សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនម្នាក់ ករណីនាំប្រាក់ជិត១លានដុល្លារចូលមកកម្ពុជាខុសច្បាប់

ជនជាតិ​ចិន​ម្នាក់​ បាន​នាំ​លុយ​ដុល្លារ​ចំនួន​៨៥៥,០០០​ ដុល្លារ​អា​មេ​រិ​ក​ ពី​ទីក្រុង​ហុងកុង​ ចូល​មក​ប្រទេស​កម្ពុជា​ តាម​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ឃាត់ខ្លួន​ កាលពី​វេលា​ម៉ោង​១៥​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៩​ ។​ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

សមត្ថកិច្ចបានឃាត់ខ្លួន និងដកហូកលុយជិត ១លានដុល្លារពីជនជាតិចិនម្នាក់ បន្ទាប់ពីរកឃើញថា លុយដែលជនជាតិចិននាំចូលមកក្នុងប្រទេសកម្ពុជា ជាលុយខុសច្បាប់។

អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះ ថា  សមត្ថកិច្ចបានឃាត់ខ្លួន និងដកហូតទឹកប្រាក់ចំនួន ៨៥៥ ០០០ដុល្លារ ពីជនជាតិចិនម្នាក់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីម្សិលមិញនេះ បន្ទាប់ពីរកឃើញថា លុយដែលជនជាតិចិននាំពីទីក្រុងហុងកុងចូលប្រទេសកម្ពុជានោះ ពុំមានការបញ្ជាក់ពីប្រភពហិរញ្ញវត្ថុឱ្យបានច្បាស់លាស់។

ក្រោយពីឃាត់ខ្លួ​ន លោកថា សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនជនជាតិចិនម្នាក់នោះទៅតុលាការ ដើម្បីបន្តនីតិវិធី។

លោកថា៖ «ដោយសារប្រភពនៃលុយនោះ ជនសង្ស័យឆ្លើយមិនច្បាស់លាស់ មិនដឹងប្រភពហ្នឹងបានមកពីណា ទី២ គោលដៅដែលមកប្រើនៅកម្ពុជាក៏មិនច្បាស់លាស់។ អាហ្នឹង [យើង] សង្ស័យថា ពាក់ព័ន្ធនឹងបទសម្អាតប្រាក់»។

លោក កែវ វណ្ណថន បន្តថា នេះជាលើកទី៣ហើយដែលសមកិច្ចកម្ពុជាបានឃាត់ខ្លួន និងដកហូតលុយពីជនជាតិចិនដែលនាំចូលមកប្រទេសកម្ពុជាទ្រង់ទ្រាយធំ​ ដោយលើកទី១ ដកហូតលុយបានពីជនជាតិចិនជាង ៣លានដុល្លារ កាលពីចុងឆ្នាំ២០១៨ ហើយលើកទី២ ដកហូតទឹកប្រាក់ចំនួន ៣ ៥២០ ០០០ដុល្លារ ក្នុងខែមេសា ឆ្នាំ២០១៩។ លោក កែវ វណ្ណថន បញ្ជាក់ថា ជនជាតិចិនទាំងអស់នោះ ត្រូវបានតុលាការបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារកម្ពុជា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ