សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ (University of South-East Asia) បង្ហាញការសោកស្តាយដែលនិស្សិតរបស់ខ្លួនម្នាក់ច្រៀងបទចំរៀងរិះគន់សង្គមនៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃ។
តាមរយៈសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានសំដែងនូវការសោកស្ដាយដែលនិស្សិតរបស់ខ្លួនឈ្មោះ ឈុន ឌីម៉ី ដែលបាននិពន្ធ និងច្រៀងចំរៀងមួយបទមានចំណងជើងថា «សង្គមនេះ»។ សាកលវិទ្យាល័យនៅខេត្តសៀមរាបមួយនេះ ចាត់ទុកថាបទចម្រៀង «សង្គមនេះ» បានធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងផ្ទុយពីគោលនយោបាយយុទ្ធសាស្ដ្រចតុកោណរបស់រដ្ឋាភិបាល។
ក្នុងសេចក្ដីថ្លែងការណ៍ដដែល សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានលើកឡើងផងដែរថា សាកលវិទ្យាល័យមិនមានកម្មវិធីបង្រៀនឲ្យចេះរិះគន់ការដឹកនាំរបស់រដ្ឋាភិបាលនោះទេ ហើយថា បទចម្រៀងនេះ គឺកើតចេញពីយុវជនឈ្មោះ ឈុន ឌីម៉ី ផ្ទាល់ និងគ្មានការផ្ដល់យោបល់ពីគណៈគ្រប់គ្រង សាស្ដ្រាចារ្យ និងគ្រូបង្រៀននៅសាកលវិទ្យាល័យនេះទេ។
ប្រធានបណ្ដាញយុវជនកម្ពុជា លោក ទឹម ម៉ាល័យ យល់ថា សេចក្ដីថ្លែងការណ៍របស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នេះ គឺគ្រាន់តែដើម្បីការពារផលប្រយោជន៍របស់ខ្លួន ឬស្ថិតនៅក្រោមគំនាបរបស់រដ្ឋាភិបាលប៉ុណ្ណោះ។
លោកថា នេះក៏បង្ហាញឲ្យឃើញនូវគំរូអាក្រក់ក្នុងប្រព័ន្ធអប់រំក្នុងប្រទេសកម្ពុជាផងដែរ ដែលកន្លែងផ្ដល់ចំណេះដឹង បែរជារឹតត្បឹតសិទ្ធិសេរីភាព និងបន្ទុចបង្អាក់ការចូលរួមរបស់យុវជននៅក្នុងសង្គមទៅវិញ។
លោកបន្ដថា៖ «ខ្ញុំយល់ថា សាលាក៏មានការគាបសង្កត់ពីសំណាក់អ្នកមានអំណាចនៅក្នុងស្រុកខ្មែរដែរ […] ជាគំរូអាក្រក់ដល់សាលាផ្សេងទៀតក្នុងប្រទេសកម្ពុជា យើងមិនគួរបិទបាំងសិទ្ធិសេរីភាពក្នុងការនិយាយស្ដីទេ។ ប្រសិនបើសាលាយល់ថា សង្គមហ្នឹងមិនអញ្ចឹងគាត់នៅស្ងៀមទៅ ព្រោះវាជាឯកជនភាពរបស់ម្នាក់ៗ គាត់អាចបង្ហាញនូវអ្វីដែលគាត់មើលឃើញ»។
កាលពីថ្ងៃទី១៦ ខែឧសភាកន្លងមក យុវជន ឈុន ឌីម៉ី បានសម្រេចចិត្តលុបបទចម្រៀងដែលគាត់និពន្ធ និងច្រៀង ចេញពីបណ្ដាញសង្គមហ្វេសប៊ុក និងយូធ្យូបវិញ ក្រោយមានប្រតិកម្មពីអាជ្ញាធរ និងមន្ដ្រីរដ្ឋាភិបាល។
បទ «សង្គមនេះ» ដែលច្រៀងដោយយុវជន ឈុន ឌីម៉ី បានរៀបរាប់ និងរិះគន់ពីបញ្ហាសង្គមក្នុងប្រទេសកម្ពុជានា ដូចជា បញ្ហាអយុត្តិធម៌ អំពើពុករលួយ និងការជិះជាន់លើប្រជាពលរដ្ឋក្រីក្រ ពីសំណាក់អ្នកមានអំណាច ជាដើម៕