វិភាគ៖ តើការដោះលែងកញ្ញា យិន ម៉ាណា ឆ្លុះបញ្ចាំងដូចម្តេចពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជា?

ជនបង្កហេតុ កញ្ញា យិន ម៉ាណា (ឆ្វេង) និងជនរងគ្រោះ ឈ្មោះ ឌុំ រីដា (ស្ដាំ)។ រូបភាព៖ បណ្ដាញសង្គម

រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាមាត្រា ៣១ បានចែងថា ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ឋានៈសង្គម ធនធាន ឬស្ថានភាពដទៃទៀតនោះឡើយ។

ការចែងអំពីភាពស្មើគ្នាចំពោះមុខច្បាប់នេះ ត្រូវបានអ្នកវិភាគ និងសង្គមស៊ីវិល លើកឡើងថា ជាការអនុវត្តច្បាប់ប្រកបដោយយុត្តិធម៌ គ្មានការរើសអើងអ្នកមានអ្នកក្រ អ្នកមានអំណាច ឬទន់ខ្សោយ ពោលជាការអនុវត្តច្បាប់ដែលមានស្តង់ដាតែមួយប៉ុណ្ណោះ។

យ៉ាងណា ប្រព័ន្ធច្បាប់នៅកម្ពុជាកន្លងមក ធ្លាប់រងការរិះគន់ពីសាធារណជន និងអន្តរជាតិមួយចំនួនថា ការអនុវត្តមានស្តង់ដាពីរ ព្រមទាំងរងសម្ពាធពីអ្នកនយោបាយបក្សកាន់អំណាចទៀតផង។

​ជាឧទាហរណ៍ ករណីតុលាការសម្រេចដោះលែងកញ្ញា យិន ឃុនម៉ី ហៅ យិន ម៉ាណា ដែលជាជនបង្ក​ក្នុងសំណុំរឿងបើករថយន្តបុកនិស្សិតស្រីម្នាក់ស្លាប់ ឱ្យមានសេរីភាពវិញកាលពីថ្ងៃទី២៧ ខែឧសភានេះ ត្រូវបានអ្នកវិភាគ និងសង្គមស៊ីវិលលើកឡើងថា ជាការបង្ហាញកាន់តែច្បាស់អំពីការអនុវត្តច្បាប់​មានស្តង់ដាពីរ។  ​

ប្រធានការិយាល័យផ្នែកអង្កេតអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ចាត់ទុកការកាត់ទោសឱ្យកញ្ញា យិន ម៉ាណា ជាប់ឃុំ១ឆ្នាំ និងអនុវត្តទោស២ខែ ក្នុងសំណុំរឿងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យនិស្សិតស្រី ឌុំ រីដា ស្លាប់ ថាមានលក្ខណៈធូរស្រាលពេក។

លោកបន្តថា ​ការដោះលែងឱ្យជនបង្ក​មានសេរីភាពវិញ ជាការបង្ហាញកាន់តែច្បាស់ចំពោះការអនុវត្តច្បាប់ដែលមានស្តង់ដាពីរ ខណៈសកម្មជនដីធ្លី សកម្មជនបរិស្ថាន សមាជិកបណ្តាញព្រះសង្ឃឯករាជ្យ ព្រមទាំងសមាជិកអតីតបក្សប្រឆាំងមួយចំនួន ត្រូវបានតុលាការ​អនុវត្តទោសយ៉ាងធ្ងន់ធ្ងរ។

លោកមានប្រសាសន៍ថា៖ «អ៊ីចឹង យើងឃើញថា បើធៀបមក អ្នកមានលុយមានអំណាច កូនអ្នកមានលុយមានអំណាចធៀបទៅនឹងពលរដ្ឋសាមញ្ញ ឬសកម្មជនដីធ្លី សកម្មជនសិទ្ធិមនុស្ស ករណីនេះបង្ហាញថា ការអនុវត្តច្បាប់មានស្តង់ដាពីររួចទៅហើយ។ ការអនុវត្តហ្នឹង បើយើងមើលទៅនាំឱ្យគេរិះគន់ ហើយវាធ្វើឱ្យប៉ះពាល់​ដល់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា»។

កាលពីថ្ងៃទី២៦ ខែមីនា ជនបង្កហេតុ កញ្ញា យិន ម៉ាណា ដែលត្រូវជាកូនស្រីអ្នកមានទ្រព្យស្តុកស្តម្ភផងនោះ​ បានបើកឡាន​ទៅបុកនិស្សិតស្រីឆ្នាំ​ទី​៤​ម្នាក់ឈ្មោះ ឌុំ រីដា នៅម្តុំខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឲ្យ​ស្លាប់ភ្លាមៗ។ ​

ក្រោយមកជនបង្ករូបនេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ក្រោមបទចោទបើកបរ​ធ្វេសប្រហែសបណ្តាលឱ្យអ្នកដទៃស្លាប់ ប៉ុន្តែ ត្រូវអនុវត្តទោសរយៈពេលពីរខែ ដោយគិត​ពីថ្ងៃចាប់ខ្លួន ហើយទោសក្រៅពីនេះត្រូវបានព្យួរ។

ច្បាប់ចរាចរណ៍ផ្លូវគោកឆ្នាំ២០១៥ និងបានធ្វើវិសោធនកម្មឆ្នាំ២០១៧ មាត្រា៨៥ ចែងថា ជនណាដែលបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយត្ន ឬធ្វើឱ្យអ្នកដទៃស្លាប់ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ឆ្នាំទៅ៣ឆ្នាំ។ បទល្មើសទាំងនេះ ​ត្រូវផ្តន្ទាទោសពី ២ឆ្នាំ ទៅ៥ឆ្នាំ ក្នុងករណីអ្នកប្រព្រឹត្តិបើកបរគ្មានបណ្ណបើកបរ ឬរត់គេចពីកន្លែងកើតហេតុក្នុងគោលបំណងដើម្បីគេចវេសពីការទទួលខុសត្រូវ ជាដើម ។

យ៉ាងនេះក្តី វាសនារបស់កញ្ញា យិន ម៉ាណា ខុសគ្នាស្រឡះពីវាសនារបស់សកម្មជនដីធ្លី សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន ព្រមទាំងអតីតមន្ត្រី និងសកម្មជនគណបក្សប្រឆាំងមួយចំនួន ដោយតុលាការបានសម្រេចឃុំខ្លួន និងផ្តន្ទាទោសពួកគេពេញលេញតាមច្បាប់កំណត់ ដោយគ្មានការព្យួរទោសអ្វីទាំងអស់។

ជាក់ស្តែង ករណីសកម្មជនដីធ្លីតំបន់បឹងកក់​ អ្នកស្រី ទេព វន្នី ជាឧទាហរណ៍ស្រាប់។ កាលពីដើមឆ្នាំ២០១៧ អ្នកស្រីត្រូវបានសា​លា​ដំបូងរាជធានីភ្នំពេញសម្រេចសើរើសំណុំរឿ​ងចាស់កាលពីឆ្នាំ​​២០១៣ យកមក​ចោទប្រកាន់​ពីបទ​ប្រព្រឹត្តអំពើហិង្សាដោយចេតនាមាន​ស្ថា​ន​​ទម្ង​ន់ទោស និង​ផ្ត​​​​​ន្ទាទោស​ដាក់ពន្ធ​នាគា​រ ២​ឆ្នាំ​កន្លះ ​(៣០ខែ) ពិន័យជា​ប្រាក់មួយចំនួន ខណៈក្រុមអ្នកស្រីតវ៉ារកដំណោះស្រាយដីធ្លីនៅមុខផ្ទះលោក ហ៊ុន សែន ពេលនោះ។ ​

ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ មើលឃើញថា បើទោះបីជារដ្ឋាភិបាលព្យាយាមបង្ហាញឱ្យសាធារណជនជាតិ និងអន្តរជាតិដឹងថា កម្ពុជាជាប្រទេសមាននីតិរដ្ឋដោយមានការគោរពច្បាប់ត្រឹមត្រូវក៏ដោយ ប៉ុន្តែ ករណីនេះ ហាក់ផ្ទុយគ្នាស្រឡះទៅនឹងការអះអាងទាំងនោះ។

អ្នកវិភាគរូបនេះថា ការដោះលែងកញ្ញា យិន ម៉ាណា នឹងកាន់តែធ្វើឲ្យពលរដ្ឋបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌ ហើយក៏ធ្វើឱ្យជនរងគ្រោះនៅមិនទាន់ទទួលបានយុត្តិធម៌ពេញលេញនោះឡើយ។

កញ្ញា លី ស្រីស្រស់៖ «ដូច្នេះ ខ្ញុំយល់ឃើញថា ប្រព័ន្ធយុត្តិធម៌ ឬយុត្តិធម៌សង្គម វាដើរតួនាទីសំខាន់ក្នុងការជំរុញឱ្យពលរដ្ឋចូលរួមទៅលើការអភិវឌ្ឍនៅថ្ងៃអនាគត។ ហើយបើសិនកម្ពុជានៅតែមិនផ្តោតទៅលើកំណែទម្រង់យុត្តិធម៌ វាជាចំណុចមួយធ្វើឱ្យសង្គមយើងអាចនឹងជួបបញ្ហា គេហៅថា ភាពអនាធិបតេយ្យទៅលើការអនុវត្ត ឬភាពមិនស្មើគ្នាទៅលើការអនុវត្តច្បាប់នៅកម្ពុជា»។

អ្នកវិភាគមួយរូបទៀត លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា តាមផ្លូវច្បាប់ តុលាការអាចមានសិទ្ធិសម្រេចដោះលែងជនជាប់ចោទបាន ប៉ុន្តែ ការសម្រេចណាមួយដែលគ្មានភាពយុត្តិធម៌ គឺធ្វើឱ្យប៉ះពាល់ដល់សីលធម៌ និងវិជ្ជាជីវៈរបស់មន្ត្រីតុលាការ​។

លោកមានប្រសាសន៍ថា៖ «តុលាការអាចផ្តល់បាន ឬធានាបានហ្នឹង គឺរឿងសីលធម៌ និងវិជ្ជាជីវៈហ្នឹងឯង។ អ៊ីចឹង បានថា នៅពេលអ៊ីចឹងៗ គេគួរនិយាយ ឬក៏លើកឡើងពីបញ្ហាហ្នឹងវិញ»។

ប្រហាក់ប្រហែលនេះដែរ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បង្ហាញការយល់ឃើញថា ករណីដោះលែងជនបង្ក កញ្ញា យិន ម៉ាណា នោះ ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម ​ប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌ និងប៉ះពាល់ទឹកចិត្ត​មហាជនទៅលើប្រព័ន្ធច្បាប់ផងដែរ។

កាលពីខែតុលា ឆ្នាំ២០១៨ តុលាការក្រុងភ្នំពេញ ​បានសម្រេចដោះលែងក្មួយប្រុសបង្កើតរបស់លោក ហ៊ុន សែន គឺឧត្តមសេនីយ៍ឯកផ្កាយមាសបី លោក ហ៊ុន ជា ក្រោយអនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រយៈពេល៦​ខែ តាម​សេចក្ដី​សម្រេច​ចុង​ក្រោយ​របស់​សាលាឧទ្ធរណ៍។

លោក ហ៊ុន ជា ត្រូវ​បាន​សាលាដំបូង​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគាររយៈពេល ១៨​ខែ ដោយ​ចោទប្រកាន់​ពី​បទ​គំរាមកំហែង​សម្លាប់​ និង​ធ្វើ​ឱ្យ​ខូច​ដោយ​ចេតនា​​ ក្នុងសំណុំរឿងបាញ់បោះប្រមាណ១០គ្រាប់ នៅកណ្តាលក្រុងភ្នំពេញ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨។

កាលពីចុងខែកុម្ភៈ អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានចេញផ្សាយរបាយការណ៍ស្ដីពី «សន្ទស្សន៍និតីរដ្ឋសម្រាប់ឆ្នាំ២០១៩» ​ដោយបន្ដចាត់ថ្នាក់កម្ពុជា ជាប្រទេសមានប្រព័ន្ធយុត្តិធម៌ស្ទើរតែអន់ជាងបំផុតនៅលើពិភពលោក។

​​អង្គការ​​​នេះ ​បាន​វាយតម្លៃកម្ពុជា​ ​ជាប់ចំណាត់​ថ្នាក់​១២៥ ក្នុងចំណោមបណ្ដាប្រទេស​ចំនួន ១២៦ ពោល​គឺ​កម្ពុជាល្អ​ជាង​​ប្រទេស​វេណេស៊ុយអេឡា​តែ​មួយ​ប៉ុណ្ណោះ។

ពាក្យចាស់បុរាណខ្មែរ មួយឃ្លាពោលថា «យល់ញ្ញាតិ គឺត្រូវឃ្លាតច្បាប់»។ ​សង្គមស៊ីវិល និងអ្នកវិភាគបារម្ភថា កាលណាប្រទេសមួយឃ្លាតច្បាប់កាន់តែឆ្ងាយ ធ្វើឱ្យសង្គមមួយបង្កើតភាពអយុត្តិធម៌កាន់តែច្រើនដែរ។ បន្ថែមពីនេះ ​ពលរដ្ឋកាន់តែបាត់បង់ទំនុកចិត្តលើប្រព័ន្ធដឹកនាំរដ្ឋ ហើយតុលាការប្រជាជននឹងកើតមានកាន់តែច្រើនទៀតផង៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ