រដ្ឋាភិបាលចោទលោក សម រង្ស៊ី ថាចង់យកពលរដ្ឋជាឈ្នាន់ដើម្បីបានចូលស្រុក

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

រដ្ឋាភិបាលរបស់គណបក្សកាន់អំណាចបានប្រតិកម្មជាថ្មីទៀតចំពោះលោក សម រង្ស៊ី ដោយចោទអតីតមេដឹកនាំបក្សប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេសរូបនេះ ថា ចង់យកពលរដ្ឋធ្វើជាខែលដើម្បីបានចូលមកកម្ពុជាវិញ។

ក្នុងសេចក្ដីថ្លែងការណ៍កាលពីម្សិលមិញ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលហៅការអំពាវនាវរបស់លោក សម រង្ស៊ី ថាជាទង្វើញុះញង់ និងជាការទាល់ច្រកផ្នែកនយោបាយ។ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលចោទប្រកាន់លោក សម រង្ស៊ី ថាចង់យកញើសឈាម និងជីវិតរបស់ពលរដ្ឋ ធ្វើជាឈ្នាន់នៃការវិលត្រឡប់របស់លោក។

ក្រៅពីនេះ រដ្ឋាភិបាលក៏ព្រមានចាត់វិធានការច្បាប់ និងប្រកាសត្រៀមទប់ស្កាត់រាល់ចលនាទាំងឡាយ ដែលខ្លួនយល់ថា អាចបំផ្លាញដល់សន្ដិភាព និងការអភិវឌ្ឍរបស់ប្រជាជន។

អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា៖ «ការអំពាវនាវរបស់ទណ្ឌិតឧទ្ទាមរូបនេះ គឺជាការញុះញង់ពិតប្រាកដដល់ប្រជាពលរដ្ឋខ្មែរ គឺកំពុងបង្ហាញអំពីភាពទន់ខ្សោយនយោបាយ ហើយចង់ងាកប្រើប្រាស់ញើសឈាម និងជីវិតប្រជាជនកម្ពុជាជាឈ្នាន់សម្រាប់ការវិលត្រឡប់មកវិញរបស់ពួកគេ»។

ប្រតិកម្មនេះ គឺធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី កាលពីថ្ងៃទី២៥ ខែឧសភាកន្លងមកនេះ បានផ្ដល់បទសម្ភាសន៍មួយឲ្យវិទ្យុអាស៊ីសេរី ដោយថា អតីតក្រុមមេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសនឹងបន្ដការតស៊ូប្រឆាំងរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលលោក សម រង្ស៊ី ថា គឺជារដ្ឋាភិបាលខុសច្បាប់កើតចេញពីការបោះឆ្នោតក្លែងក្លាយ។

ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីនេះ លោក សម រង្ស៊ី ក៏អំពាវនាវជាថ្មីឲ្យកងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ និងប្រជាពលរដ្ឋចូលរួមជាមួយលោកនៅក្នុងដំណើរធ្វើមាតុភូមិនិវត្តន៍នេះ។  

អ្នកវិភាគនយោបាយជើងចាស់ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា អ្នកនយោបាយខ្មែរគួរតែបន្ទន់ឥរិយាបថ ហើយវិលទៅរកតុចរចានយោបាយវិញ ដើម្បីរក្សាផលប្រយោជន៍ជាតិ និងបញ្ចៀសនូវទណ្ឌកម្មផ្សេងៗ ដែលសហគមន៍អន្ដរជាតិព្រមានមកលើកម្ពុជា ជុំវិញបញ្ហារំលោភសិទ្ធិមនុស្ស និងការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ។

លោកបន្ដថា៖ «កុំឲ្យសហគមន៍អន្ដរជាតិ​ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក សុំឲ្យផ្អាកវិធានការដែលគេប្រុងចាត់មកលើខ្មែរយើងហ្នឹង […] ក៏ប៉ុន្ដែ ចាក់បណ្ដោយទៅជឿគាត់ទៅថា វាអត់ខាត់បង់អីទេ បើសិនជាគេដក EBA ក៏ដកទៅ។ ប៉ុន្ដែ បើមិនបានទេ មានតែគាត់បាត់បង់ការទុកចិត្ត និងគាំទ្រពីប្រជាពលរដ្ឋខ្មែរដែលរងផលប៉ះពាល់ពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធនោះ»។

បញ្ហាកម្ពុជា អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត បានផ្តល់អនុសាសន៍ថា គួរតែប្តូរវប្បធម៌ពីការផ្តោតទៅលើតែទៅលើបញ្ហាបុគ្គល ទៅផ្តោតលើបញ្ហាជាតិវិញ ទើបអាចជោគជ័យ​លើ​បញ្ហា​ប្រឈម​នានា​នៃ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​សម្រាប់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ