ស្វែង សុជាតា បរិយាយរឿងហូបបួស និងរស់នៅដូចអ្នកសច្ចំ

អ្នកនាង ស្វែង សុជាតា ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ក្នុងពិធីក្រុងពាលីថតរឿងថ្មីនៅប៉ុស្តិ៍លេខ៥កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា។ រូបភាព៖ វង្ស សុម៉ាលីន

ក្នុងពិធីក្រុងពាលីថតរឿងថ្មីនៅប៉ុស្តិ៍លេខ៥កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា តារាសម្ដែងជើងចាស់ អ្នកនាង ស្វែង សុជាតា បានអះអាងថា អ្នកនាងរស់នៅសព្វថ្ងៃមិនខុសពីអ្នកសច្ចំនោះទេ ដោយក្រៅពីមិនទទួលសាច់ ហូបតែម្ហូបបួស សូត្រធម៌ភាវនា អ្នកនាងក៏ចំណាយពេលសមាធិ ជាមួយស្វាមី ដែលអតីតជាអ្នកបួសនៅភ្នំគូលែនជាប្រចាំ។

យ៉ាងណាមិញ អ្នកនាងថា ខ្លួនមិនអាចបួសជាដូនជី ឬធ្វើជាអ្នកសច្ចំបាននៅឡើយទេ ក្នុងពេលដែលអ្នកនាងនៅមានបន្ទុករកលុយចិញ្ចឹមកូន ទាំងកូនស្វាមីមុន និងជាមួយស្វាមីក្រោយ ដែលមិនអាចរស់ក្នុងសភាពជាអ្នកបួស លែងគិតនឹងការងារមនុស្សលោកបាននៅឡើយ។

អ្នកនាង ស្វែង សុជាតា និយាយថា រយៈពេលប្រមាណជិតមួយឆ្នាំមកហើយ ដែលអ្នកនាងតមកម្មវិធីសប្បាយៗ ហូបចុក ហើយហូបតែម្ហូបបួស និងសមាធិរៀនធម៌ ដើម្បីចិត្តស្ងប់ស្ងាត់ រាល់ពេលដែលអ្នកនាងទំនេរពីការសម្ដែង។

អ៊ីចឹងហើយទើបអ្នកនាងមិនសូវចូលរួមក្នុងកម្មវិធីជប់លៀងតារាសិល្បៈ ដើម្បីគេចពីម្ហូបដែលមានជាតិសាច់ កុំអោយខុសតំណម។ អ្នកនាងថា ហេតុផលដែលអ្នកនាងហូបបួស និងសមាធិសូត្រធម៌រាល់ថ្ងៃ គឺដោយសារតែអ្នកនាងបានសច្ចារឿងមួយ ហើយក្រោយពីរឿងមួយនោះបានសម្រេចទើបអ្នកនាងថ្វាយខ្លួននឹងព្រះធម៌។

អ្នកនាងថា ខ្លួនមិនខុសពីអ្នកសច្ចំនោះទេ ពីរនាក់ប្ដីប្រពន្ធអ្នកនាង ដោយអ្នកនាងបញ្ជាក់ថា ប្រសិនបើគ្មានបន្ទុកកូន គឺអ្នកនាង និងស្វាមី មិនចង់បានអ្វីសោះតែម្ដង ក្រៅពីចង់តែបួស។ អ្នកនាងនិយាយថា ការងារថតកុនរាល់ថ្ងៃ មិនមែនថតដើម្បីចង់ល្បីនោះទេ ប៉ុន្តែ អ្វីដែលអ្នកតស៑ូទាំងយប់ទាំងថ្ងៃ គឺដើម្បីរកលុយចិញ្ចឹមកូន និងបង់ថ្លៃផ្ទះ ដើម្បីកុំអោយពិបាកខ្លួន និងកូនៗ ដែលត្រូវការលុយដើម្បីរស់។

អ្នកនាង ស្វែង សុជាតា បន្តថា អ្នកនាងហូបតែបន្លែ និងផ្លែឈើដូចអ្នកបួស ហើយបើនិយាយពីចិត្ត និងផ្នត់គំនិតវិញ គឺមិនមានចង់បានអ្វីដូចមុនតែម្ដង ក្រៅតែពីចង់សមាធិរៀនធម៌ និងរស់នៅដោយស្ងប់ស្ងាត់នៅកន្លែងដែលគ្មានការរំខាន។

អុីចឹងហើយទើបអ្នកនាងមិនសូវទទួលថតឆ្លេឆ្លារកពេលសម្រាកមិនបានដូចមុន ដោយទាល់តែចប់មួយរឿងទើបទទួលមួយរឿង ដើម្បីកុំអោយហត់ពេក និងដើម្បីទុកពេលសមាធិរៀនធម៌។

អ្នកនាងទើបតែទទួលថតនៅប៉ុស្តិ៍លេខ៥ ក្នុងរឿង “បុប្ផាស្រុកស្រែ” កាលពីថ្ងៃទី១៧ ខែឧសភា ដោយសារតែរឿងដែលអ្នកនាងបានថតនៅក្នុងផលិតកម្មផ្សេង រយាល និងចប់អស់ទៅហើយ។

អ្នកនាងនិយាយថា៖ «មួយឆ្នាំហ្នឹង ក្នុងចិត្តរាល់ថ្ងៃគឺថាលែងចង់បានអីតែម្ដង សូម្បីតែរឿងតែថតជាន់គ្នា ហត់ពេក ក៍អត់ទទួល សរុបមកទើបតែទទួលថតរឿងអោយប៉ុស្តិ៍៥ ក្នុងរឿង បុប្ផាស្រុកស្រែ ហ្នឹងទេ ដោយសារ ដោយសាររឿងហ្នឹងទាក់ទងមកយូរហើយ ហើយក៏ចំខ្ញុំអាចឆ្លៀតបាន»។

ភាពយន្តនេះ អ្នកនាងថា គ្រោងចំណាយថតរយៈពេល៣ខែ ទៅ៣ខែកន្លះ ខណៈដែលប្លង់ថតភាគច្រើន គឺស្ថិតនៅខេត្តកំពង់ចាម និងជាយភ្នំពេញ ហើយជាការដឹកនាំផលិតដោយផលិតករថៃ និងកម្ពុជា ប្រចាំនៅប៉ុស្តិ៍លេខ៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ