាន់តែជាអ្នកនាំពាក្យ ខ្ញុំគ្រាន់តែដឹងថាមានការដោះលែងមែន។ បើនិយាយរឿងហ្នឹងជាកិច្ចការរបស់ចៅក្រមទេ ខ្ញុំអត់ដឹងថាហេតុផលអី ដែលគេដោះលែងទេ»។
ក្រឡាបញ្ជី លោក វីរៈ នាថ សុំមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះ ដោយឱ្យទៅសួរព្រះរាជអាជ្ញាវិញ។ ចំណែកព្រះរាជអាជ្ញារង លោក ហ៊ួត វុទ្ធី លើកឡើងថា លោកអត់បានដឹងរឿងនេះទេ ដោយសុំពេលសួរចៅក្រមសិន។
លោកថា៖ «ខ្ញុំអត់ដឹងផង ចាំមើលខ្ញុំសួរ [គេ] សិន»។
ប៉ុន្តែ នៅពេល វី.អូ.ឌី ទាក់ទងទៅម្តងទៀត ព្រះរាជអាជ្ញារងរូបនេះមិនទទួលទូរសព្ទ។
វី.អូ.ឌី មិនអាចសុំការបំភ្លឺពីចៅក្រមស៊ើបសួរ លោក នៅ យ៉ារ័ត្ន ជុំវិញការសម្រេចដោះលែងលោកសក្តិ៤ឈ្មោះ សាន្ត សុខុម ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ននោះទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តកំពង់ចាម អ្នកស្រី ធីម ណារីន ចាត់ទុកការដោះលែងនេះថា ជាការអនុវត្តច្បាប់មានស្តង់ដារពីរ។
លោកថា៖ «សម្រាប់មតិមហាជន គេនឹងថា ការដោះលែងស្ងាត់ៗហ្នឹងគឺមានភាពមិនប្រក្រតីនៅក្នុងរឿងហ្នឹង ហើយយើងឃើញថា បើសិនជាការប្រព្រឹត្តិរបស់គាត់ វាគួរតែទទួលទោសតាមច្បាប់តំណត់ហើយ។ បើសិនជាតុលាការដោះលែងបែបនេះ មានន័យថា តុលាការមិនអនុវត្តត្រឹមត្រូវតាមគោលការណ៍ [ច្បាប់] ស្ដង់ដារតែមួយទេ»។
វីដេអូកាមេរ៉ាសុវត្ថិភាពមួយបានបង្ហាញបុរសម្នាក់ស្ថិតក្នុងសម្លៀកបំពាក់ស៊ីវិល បានដកកាំភ្លើងភ្ជង់ និងវាយទៅលើបុរស២នាក់ក្នុងជម្លោះមួយ នៅឯហាងអ៊ីនធឺណិតស្ថិតក្នុងខេត្តកំពង់ចាមកាលពីថ្ងៃទី១៨ ខែមីនា។ បុរសជនបង្កនោះឈ្មោះ សាន្ត សុខុម ជាមន្ត្រីកងរាជអាវុធហត្ថពាក់សក្តិ៤នៅខេត្តកំពង់ចាម ត្រូវជាកូនរបស់លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។
ក្រោយហេតុការណ៍ភ្លាមៗមិនមានការចាប់ខ្លួនជនបង្កនេះ ក្រោយមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដកតំណែងមេកងរាជអាវុធហត្ថខេត្តក្រចេះ បើសិនជាមិនបញ្ជូនកូនប្រុសដែលដកកាំភ្លើងគំរាមពលរដ្ឋនៅខេត្តកំពង់ចាមចូលមកដោះស្រាយនៅតុលាការ។ ក្រោយមករហូតដល់ថ្ងៃទី២៦ ខែមីនា ទើបមន្ត្រីសក្តិ៤រូបនេះចូលបំភ្លឺនៅតុលាការហើយត្រូវចោទប្រកាន់។
មាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌចែងថា ហិង្សាដោយចេតនាត្រូវផ្ដន្ទាទោសពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល។
ចំណែកមាត្រា ២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ចែងថា ជនណាដែលបំពាក់តាមខ្លួន កាន់កាប់ ប្រើប្រាស់នូវអាវុធគ្រឿងផ្ទុះគ្រប់ប្រភេទ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី៥០ម៉ឺនរៀល ទៅ២លានរៀល។