អ្នក​តាមដាន​ថា​ ការ​បិទផ្លូវ​បក្ស​ប្រឆាំង​ជា​ឧបសគ្គ​ដល់​ទំនាក់ទំនង​ល្អជា​មួយ​អាមេរិក​

លោក ហ៊ុន សែន និងលោក សម រង្ស៊ី

អ្នកឃ្លាំមើល​បញ្ហា​សង្គម​មួយចំនួន​បង្ហាញ​ការយល់ឃើញ​ថា​ ការចង់បន្តរក្សាទំនាក់ទំនងល្អជាមួយប្រទេសលោកសេរី​ អាចជាឧបសគ្គ បើបក្សកាន់អំណាច​នៅតែបន្តផាត់បក្សប្រឆាំងចេញពីឆាកនយោបាយនោះ។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អំឡុង​ទៅ​ចូល​សន្និ​សីទអន្តរជាតិ​លើក​ទី២៥ ស្តី​ពី​ «អ​នាគ​តរបស់​អាស៊ី​» នៅ​ទី​ក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​ សប្តាហ៍​នេះ​ បាន​ផ្ញើ​សារ​ថា​ «កម្ពុជា​នៅតែ​ចង់​ធ្វើជា​មិត្ត​ល្អ​របស់​អាមេរិក​ជានិច្ច​» ​តែ​​ថា​ លោ​ក​ត្រៀ​​​​​មខ្លួន​ធ្វើសង្គ្រាម​រហូត​ទី​បញ្ចប់​ជាមួយ​អតីត​មេ​បក្សប្រឆាំង លោក សម រង្ស៊ី​​។

អ្នកវិភាគ​នយោបាយ​ លោ​ក ឯម​ សុវណ្ណ​រ៉ា​ មានប្រសាសន៍​ថា​ សារ​របស់​មេដឹកនាំ​កម្ពុជា​ អាច​ជា​សារ​មួយប្រាប់ថា​ កម្ពុជា​នៅតែ​ត្រូវការ​ប្លុក​លោកសេរី​ ដើម្បី​ជា​បង្អែក​សេដ្ឋកិច្ច​របស់​ខ្លួន​ តែ​ចង់​ប្រាប់​ប្រទេសទាំងនោះ​កុំ​ឱ្យ​​នៅ​ពីក្រោយ​គណបក្ស​ប្រឆាំង​ ​។

អ្នកវិភាគ​រូប​នេះ​ វិភាគ​ថា​ បើ​គេ​ពិនិត្យមើល​វិធានការ​បន្តបន្ទាប់របស់លោកសេរីមកលើកកម្ពុជា​ មានទាំង​ដំណើរការ​ព្យួរ​ EBA​ ​លោក​ថា​ ជា​ឧបសគ្គ​របស់​រដ្ឋាភិបាល​ បើនៅតែបន្ត​បិទផ្លូវ​គណបក្ស​ប្រឆាំង​។

លោក ​ថា​៖ «បើសិនជា​រដ្ឋាភិបាល​ចង់​ជំរុញ​ឱ្យ​មាន​ទំនាក់ទំនង​ល្អជា​មួយ​អាមេរិក​ដូច​ចិន​ កម្ពុជា​ត្រូវ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​បើក​លំហ​សេរីភាព​ និង​លទ្ធិប្រជាធិបតេយ្យ​ដូចដែល​លោកសេរី​ មាន​ សហរដ្ឋ​អាមេរិក​ និង​សហគម​អឺរ៉ុប​ចង់បាន​។ ហើយ​បើគណបក្ស​ប្រឆាំង​គេ​អាច​សម្របសម្រួល​បាន​ ហើយ​មិន​អាច​ផាត់​គេ​ចេញ​បានទេ​»។

សមាជិកព្រឹទ្ធសភា​អាមេរិក​៣រូប ​កាលពី​សប្តាហ៍​មុន ​បាន​ស្នើ​ច្បាប់​ចង​កាតព្វកិច្ច​កម្ពុជា​ ដែល​ច្បាប់​នោះ​ តម្រូវ​ឱ្យ​កម្ពុជា​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឱ្យ​បាន​ពេញលេញ​ ត្រូវ​ធានា​សន្តិសុខ​ក្នុង​តំបន់​ និង​ទប់​ឥទ្ធិពល​ចិន​ ជាដើម​។

អ្នកវិភាគ​វ័យក្មេង​ កញ្ញា ​លី​ ស្រី​ស្រស់​ និយាយ​ថា​ បើ​គេ​ពិនិត្យ​ទៅលើ​ប្រព័ន្ធ​ដឹកនាំ​​កម្ពុជា​ គឺ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ហើយបើគេពិនិត្យមើលសហរដ្ឋអាមេរិកវិញ តាំងពី​អតីតកាល​រហូត​បច្ចុប្បន្ន​កំពុង​ជំរុញ​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​ ឱ្យ​គ្រប់គ្រង​រដ្ឋ​របស់​ខ្លួនឯង​តាមលទ្ធិ​ប្រជាធិបតេយ្យ​។

កញ្ញា​ លី​ ស្រី​ស្រស់​ បន្ថែម​​ទៀត​ថា​ បរិបទ​នយោបាយ​នៅ​កម្ពុជាវិញ ​មួយរយៈចុងក្រោយនេះត្រូវបាន​សហគមន៍​អន្តរជាតិ ​រួម​ទាំង​អាមេរិក​ផង បានមើលឃើញ​ថា​ បានរាំងខ្ទប់រលកប្រជាធិបតេយ្យ។ កញ្ញាថា ចរន្តបែបនេះ អាចថាពិបាក​ទៅរួច បើគណបក្សប្រឆាំងត្រូវបានគេផាត់ចេញពីឆាកនយោបាយរហូតនោះ។

កញ្ញា​ ថា​៖ «វា​មានផល​លំបាក ​បើសិនជា​យើង​ចង់​រក្សា​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​ យើង​ត្រូវតែ​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង​។ មានន័យថា​ គណបក្ស​ប្រឆាំង​ជាគ​ណបក្ស​ដែល​មាន​ប្រជាប្រិយ​ភាព ​ដែល​អាច​ប្រកួតប្រជែង​ស្មើ​ដៃ​ជាមួយនឹង​គណបក្ស​កាន់អំណាច​នៅពេល​ដែល​យើង​ផាត់ចោល​ វា​ធ្វើ​ឱ្យ​ការប្រកួត​ប្រជែង ​ឬក៏​ពហុបក្ស​ហ្នឹង​ធ្លាក់ចុះ​»។

ប្រធាន​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ ​និង​សិទ្ធិមនុស្ស​ លោក​ មឿន​ តុលា​ វិភាគ​ថា​ ការប្រកាស​សង្គ្រាម​ជាមួយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក​ សម​ រង្ស៊ី​ អាច​ជា​យុទ្ធសាស្ត្រ​ចាស់​ ដើម្បី​បន្សាប​ឥទ្ធិពល​ដៃគូ​ប្រកួត​ មុន​មានការ​រៀបចំ​ការបោះឆ្នោត​ណាមួយ​តាម​ការ​ចង់បាន​របស់​ក្រុម​ប្រទេស​លោកសេរី​នោះ​។

លោក ​ថា​៖ «យើង​ដឹង​ហើយ​ថា ​គណបក្ស​បក្ស​សង្គ្រោះ​ជាតិ​មាន​កម្លាំង​ប្រហាក់​ប្រហែល​គណបក្ស​កាន់អំណាច​។ ហើយ​គណបក្ស​នេះ​កើត​ចេញពី​ចលនា​បក្ស​ពីរ​គឺ​គណបក្ស​ សម​ រង្ស៊ី​ និង​គណបក្ស​សិទ្ធិមនុស្ស​។ អ៊ីចឹង​ កាលណាបើ​ក​ផ្លូវ​ឱ្យ​ម្ខាង​ ហើយ​បិទផ្លូវ​ខាង ​ហាក់​ដូចជា​យុទ្ធសាស្ត្រ​មួយ​ដែរ​ដើម្បី​បំបែក​ក្រុម​ហ្នឹង​កុំ​ឱ្យ​មូលគ្នា​ ឬសាមគ្គី​គ្នា​»។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ កាលពីដើម​ខែឧសភា​នេះ​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ បន្ត​ទាមទារ​ឱ្យ​ដោះលែង​អតីតប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ លោ​ក កឹម​ សុខា​ និង​អ្នកទោស​នយោបាយ​ផ្សេងទៀត​ ព្រមទាំង​ការ​ដកចេញ​នូវ​បម្រាម​ទាំងអស់​ នូវ​អ្វី​ដែល​អាមេរិក​ថា​ ដើម្បី​ធានា​សិទ្ធិ​តប​តាមច្បាប់​អន្តរជាតិ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​។

ប៉ុន្តែ ​ក្នុង​សន្និសីទ​អន្តរជាតិ​នៅ​ប្រទេស​ជប៉ុន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក ​ហ៊ុន​ សែន​ អំពាវនាវ​ទៅ​ អន្តរជាតិ​ កុំ​ឱ្យ​ភ្ជាប់​រឿង​នយោបាយ​ទៅ​នឹង​ការអនុវត្ត​ច្បាប់​របស់​កម្ពុជា​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ