រដ្ឋាភិបាលធានាភាពអំណោយផលដល់អ្នកវិនិយោគបរទេស​ ទោះមានបញ្ហា EBA

នៅព្រឹកថ្ងៃទី២៩ ខែឧសភាឆ្នាំ២០១៩នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្ដីពីអនាគតអាស៊ីនៅឯប្រទេសជប៉ុន នោះសម្តេចតេជោ បានអញ្ជើញចូលរួមនៅក្នុងសិក្ខាសាលាស្ដីអំពីបរិយាកាសវិនិយោគនៅកម្ពុជា។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានលើកទឹកចិត្តដល់ក្រុមអ្នកវិនិយោគឲ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា ប៉ុន្ដែ ការលើកឡើងនេះគឺស្របពេលកម្ពុជាទទួលរងការព្រមានទណ្ឌកម្មសេដ្ឋកិច្ចពីសហភាពអឺរ៉ុប។

ក្នុងសិក្ខាសាលាមួយស្ដីពី «បរិយាកាសវិនិយោគនៅកម្ពុជា» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃនេះ លោក ហ៊ុន សែន អះអាងជាថ្មីថា រដ្ឋាភិបាលរបស់លោកនឹងធានាឲ្យបាននូវបរិយាកាសអំណោយផលដល់វិនិយោគិនជប៉ុន និងអ្នកវិនិយោគបរទេសផ្សេងទៀត ដូចជា ធានានូវសុខសន្ដិភាព ស្ថិរភាពនយោបាយ គណនេយ្យភាព ក្របខណ្ឌច្បាប់ និងការលុបចោលពន្ធកាត់ទុក ១ភាគរយ។  

លោក ហ៊ុន សែន ថ្លែងថា៖ «ជាថ្មីម្ដងទៀត ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានប្រកបដោយភាពអំណោយផល ជាពិសេសគឺសន្ដិភាព សន្ដិសុខ ស្ថិរភាពនយោបាយ ក៏ដូចជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបនូវប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន»។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ហៅការអូសទាញអ្នកវិនិយោគមកបបណ្តាក់ទុននៅកម្ពុជជា លោកថា ជារឿងល្អ។ ប៉ុន្តែ មន្ត្រីឃ្លាំមើលរូបនេះ បារម្ភពីអំពើពុករលួយ និងការប្រកួតប្រជែងមិនស្មើភាពគ្នាដែលកំពុងកើតមាននៅកម្ពុជា ។

លោកបន្ដថា៖ «ពិន្ទុអំពើពុករលួយនៅតែមានកម្រិតខ្ពស់ ការវិនិយោគក៏មានឥទ្ធិពលដែរ មានន័យថា រូបភាពពុករលួយបែបនេះ ដែលអាចឲ្យអ្នកវិនិយោគមានការពិចារណា»។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា ផ្នែកមួយនៃការទាក់ទាញអ្នកវិនិយោគ គឺការស្វែងរកដំណោះស្រាយនយោបាយ បញ្ចៀសកម្ពុជាពីការគំរាមកំហែងដកប្រព័ន្ធអនុគ្រោះផ្នែកសេដ្ឋកិច្ច រួមទាំង EBA របស់សហភាពអឺរ៉ុប ជាដើម។

អ្នកវិភាគរូបនេះ យល់ថា ការបាត់បង់ EBA មិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែ វាក៏ប៉ះពាល់ដល់ទឹកចិត្តអ្នកវិនិយោគបរទេសផងដែរ ប្រសិនបើពួកគេដើរតាមជំហររបស់អន្ដរជាតិនោះ។

លោកបន្ដថា៖ «ខ្ញុំសង្ឃឹមថា កម្ពុជានឹងមិនជួបបញ្ហានេះចុះ ប៉ុន្ដែ បើជួប ឧទាហរណ៍នៅខែ១ គេនឹងដក EBA កម្ពុជានឹងជួបវិបត្ដិ។ ខ្ញុំគិតថា បើ EBA ដក GSP ក៏មកដល់ដែរពីសហរដ្ឋអាមេរិក នេះជាស្ថិរភាពនៃទំនាក់ទំនងការទូតជាមួយនឹងលោកខាងលិច។ ប្រសិនបើបាត់អាហ្នឹង វិនិយោគិនបរទេស នឹងមិនសូវចាប់អារម្មណ៍នឹងកម្ពុជាដែរ ព្រោះសក្ដានុពលយើងវាត្រូវប្រឈមនឹងហានិភ័យបាត់បង់ទីផ្សារ»។

សហភាព​អឺរ៉ុប​ កាលពី​ខែ​កុម្ភៈ ​ឆ្នាំ២០១៩នេះ​ បាន​ប្រកាសអំពីដំណើរការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​ ពី​កម្ពុជា ​ក្រោយពី​ប្លុក​លោកសេរី​មួយ​នេះ​រក​ឃើញ​ថា​ រដ្ឋាភិបាល​កម្ពុជា បាន​បរាជ័យ​ក្នុង​ការ​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​។

របាយការណ៍ចំនួន២ គឺរបាយការណ៍របស់អង្គការតម្លាភាពកម្ពុជា និងអង្គការវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) បានវាយតម្លៃថា កាលពីឆ្នាំ២០១៨ កម្ពុជាគឺនៅតែជាប្រទេស ដែលមានការប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរនៅក្នុងស្ថាប័នរដ្ឋ។ ក្នុងនោះ ការគ្រប់គ្រងស្ថាប័នរដ្ឋ និងបញ្ហាអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ គឺជាក្ដីកង្វល់ធំបំផុត។

ប៉ុន្ដែ ខណៈកម្ពុជារងសម្ពាធបែបនេះ មេដឹកនាំកម្ពុជា លោក ហ៊ុន សែន កាលពីខែមុន បានប្រាប់ពីផែនការធ្វើកំណែទម្រង់ស៊ីជម្រៅ ទប់ស្កាត់អំពើពុករលួយ និងកំណែទម្រង់ផ្សេងទៀត ដើម្បីកាត់បន្ថយការចំណាយថ្លៃដើមរបស់អ្នកវិនិយោគ ដែលលោកអះអាងថា កំណែទម្រង់នេះ​ ​​កម្ពុជានឹងសម្រេចគោលដៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ទោះគ្មាន​ប្រព័ន្ធ​អនុគ្រោះ ក៏ដោយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ