មេដឹកនាំសហជីព៦នាក់ដែលរងការចោទប្រកាន់ថា ញុះញង់កម្មករឲ្យតវ៉ារហូតសមត្ថកិច្ចបង្រ្កាបដោយបង្ហូរឈាមនោះ ត្រូវបានសាលាឧទ្ធរណ៍ទម្លាក់បទចោទ ក្រោយពីអ្នកបញ្ជាទិញជំរុញទៅរដ្ឋាភិបាលឲ្យបើកចំហរសេរីភាពសហជីព ដើម្បីធានាដល់លក្ខខណ្ឌការងារក្នុងវិស័យកាត់ដេរ។
កាលពីម្សិលមិញនេះ សាលាឧទ្ធរណ៍បានបើកសវនាការលើបណ្តឹងទាស់របស់មេដឹកនាំសហជីព។ មេដឹកនាំសហជីព ដែលសាលាឧទ្ធរណ៍សម្រេចទម្លាក់បទចោទនោះ មាន លោក អាត់ ធន់ លោក ប៉ាវ ស៊ីណា លោក ជា មុន្នី លោល រ៉ុង ឈុន អ្នកស្រី យ៉ាង សោភ័ណ្ឌ និងអ្នកស្រី ម៉ម ញឹម ក្រោមការចោទថា ដឹកនាំកម្មករធ្វើបាតុកម្មមុខសួនឧស្សាហកម្មកាណាឌីយ៉ា និងផ្លូវវ៉េងស្រេង កាលដើមឆ្នាំ២០១៤។
មេធាវីការពារក្តីឲ្យសហភាពការងារកម្ពុជា លោក ជឹម ឃៀង ប្រាប់ វី.អូ.ឌី យ៉ាងខ្លីថា ក្រោយការសួរដេញដោល តុលាការជាន់ខ្ពស់មួយនេះបានសម្រេចឲ្យមេសហជីពទាំង៦នាក់នោះ រួចផុតពីបទចោទប្រកាន់ ដោយបដិសេធចោលសាលក្រមចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ។
ប៉ុន្តែ មេធាវីរូបនេះសុំមិនបញ្ជាក់ថា តើតុលាការជាន់ខ្ពស់មួយនេះ សំអាងលើហេតុផលអ្វីនោះទេ ដោយគ្រាន់តែអះអាងថា កូនក្តីលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់សាលក្រមសាលាដំបូង។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា ហៅសាលដីកាសម្រេចរបស់សាលាឧទ្ធរណ៍នេះ ជាការឆ្លើយតបដ៏វិជ្ជមានទៅនឹងការទាមទាររបស់ក្រុមអ្នកបញ្ជាទិញ ដែលធ្លាប់ទាមទារឲ្យរដ្ឋាភិបាលបើកលំហសេរីភាពសហជីពឡើងវិញ ធានាដល់ការលើកកម្ពស់សិទ្ធិការងារ ការពារប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ។
លោកបន្ថែមថា៖ «ខ្ញុំមើលឃើញមួយទៀតដែរ ការទម្លាក់នេះគឺធ្វើឡើងតែប៉ុន្មានថ្ងៃមុនពេលដែលប្រតិភូសហគមន៍អ៊ឺរ៉ុបគេចុះមកធ្វើការស៊ើបអង្កេត ឬក៏ពិនិត្យមើលថា តើកម្ពុជាយើងបានធ្វើអីខ្លះឲ្យមានការរីកចំរើនពាក់ព័ន្ធការគោរពសិទ្ធិមនុស្ស ការគោរពសិទ្ធិកម្មករ សិទ្ធិសហជីព អ៊ីចឹង សម្រេចរបស់សាលាឧទ្ធរណ៍ប៉ុន្មានថ្ងៃមុនពេលតំណាងភាពអឺរ៉ុបគេមក ក៏ដូចជា មុនពេលតំណាងសភាពាណិជ្ជកម្មរបស់អាមេរិកមកដល់ដែរ»។
កាលពីឆ្នាំ២០១៨ អ្នកបញ្ជាទិញរបស់អាមេរិកមួយក្រុមទាមទារទៅតុលាការកម្ពុជាឲ្យទម្លាក់ចោលការចោទប្រកាន់លើមេដឹកនាំសហជីព ដោយពួកគេយល់ថា ការចោទប្រកាន់កន្លងទៅ គឺធ្វើឡើងក្រោមហេតុផលនយោបាយ។
កាលពីដើមខែឧសភា ឆ្នាំ២០១៩នេះ អ្នកបញ្ជាទិញម៉ាកធំៗចំនួន២០ រួមមាន Adidas Gap Nike New balance ជាដើម បានស្នើទៅលោក ហ៊ុន សែន បង្ហាញពីឆន្ទៈពិតប្រាកដក្នុងការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាពសហជីព និងសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា និងធ្វើយ៉ាងណារក្សាប្រព័ន្ធអនុគ្រោះពន្ធឲ្យបាន៕