ពលរដ្ឋ​២​គ្រួសារ​នៅ​ពោធិ៍សាត់ បារម្ភ​ពី​​សុវត្ថិភាព បន្ទាប់​ជន​មិន​ស្គាល់​មុខ​លួច​ដុតផ្ទះ​

ផ្ទះរបស់ពលរដ្ឋ២គ្រួសារ ត្រូវបានអះអាងថាត្រូវគេលួចដុត កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ពលរដ្ឋ ២គ្រួសារ ស្ថិតនៅស្រុកក្រវាញ ខេត្តពោធិ៍សាត់។ រូបភាព៖ ផ្ដល់ឱ្យ

ពលរដ្ឋ ២គ្រួសារនៅស្រុកក្រវាញ ខេត្តពោធិ៍សាត់ បារម្ភពីសុវត្ថិភាព ក្រោយពីជនមិនស្គាល់មុខបានលួចដុតផ្ទះរបស់​ពួកគេ។​

ពលរដ្ឋម្នាក់រស់នៅភូមិផ្ទះរុង ឃុំផ្ទះរុង លោក រ៉េត សារ៉ាត់ អះអាងថា កាលពីសប្តាហ៍មុន មានជនមិនស្គាល់មុខបានលបលួចដុតផ្ទះគាត់ និងផ្ទះម្តាយក្មេកគាត់ជាបន្តបន្ទាប់ ដោយដឹងទាន់ពន្លត់វិញបាន។ ប៉ុន្តែ កាលពីថ្ងៃទី២០ ខែឧ​សភា ជនមិនស្គាល់មុននោះបានចូលមកលួចដុតផ្ទះគាត់ម្តងទៀត រហូតឆាប់ឆេះអស់ផ្ទះឈើ១ខ្នង ដែលមាន​ទទឹង៧ម៉ែត្រ និងបណ្តោយ៨ម៉ែត្រ ខណៈលោក និងក្រុមគ្រួសារចេញទៅរកស៊ីនៅខាងក្រៅផ្ទះអស់។

លោក រ៉េត សារ៉ាត់ ឲ្យដឹងថា ក្រោយជនមិនស្គាល់មុខចូលមកលួចដុតលើកដំបូងគឺគ្រួសារគាត់បានប្តឹងទៅអាជ្ញាធរមូលដ្ឋានដើម្បីស្រាវជ្រាវចាប់ខ្លួនមក​ដាក់ទោសដែរ ប៉ុន្តែ លោកថា អាជ្ញាធរមូលដ្ឋានតាំងពីមេភូមិ មេឃុំ និងនគរបាលឃុំ ហាក់មិនអើពើយកចិត្តទុកដាក់អន្តរាគមន៍ឡើយ។

លោក បន្ថែមថា៖ «ខ្ញុំប្តឹងទៅប៉ូលីស ប៉ុន្តែ ប៉ូលីសអត់ធ្វើការ ពេលខ្ញុំទូរសព្ទប្តឹងប៉ូលីសឃុំហ្នឹង គេថាឈឺក្បាលរញ៉េរញ៉ៃណាស់។ គេថា ឲ្យយើងស៊ើបខ្លួនឯង ចាប់ខ្លួនឯង បានសឹមប្រគល់ឲ្យគេ។ បើមេភូមិក៏គេនិយាយអ៊ីចឹង គេថា ផ្ទះយើងមានតែរឿងរញ៉េរញ៉ៃ»

អ្នកស្រី ហួត ចាន់ណារី ត្រូវជាម្តាយក្មេកលោក រ៉េត សារ៉ាត់ អះអាងថា ផ្ទះរបស់គាត់ត្រូវបានជនមិនស្គាល់មុខលួចដុតចំនួន៣ដង ប៉ុន្តែ មិនបានសម្រេច ដោយសារដឹងទាន់ពន្លត់បាន។

ស្រ្តីវ័យ៦០ឆ្នាំរូបនេះ បានបង្ហាញក្តីបារម្ភពីសុវត្ថិភាពចំពោះក្រុមគ្រួសាររបស់គាត់ ប្រសិនបើសមត្ថកិច្ចមិនអាចស្រាវជ្រាវចាប់ខ្លួនជនបង្កមកដាក់ទោសបាននោះ ព្រោះ​ផ្ទះរបស់គាត់នៅឆ្ងាយដាច់ស្រយាល់ពីគេ។ អ្នកស្រីបញ្ជាក់ថា ការរស់នៅក្នុងសហគមន៍សព្វថ្ងៃ គឺគ្រួសារគាត់មានទំនាស់ជាមួយគ្រួសារអ្នកមានលុយមានអំណាចម្នាក់នៅក្នុងភូមិ ដោយសាររឿងវិវាទដីធ្លី។

អ្នកស្រី បន្ថែមថា៖ «ខ្ញុំបារម្ភពីសុវត្ថិភាពកូនចៅណាស់ ខ្លាចថ្ងៃក្រោយវាលួចដុតទៀត វាសម្លាប់យើងទៅ។ ខ្ញុំសូមអំពាវនាវទៅគ្រប់ថ្នាក់ដឹកនាំ សមត្ថកិច្ច ជួយធ្វើការលើរឿងហ្នឹងផង ខ្លាចវាមកដុតពេលយប់ទៅ វាស្លាប់ទាំងអស់មួយផ្ទះហ្នឹង រាល់ថ្ងៃខ្ញុំបារម្ភណាស់»

មេភូមិផ្ទះរុង លោក សាន ភឿន បានច្រានចោលការលើកឡើងរបស់ពលរដ្ឋទាំងពីរគ្រួសារ ដោយថា អាជ្ញាធរបានយកចិត្តទុកដាក់ និងកំពុងស្រាវជ្រាវរកការពិត។

លោក បន្ថែមថា៖ «មិនមែន​ពួកខ្ញុំអត់យកចិត្តទុកដាក់នោះទេ។ ពួកខ្ញុំបានរកលុយរកកាក់ពីខាងកាកបាទក្រហមយកមកឧបត្ថម្ភ​គ្រួសារគាត់ទៀតផង។ ហើយឥលូវខាងសមត្ថកិច្ចកំពុងស្រាវជ្រាវករណីនេះ»

នាយប៉ុសិ៍្តនគរបាលឃុំផ្ទះរុង លោក ឈួន ឃន បានដាក់ការសង្ស័យថា ករណីភ្លើងឆេះផ្ទះពលរដ្ឋនេះអាចត្រូវបានគេលួចដុត​មែន ហើយថា វាអាចមកពីរឿងគំនុំ។ លោកថា​ សមត្ថកិច្ចឃុំ និងស្រុកកំពុងស្រាវជ្រាវករណីនេះ ដើម្បីចាប់ជនដៃដល់មកដាក់ទោសតាមច្បាប់។

លោក បន្ថែមថា៖ «តាមការចុះស្រាវជ្រាវកន្លែងកើតហេតុ ប្រហែលជាមានគំនុំគ្នា ព្រោះកន្លងមក គ្រួសារគាត់មានការឈ្លោះប្រកែកគ្នាជាមួយអ្នក​ផ្សេងពាក់ព័ន្ធរឿងដីធ្លីព្រំប្រទល់ផង។ ហើយគោគេចូលដំណាំគាត់ គាត់ចាប់គោឲ្យគេបង់ប៉ុន្មានៗ។ អ៊ីចឹងផង វាបណ្តាលឲ្យគំនុំកើតមានបន្តបន្ទាប់រហូតមក។ ឥលូវ សមត្ថកិច្ចយើងសហការជាមួយស្រុកកំពុងស្រាវជ្រាវ»

លោក រ៉េត សារ៉ាត់ ឲ្យដឹងថា ហេតុការណ៍ភ្លើងឆេះផ្ទះរបស់លោកនេះ បានធ្វើខូចខាតគ្រាប់ស្វាយចន្ទីរាប់តោន ម៉ូតូ គ្រឿងម៉ាស៊ីន និងទ្រព្យសម្បត្តិផ្សេងៗទៀត ដែលសរុបជាលុយអស់ប្រមាណជាង១ម៉ឺនដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ