តំណាងអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក ក្រើនរំឭកដល់រដ្ឋាភិបាលកម្ពុជាជាថ្មីទៀត ឱ្យបញ្ឈប់ការគំរាមកំហែងផ្នែកនយោបាយទៅលើអតីតបក្សប្រឆាំង ដើម្បីធានាប្រយោជន៍ពលរដ្ឋខ្មែរទូទាំងប្រទេស។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅថ្ងៃអង្គារម្សិលមិញនេះ បានចេញសេចក្តីថ្លែងការណ៍ដ៏កម្រមួយ បញ្ជាក់ថា ខ្លួនកំពុងតាមដានដោយកង្វល់អំពីស្ថានភាពអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានកោះហៅ ឬឃុំខ្លួនដោយមន្ត្រីនគរបាល និងតុលាការកម្ពុជា។
សេចក្តីថ្លែងការណ៍នោះបានរំឭកអនុសាសន៍អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ដែលទើបបញ្ចប់បេសកកម្មនៅកម្ពុជាថ្មីៗនេះ បានលើកឡើងថា កម្ពុជាគួរផ្លាស់ប្តូរវប្បធម៌នយោបាយ ដោយផ្តោតលើបញ្ហាជាតិជាជាងផ្តោតតែលើបញ្ហាបុគ្គល។
លោកស្រី រ៉ូណា ស្មីត ថា៖ «ការការពារដោយច្បាប់នៃសេរីភាពបញ្ចេញមតិ អាចជួយឱ្យមានភាពជោគជ័យលើបញ្ហាប្រឈមនានានៃស្ថានភាពនយោបាយបច្ចុប្បន្ន សម្រាប់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល»។
ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រសប្តាហ៍មុន ចេញសេចក្តីថ្លែងការណ៍មួយដែរ ទាមទារឱ្យស៊ើបអង្កេតការស្លាប់សកម្មជនគណបក្សប្រឆាំងម្នាក់នៅខេត្តកំពង់ចាម គឺលោក ទិត្យ រ៉ន ដែលថា សកម្មជនរូបនេះបានស្លាប់គួរឱ្យសង្ស័យ អំឡុងពេលអាជ្ញាធរចាប់យកទៅឃុំខ្លួនក្នុងពន្ធនាគារ។
សហរដ្ឋអាមេរិកក៏បន្តទាមទារឱ្យដោះលែងប្រធានបក្សនេះ គឺលោក កឹម សុខា និងអ្នកទោសនយោបាយផ្សេងទៀតព្រមទាំងការដកចេញនូវបម្រាមទាំងអស់ចេញវិញ នូវអ្វីដែលអាមេរិកថា ដើម្បីធានាសិទ្ធិតបតាមច្បាប់អន្តរជាតិ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។
សមាជិករដ្ឋសភាអាមេរិក លោក អាឡាន ឡូវិនថល (Mr Alan Lowenthal) បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ម្សិលមិញនេះថា បក្សកាន់អំណាចនឹងបន្តប្រើកណ្តាប់ដៃដែកទប់ស្កាត់មិនឱ្យមានរបបប្រជាធិបតេយ្យសេរីនៅកម្ពុជាទេ។
លោកថ្លែងទៀតថា៖ «នាយករដ្ឋមន្ត្រី ហ៊ុន សែន និងរបបរបស់គាត់ បន្តប្រើកណ្តាប់ដៃដែកផ្តាច់ការ និងរំលោភសិទ្ធិសេរីភាពពលរដ្ឋកម្ពុជា។ ព្រឹត្តិការណ៍នាពេលថ្មីៗនេះ បង្ហាញយ៉ាងច្បាស់ថា គាត់គ្មានចេតនាឱ្យមានរបបប្រជាធិបតេយ្យពហុបក្សនៅកម្ពុជាទេ។ ចេតនាតែមួយគត់របស់គាត់គឺបន្តកាន់អំណាច និងគ្រប់គ្រង»។
សមាជិកសភាអាមេរិករូបនេះ ជុំរុញទៅរដ្ឋសភារបស់ខ្លួន ឱ្យចាត់វិធានការឆាប់រហ័សមួយដើម្បីសង្គ្រោះប្រជាធិបតេយ្យនៅកម្ពុជា។
លោកថា៖ «រដ្ឋសភាសហរដ្ឋអាមេរិកត្រូវចាត់វិធានការទៅមុខឱ្យបានឆាប់រហ័ស និងមានគោលដៅប្រើប្រាស់កម្លាំងទំាងស្រុងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រឆាំងនឹងលោក ហ៊ុន សែន នៅមុនពេលគាត់បំផ្លាញទាំងស្រុងនូវលទ្ធភាពនាំយកប្រទេសកម្ពុជាមកកាន់លទ្ធិប្រជាធិបតេយ្យវិញ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលការលើកឡើងទាំងនេះ ដោយថា ចំណាត់ការទាំងឡាយទៅលើអតីតមន្ត្រីបក្សប្រឆាំង រួមទាំងករណីឃុំខ្លួនលោក កឹម សុខា ផង ថាជាការអនុវត្តច្បាប់ ដើម្បីពង្រឹងនីតិរដ្ឋតាមគោលការណ៍ប្រជាធិបតេយ្យ។
អ្នកនាំពាក្យរូបនេះអះអាងទៀតថា ការលើកឡើងទាំងអស់ជាសិទ្ធិរបស់ស្ថាប័នទាំងនោះ ប៉ុន្តែ ថាសារទាំងនេះគ្មានឥទ្ធិពលអ្វីទៅលើរដ្ឋាភិបាលឱ្យប្តូរការសម្រេចចិត្តទេ។
លោកថា៖ «ដោយសារតែយើងខិតខំលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុសុ្សហ្នឹងហើយបានជាកម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ ក៏ដូចជា ពលរដ្ឋមានសេចក្តីសុខក្សេមក្សាន្តរហូតមកដល់ពេលនេះ។ ហើយប្រសិនបើវាមានការគាបសង្កាត់ អត់មានសិទ្ធិមនុស្សអត់មានអីហ្នឹង ខ្ញុំថានៅភ្នំពេញកំពុងតែហុយផ្សែងហើយ [ការបះបោរតវ៉ា] មិនអាចមានស្ថិរភាព និងសន្តិភាពដូចបច្ចុប្បន្នបានទេ»។
អ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ ហៅចំណាត់ការថ្មីៗទៀតនេះទៅលើអតីតមន្ត្រីបក្សប្រឆាំង ការស្លាប់របស់លោក ទិត្យ រ៉ន ក្នុងពន្ធនាគារផង ទំនងជាអន្តរជាតិមិនជឿថា ជាការអនុវត្តច្បាប់ទេ កញ្ញាថា ព្រោះរឿងនេះវាបានកើតឡើង ក្រោយនាយករដ្ឋមន្ត្រីបញ្ជាផ្ទាល់មាត់ឱ្យបន្តទប់ស្កាត់ចលនាបក្សប្រឆាំងដោយប្រើពាក្យ«ងើបមួយវ៉ាយមួយ» ។
អ្នកវិភាគរូបនេះ ផ្តល់ជាយោបល់ថា ដើម្បីបញ្ចៀសកម្ពុជាពីវិបត្តិសង្គម មេដឹកនាំត្រូវពង្រឹងយន្តការសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ តាមស្មារតីរដ្ឋធម្មនុញ្ញ ដែលប្រសូត្រចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាជាងគេចចេញពីការទទួលខុសត្រូវ ដោយបង្វែរថា អនុសាសន៍ទាំងនោះ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
កញ្ញាថា៖ «ខ្ញុំថា រដ្ឋាភិបាលគួរតែកុំយកចិត្តទុកដាក់ទៅលើពាក្យថា «ជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជាពីបណ្តាលប្រទេសលោកសេរី» មានន័យថា បើកាលណាយើងគិតអ៊ីចឹង យើងមិនបានគិតទៅលើអ្វីដែលយើងកំពុងរំលោភសិទ្ធិពលរដ្ឋយើងទេ។ អ៊ីចឹង ខ្ញុំគិតថា បញ្ហាគោលការណ៍សិទ្ធិមនុស្សអីហ្នឹង ជារឿងត្រឹមត្រូវ ជាកាតព្វកិច្ចដែលរដ្ឋាភិបាលគួរតែពិនិត្យមើល ដោយមិនចាំបាច់ឱ្យនរណាមកប្រាប់ទេ»។
ជម្លោះនយោបាយនៅកម្ពុជា ដែលបានផាត់គណបក្សប្រឆាំងមានអ្នកគាំទ្រជាង៣លាននាក់ចេញពីឆាកនយោបាយនេះ បានជំរុញឱ្យសហគមន៍អន្តរជាតិប្រតិកម្ម និងប្រកាសពីវិធានការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម ដោយថា ដើម្បីដាក់សម្ពាធឱ្យរដ្ឋាភិបាលងាកទៅស្តារប្រជាធិបតេយ្យឡើងវិញ។
ករណីនេះ សមាជិកព្រឹទ្ធសភាអាមេរិក ៣រូប កាលពីសប្តាហ៍មុន បានស្នើច្បាប់ថ្មីមួយទៀតដែលច្បាប់នេះ ចងកាតព្វកិច្ចកម្ពុជា ឱ្យអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យបានពេញលេញធានាសន្តិសុខក្នុងតំបន់ ទប់ស្កាត់ឥទ្ធិពលចិន ត្រូវធានាពីដំណើរការប្រជាធិបតេយ្យឡើងវិញដោយមានគណបក្សប្រឆាំងចូលរួម ជាដើម។