មេធាវីការពារក្តីឱ្យអតីតមន្ត្រីបក្សប្រឆាំង លោក សំ សុគង់ បានបង្ហាញការខកចិត្តទៅនឹងតុលាការខេត្តបាត់ដំបង ដែលបានលើកពេលសាកសួរកូនក្តី ដោយមិនជូនដំណឹងមុនតាមនីតិវិធី ដោយថាបានប៉ះពាល់ការបំពេញការងារដើម្បីជីវភាពប្រចាំថ្ងៃរបស់កូនក្តី។
លោក សំ សុគង់ ឱ្យ VOD ដឹងនៅថ្ងៃសុក្រនេះ ថា ការលើកពេលដោយមិនបានជូនដំណឹងជាមុនបែបនេះ បានប៉ះពាល់ដល់ជីវភាពកូនក្តីលោក ដែលថា បានចំណាយទាំងពេលវេលា ទាំងថវិកា ដើម្បីមកបង្ហាញខ្លួននៅតុលាការតាមដីកាកោះ។
លោកថា៖ «នីតិវិធីច្បាប់ត្រូវជូនដំណឹងមុន ៣ថ្ងៃ ឬ៥ថ្ងៃ ដើម្បីឱ្យពួកគាត់បានដឹង និងមានពេលវេលាគ្រប់ដើម្បីកុំឱ្យចំណាយថវិកាប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ»។
បើតាមមេធាវី កូនក្តីដែលត្រូវចូលបំភ្លឺនៅថ្ងៃនេះមាន៩នាក់ ពួកគេនៅស្រុកមោងឫស្សី ដែលតំណាងអយ្យការអមសាលាដំបូងខេត្តនេះគឺលោក គឺ ប៉ុណ្ណារ៉ា ចេញដីកាកោះហៅ ពាក់ព័ន្ធទៅការចោទថា បំពានសាលដីកាតុលាការកំពូលចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
មេធាវីរូបនេះឱ្យដឹងទៀតថា ពេលកូនក្តីមកដល់មុខតុលាការ ទើបក្រឡាបញ្ជីប្រាប់ថា ដំណើរការសាកសួរទាញយកចម្លើយដែលគ្រោងធ្វើនៅថ្ងៃសុក្រនេះ ត្រូវពន្យារពេលដោយមិនកំណត់។
វី.អូ.ឌី មិនទាន់អាចសុំការបកស្រាយពីតំណាងសាលាដំបូងខេត្តបាត់ដំបង ជុំវិញការចោទថា ពន្យារពេលសវនាការខុសនីតិវិធីនេះទេ។
អតីតមន្ត្រីជាប់ឆ្នោតបក្សប្រឆាំងខេត្តបាត់ដំបង ៣៥នាក់ ត្រូវបានតុលាការខេត្តនេះ កោះហៅក្នុងនោះ២៦នាក់ តុលាការបានសួររួចហើយ រួមមានទាំងអតីតប្រធានប្រតិបត្តិខេត្ត លោក ជា ជីវ អតីតចៅសង្គាត់អូចារ កញ្ញា ស៊ិនចាន់ពៅ រ៉ូហ្សេត ជាដើម។
តំណាងអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ប្រហាក់ប្រហែលគ្នានៅសប្តាហ៍មុន ឱ្យបញ្ឈប់ការគំរាមកំហែងទៅលើបក្សប្រឆាំង និងទាមទារឱ្យដោះលែងអតីតមេបក្សនេះ លោក កឹម សុខា ដើម្បីធានាពីដំណើរការប្រជាធិបតេយ្យឡើងវិញតបតាមច្បាប់អន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័ន។