គណបក្សមួយចំនួនដែលមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយមិនចូលរួមការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣នេះដោយមិនរំពឹងខ្ពស់ចំពោះការបោះឆ្នោតនេះនោះទេ ដោយថា គណបក្សកាន់អំណាចនឹងឈ្នះ ១០០ភាគរយ។
បើតាមលទ្ធផលផ្លូវការចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប មានគណបក្សចំនួន៣ ដែលទទួលបានអាសនៈពីការបោះឆ្នោតក្រុមបឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ ប៉ុន្ដែ ពួកគេបានសម្រេចចិត្តមិនចូលរួមការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣នេះទេ ដូចជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
ចំណែកគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ក៏ទទួលបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៣ផងដែរ ក្រោយការរំលាយអតីតគណបក្សសង្គ្រោះជាតិ ប៉ុន្ដែ គណបក្សនេះក៏មិនចូលរួមការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិថ្មីនេះដូចគ្នា។
អគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ចិន ថុន មានប្រសាសន៍ថា ការដែលគណបក្សលោកមិនចូលរួមការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣ គឺដោយសារតែគណបក្សនេះមានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់តិចពេក មិនអាចប្រកួតប្រជែងជាមួយគណបក្សផ្សេងដែលមានអាសនៈច្រើន។
ម្យ៉ាងទៀត លោកថា ការបោះឆ្នោតនេះគឺធ្វើឡើងជាអសកល ហើយថា គណបក្សកាន់អំណាចដែលមានសមាជិកក្រុមប្រឹក្សាច្រើន គឺច្បាស់ជាឈ្នះការបោះឆ្នោតនេះ។
លោកបន្ដថា៖ «ពីព្រោះកៅអីក្រុមប្រឹក្សាឃុំ-សង្កាត់របស់កាន់អំណាចស្ទើរតែទាំងអស់ទៅហើយ វាអត់មានធ្វើឲ្យលទ្ធផលបោះឆ្នោតប្រែប្រួលអីទេ ព្រោះដូចយើងដឹងហើយហ្នឹង ថា គណបក្សណាជាប់ មិនមែនដូចការបោះឆ្នោតជាតិ យើងអាចពិបាកស្ទង់ ព្រោះអាស្រ័យលើឆន្ទៈរបស់ប្រជាពលរដ្ឋ»។
ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បង្ហាញហេតុផលប្រហាក់ប្រហែលគ្នានេះ ដោយថា គណបក្សលោកមានអាសនៈតិចតួចពេក និងពុំមានសង្ឃឹមច្រើនពីការបោះឆ្នោតនេះ។
យ៉ាងណាក៏ដោយ ប្រធានគណបក្សមួយនេះសុំមិនផ្ដល់មតិយោបល់ណាមួយជុំវិញដំណើរការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣នេះនោះទេ។
លោកបន្ដថា៖ «មានអាសនៈ១នៅកំពង់ចាម ពូមានអាសនៈតិចពេក ពូខ្ជិលចូលរួម។ អាហ្នឹងទុកឲ្យ គ.ជ.ប គេចាត់ចែងទៅ អ្វីដែលគេត្រូវធ្វើ គេទៅ យើងកុំរំខានគេ យើងអត់មានអីតិះទៀន ព្រោះអត់មានអី! ជាការបោះឆ្នោតក្រុមប្រឹក្សា»។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ ឲ្យដឹងផងដែរថា គណបក្សនេះមិនមានលទ្ធភាពប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះនោះទេ ដោយថា គណបក្សមានសមាជិកក្រុមប្រឹក្សាដែលជាអង្គបោះឆ្នោតតិចតួចប៉ុណ្ណោះ។
លោកជឿថា គណបក្សប្រជាជនកម្ពុជា ដែលមានអាសនៈក្រុមប្រឹក្សាច្រើនជាងគេនោះ នឹងឈ្នះការបោះឆ្នោតនេះជាក់ជាមិនខាន។
លោកបន្ដថា៖ «ដូចដែលយើងបានទស្សន៍ទាយ ឬពិនិត្យមើលឃើញថា គណបក្សកាន់អំណាចនឹងទទួលបានអាសនៈទាំងស្រុងតែម្ដង ១០០ភាគរយ។ ហើយបើយើងមានលទ្ធភាពវិញ គឺដដែល គណបក្សយើងមិនអាចទទួលបានអាសនៈនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាទេ ដោយសារយើងមានអង្គបោះឆ្នោតតិច»។
VOD បានទាក់ទងប្រធានគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា លោក ប្លាង សីន ប៉ុន្ដែ ទូរសព្ទរបស់លោក លែងទទួលការហៅចូល។ ចំណែកអនុប្រធានគណបក្សនេះ គឺលោក ស្រូច ឆេត ក៏មិនអាចទាក់ទងបានដូចគ្នា។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប គណបក្សចំនួន៦ បានសម្រេចចិត្តចូលរួមប្រកួតប្រជែងការបោះឆ្នោតនេះជាមួយបក្សកាន់អំណាច រួមមាន គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សខ្មែរសាធារណរដ្ឋ និងគណបក្សសញ្ជាតិកម្ពុជា។
ការបោះឆ្នោតនេះគឺធ្វើឡើងនៅថ្ងៃទីអាទិត្យ ទី២៦ ឧសភានេះ ហើយធ្វើឡើងជាអសកល ដែលបោះឆ្នោតដោយអង្គបោះឆ្នោតសរុបចំនួន ១១ ៥៧២នាក់ នៅទូទាំងប្រទេស ប៉ុន្ដែ ភាគច្រើនលើសលុប គឺជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមកពីគណបក្សប្រជាជនកម្ពុជា៕