តំណាងពលរដ្ឋអះអាងថា អ្នកភូមិមានជម្លោះដីធ្លីប្រមាណ៣០០នាក់ មកពី១០សហគមន៍ បានប្រមូលផ្តុំគ្នាឈរលើកបដាមុខសាលាខេត្តព្រះសីហនុនៅថ្ងៃនេះ ដើម្បីជំរុញទៅអាជ្ញាធរខេត្តឲ្យពន្លឿនការដោះស្រាយ និងចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគេ។
ប្រធានគណៈកម្មការសហគមន៍ដីធ្លីខេត្តព្រះសីហនុ លោក យូ វាសនា ប្រាប់ វី.អូ.ឌី ថា ការប្រមូលផ្តុំរបស់សហគមន៍នៅថ្ងៃនេះ គឺដើម្បីស្នើទៅអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀតដោះស្រាយបញ្ចប់បញ្ហាដីធ្លី និងចេញប័ណ្ណកម្មសិទ្ធឲ្យបានឆាប់ ដោយពួកគេបារម្ភពីការរំលោភយកដីធ្លីពីណាក់អ្នកមានលុយមានអំណាច និងជនខិលខូចមួយចំនួន។
លោក បន្ថែមថា៖ «ប្រជាសហគមន៍នីមួយៗហ្នឹងកំពុងតែជួបផលលំបាក ដោយសហគមន៍ខ្លះគាត់អត់បានចូលទៅបង្កបង្កើនផល ក៏ដូចជា រស់នៅលើដីធ្លីរបស់គាត់ទេ។ ត្រូវបានអាជ្ញាធរប្រើកម្លាំងប្រដាប់អាវុធបណ្តេញពួកគាត់ចេញទាំងបង្ខំ ដោយមានការចាប់ដាក់ខ្នោះ ចាប់ដាក់គុក។ ចំណែកសហគមន៍ខ្លះ គាត់បានរស់នៅលើដីគាត់ដែរ ប៉ុន្តែ ត្រូវបានក្រុមហ៊ុនមួយទៀតធ្វើរបងបិទផ្លូវរំលោភយកដីសហគមន៍ហ្នឹងទាំងមូលតែម្តង ហើយសហគមន៍ខ្លះ ត្រូវបានវាស់វែងរួចហើយ ប៉ុន្តែ មិនទាន់បានចេញប័ណ្ណកម្មសិទ្ធជូនពួកគាត់ទេ»។
លោក ម៉ន ស៊ីណា ដែលអះអាងថា ជាតំណាងពលរដ្ឋនៅសហគមន៍អូរដំរី បានឲ្យដឹងថា ការប្រមូលផ្តុំរបស់អ្នកភូមិនៅថ្ងៃនេះ ក្រៅពីស្វែងរកដំណោះស្រាយដីធ្លីផ្ទាល់ខ្លួន ក៏មានអ្នកភូមិខ្លះតវ៉ាទាមទារដីវត្តអារាមដែលកំពុងរងការរំលោភបំពានពីជនខិលខូចផងដែរ។
តំណាងសហគមន៍រូបនេះបញ្ជាក់ថា ប្រជាពលរដ្ឋសម្រេចឡើងមកតវ៉ាដល់ខេត្តបែបនេះដោយសារតែជម្លោះដីធ្លីពួកគេខ្លះបានអូសបន្លាយជាង១០ឆ្នាំពុំមានដំណោះស្រាយ និងយន្តការផ្តល់ប័ណ្ណកម្មសិទ្ធដីធ្លីរបស់រដ្ឋខេត្តមានភាពយឺតយ៉ាវពេក។
លោកបន្ថែមថា៖ «ប្រជាសហគមន៍មកទាមទារផ្សេងៗគ្នា អ្នកខ្លះគាត់បានវាស់វែងហើយគាត់សុំឲ្យពន្លឿនប្រគល់ប័ណ្ណកម្មសិទ្ធឲ្យគាត់ អ្នកខ្លះកំពុងមានជម្លោះគាត់សុំឲ្យពន្លឿនដោះស្រាយឲ្យគាត់ដែរ ចំពោះខ្ញុំវិញទាមទារដោះស្រាយដីវត្តដែលជនខិលខូចមួយចំនួនបានរំលោភយក»។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍ថា ក្រោយតវ៉ា តំណាងខេត្តបានជួបពិភាក្សាជាមួយតំណាងអ្នកភូមិដើម្បីស្វែងរកដំណោះស្រាយ។ ប៉ុន្តែ លោកថា ក្នុងចំណោមអ្នកតវ៉ាដីធ្លីនោះភាគច្រើន បញ្ហារបស់ពួកគេគឺស្ថិតក្នុងដៃតុលាការដែលហួតពីដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តក្នុងការដោះស្រាយ ខណៈបញ្ហាមួយចំនួនតូចទៀត រដ្ឋបាលខេត្តកំពុងពិនិត្យ និងពិចារណាដោះស្រាយជូនពលរដ្ឋទាំងនោះ។
លោក បន្តថា៖ «ករណីកំពុងស្ថិតនៅក្នុងចំណាត់ការរបស់តុលាការ គឺរដ្ឋបាលខេត្តយើងមិនអាចលើកយកមកធ្វើការដោះស្រាយបានទេ យើងទុកលទ្ធភាពឲ្យខាងតុលាការលោកស្វែងរកយុត្តិធម៌ជូនពួកគាត់។ ចំណែកពលរដ្ឋផ្សេងទៀតដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត យើងនឹងលើកយកមកដោះស្រាយជូនពួកគាត់»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះសីហនុ លោកស្រី ជាប សុធារី ធ្លាប់មានប្រសាសន៍ថា ខេត្តព្រះសីហនុបានផ្ទុះជម្លោះដីធ្លីស្ទើរគ្រប់កន្លែងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈតម្លៃដីធ្លីនៅខេត្តជាប់មាត់សមុទ្រមួយនេះបានហក់ឡើងខ្ពស់។
មន្រ្តីសម្របសម្រួលរូបនេះ បានស្នើទៅអាជ្ញាធរត្រូវធ្វើការផ្សព្វផ្សាយឲ្យទូលំទូលាយពីតំបន់ការពារនានា និងតំបន់ដីដែលជាកម្មសិទ្ធិរបស់ឯកជនរួចទៅហើយ ដើម្បីកុំឲ្យពលរដ្ឋចូលទៅរុករានខុសច្បាប់។
លោកស្រី បន្ថែមថា៖ «ប្រជាពលរដ្ឋមកពីតំបន់ផ្សេងខេត្តផ្សេងចូលមកចាប់ដី ឬធ្វើការវាស់វែង ឬលក់ដីទៅឲ្យពលរដ្ឋផ្សេងទៀត។ អ៊ីចឹង អាជ្ញាធរគួរតែមានវិធានការទៅលើបុគ្គលដែលបានប្រព្រឹត្តបទល្មើសនោះ។ ហើយខ្ញុំក៏សូមអំពាវនាវទៅប្រជាពលរដ្ឋទាំងអស់នៅខេត្តព្រះសីហនុ ឬអ្នកមកពីខេត្តផ្សេងៗ បើបងប្អូនចង់ទិញដីធ្លីក្នុងខេត្តព្រះសីហនុមេត្តាទំនាក់ទំនងជាមួយអាជា្ញធរមូលដ្ឋានឲ្យបានច្បាស់លាស់មុនសម្រេចចិត្តទិញ»។
របាយការណ៍សង្ខេបមួយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញផ្សាយឆ្នាំ២០១៨ កន្លងមកនេះ ឲ្យដឹងថា បញ្ហាវិវាទដីធ្លីទូទាំងប្រទេសនៅសល់ជិត ១៥០០ករណីទៀត នៅមិនទាន់ត្រូវបានដោះស្រាយចប់នៅឡើយទេ គិតត្រឹមចុងឆ្នាំ២០១៨៕