ស្ថានទូតចិនថាក្រុមព្រមានបង្កអសន្តិសុខនៅព្រះសីហនុជាការលេងសើច

ជនជាតិចិនដែលបង្ហោះវីដេអូថានឹងបង្កអសន្តិសុខនៅខេត្តព្រះសីហនុ។ រូបភាព៖ បណ្ដាញសង្គម

ស្ថានទូតចិនប្រចាំកម្ពុជាអះអាងថា បុរសជនជាតិចិនមួយក្រុមដែលថតវីឌីអូនៅពេលថ្មីៗនេះព្រមានអុកឡុកក្រុងព្រះសីហនុ គឺដោយសារពួកគេស្រវឹងស្រា ហើយថតក្នុងគោលបំណងដើម្បីលេងសើចតែប៉ុណ្ណោះ។​​

សេចក្តីជូនដំណឹងរបស់ស្ថានទូតចិនកាលពីម្សិលមិញបញ្ជាក់ថា បុរសមួយក្រុមនោះពិតជា មកពីខេត្ត Chongqing ប្រទេសចិនមែន ប៉ុន្តែពួកគេមិនដែលជាប់ពាក់ព័ន្ធជាមួយក្រុមងងឹងបង្កបទឧក្រិដ្ឋអ្វីនោះទេ។​

ស្ថានទូតចិន៖«ក្រោយការស៊ើបអង្កេតយ៉ាងម៉ត់ចត់របស់សមត្ថកិច្ចចិន រកឃើញថា វីដេអូនេះត្រូវបានថតដោយជនជាតិចិនមកពីទីក្រុង Chongqing ដែលបានមកធ្វើការនៅប្រទេសកម្ពុជាកាលពីខែមីនា ឆ្នាំនេះ ហើយក្រោយពីស្រវឹងស្រារួច ពួកគេបានថតវីដេអូមិនល្អបែបនេះ ដោយគ្រាន់ជាការលេងសើចប៉ុណ្ណោះ។ បុគ្គលទាំងឡាយនៅក្នុងវីដេអូនេះ មិនមានជាប់ពាក់ព័ន្ធនឹងសង្គមងងឹតណាមួយទេ។»

ប៉ុន្តែអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់ វី.អូ.ឌី កាលពីថ្ងៃពុធថា ជនជាតិចិនទាំងនោះមិននៅកម្ពុជាទេ ហើយថា វីឌីអូនោះ ជាវីឌីអូចាស់ដែលថតតាំងពីណាស់មកហើយ ប៉ុន្តែមិនដឹងពេលណានោះទេ។​

ក្នុងវីដេអូឃ្លីបរយៈពេលប្រហែល១០វិនាទី ដែលត្រូវបានចែកចាយជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម បុរសម្នាក់ស្ថិតក្នុងចំណោមក្រុមបុរសជនជាតិចិនជាង ២០នាក់ បាននិយាយជាភាសាចិន ដែលត្រូវបានបកប្រែមកជាភាសាខ្មែរថា ពួកគេជាជនជាតិចិនមកពីទីក្រុងឆុងជីង នឹងបង្កភាពវឹកវរនៅខេត្តព្រះសីហនុ ក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ