គណបក្សចំនួន២ ដែលមិនមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាអង្គបោះឆ្នោត បានចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ នៅថ្ងៃនេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ក្នុងចំណោមគណបក្សចំនួន៦ ដែលចូលរួមប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣នេះ មានគណបក្សចំនួន២ ដែលពុំមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នោះទេ គឺមានគណបក្សឆន្ទៈខ្មែរ និងគណបក្សខ្មែរសាធារណរដ្ឋ។
ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា មានប្រសាសន៍ថា គណបក្សលោកមិនមានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ដូចគណបក្សផ្សេងនោះទេ ប៉ុន្ដែ មូលហេតុដែលគណបក្សនេះចូលរួមការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិថ្មីនេះ គឺដើម្បីពង្រឹងសមត្ថភាពគណបក្សរបស់ខ្លួន។ លោកថា មូលហេតុមួយទៀត គឺគណបក្សនេះចង់ចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បន្ទាប់ពីតុលាការកំពូលរំលាយអតីតគណបក្សសង្គ្រោះជាតិចោលនោះ។
បើទោះបីជាមិនមានសមាជិកក្រុមប្រឹក្សា-សង្កាត់សោះក៏ដោយ ប៉ុន្ដែ លោកសង្ឃឹមថា គណបក្សដែលទើបបង្កើតមួយនេះនឹងទទួលបានសំឡេងគាំទ្រខ្លះពីអង្គបោះឆ្នោត ដែលភាគច្រើនសុទ្ធសឹងតែជាសមាជិកក្រុមប្រឹក្សារបស់គណបក្សប្រជាជនកម្ពុជា។
លោកបន្ដថា៖ «យើងប្រើប្រាស់ឱកាសនេះដើម្បីធ្វើតេស្ដសមត្ថភាព និងពង្រឹងសមត្ថភាពរបស់យើង។ ក្រៅពីនេះ យើងក៏មានគំនិតក្នុងការចូលរួមការបោះឆ្នោតនេះ ដើម្បីធ្វើយ៉ាងណាឲ្យស្ថានភាពលទ្ធិប្រជាធិបតេយ្យយើងដែលបានដើរថយក្រោយបន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិឲ្យវារស់រវើកឡើងវិញខ្លះ»។
VOD មិនអាចទាក់ទងប្រធានគណបក្សខ្មែរសាធារណរដ្ឋ លោក លន់ ឬទ្ធិ បានទេ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ក្រៅពីគណបក្សខ្មែរសាធារណរដ្ឋ និងគណបក្សឆន្ទៈខ្មែរ គណបក្ស៤ទៀត ក៏បានសម្រេចចិត្តចូលរួមការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣នេះផងដែរ ដូចជា គណបក្សហ្វ៊ុនស៊ិចប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សយុវជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា៕