តុលាការ​សៀមរាប​ចោទ​បុរស​អាមេរិក​ម្នាក់​ពី​បទ​បំពាន​ផ្លូវភេទ​លើ​កុមារី​៤​នាក់​

ជនសង្ស័យ​ឈ្មោះ​ CLINE​ RUGH​ JAMES​ ជនជាតិអាមេរិក ដែលជាប់ពីបទបំពារបំពានផ្លូវភេទ។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

តុលាការខេត្តសៀមរាប បានចោទប្រកាន់បុរសជនជាតិអាមេរិកម្នាក់ពីបទបំពារបំពានផ្លូវភេទលើក្មេងស្រី ៤នាក់ក្នុងប្រទេសកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានរបស់អង្គការសកម្មភាពដើម្បីកុមារ (APLE Cambodia) ឲ្យដឹងថា កាលពីថ្ងៃទី២២ ខែឧសភា តុលាការខេត្តសៀមរាបបានសម្រេចចោទប្រកាន់បុរសជនជាតិអាមេរិកម្នាក់ អាយុ ៣៨ឆ្នាំ ពីបទប្រព្រឹត្ត «អំពើអាសប្រឆាំងនឹងអនី​តិជនអាយុក្រោម ១៥ឆ្នាំ» គឺបន្ទាប់ពីកុមារី ៤នាក់ អាយុចន្លោះពី១២ ទៅ១៥ឆ្នាំ បានរាយការណ៍ជូនទៅសមត្ថកិច្ចអំពីសកម្មភាពបំពារបំពារមិនសមរម្យទៅលើពួកគេ។ 

តាមការចុះផ្សាយលើគេហទំព័រ​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​  បុរស​ជន​ជាតិ​រូបនោះ​​ឈ្មោះថា​ CLINE​ RUGH​ JAMES​។

អ្នកឯកទេសផ្នែកការពារកុមាររបស់​អង្គការ APLE Cambodia លោក ឃឹម វ៉ាន់ដូ ប្រាប់ VOD បន្ថែមថា កុមារីទាំង ៤នាក់ គឺជាក្មេងដើរនៅតាមចិញ្ចើមផ្លូវ ហើយបុរសជនជាតិអាមេរិករូបនោះបានល្បួងពួកគេយកទៅផ្ទះជួលរបស់គាត់មួយកន្លែង ស្ថិតក្នុងក្រុងសៀមរាប។

លោក បន្ដថា៖ «គាត់បានលួងលោមកុមារី ៤នាក់ទៅផ្ទះរបស់គាត់ ហើយឆ្លៀតឱកាសហ្នឹង គាត់បានបំពានផ្លូវភេទទៅលើកុមារីទាំងនោះ។ តាមបទចោទដែលខាងតុលាការធ្វើការចោទប្រកាន់នោះ គឺគាត់បានប្រព្រឹត្តអំពើអាសជាមួយកុមារីទាំង៤នាក់ហ្នឹង ដែលមានអាយុចន្លោះពី១២ ទៅ១៥ឆ្នាំ»។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការ APLE Cambodia ជនជាប់ចោទជាជនជាតិអាមេរិករូបនោះ កំពុងស្ថិតនៅក្រោមចំណាត់របស់តុលាការ និងស្ថិតក្រោមការឃុំខ្លួននៅពន្ធនាគារជាបណ្ណោះអាសន្ន។

តាមមាតា៤៣ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ចែងថា ការប្រព្រឹត្តអំពើអាសលើអនីតិជនអាយុក្រោម ១៥ឆ្នាំ ដែលមានទោសដាក់ពន្ធនាគារចន្លោះពី១ឆ្នាំ ទៅ៣ឆ្នាំ និងការពិន័យប្រាក់ពី២លាន ទៅ៦លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ