អង្គការចំនួន​៧៣ស្នើរដ្ឋាភិបាលស្តារប្រជាធិបតេយ្យឡើងវិញ

អង្គការសង្គមស៊ីវិលនៅក្នុងស្រុកចំនួន​៧៣ស្នើទៅរដ្ឋាភិបាលឱ្យបញ្ឈប់ការយាយីផ្នែកច្បាប់លើអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ និងស្តារលំហលទ្ធិប្រជាធិបតេយ្យឡើងវិញដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបបានប្រើប្រាស់សិទ្ធិពេញលេញ។​

តាមសេចក្តីថ្លែងការណ៍រួមរបស់អង្គការសមាគមទាំង៧៣ចេញផ្សាយនៅថ្ងៃនេះ បានលើកឡើងថា អតីតមន្ត្រីជាប់ឆ្នោត និងសមាជិកគណបក្សសង្គ្រោះជាតិកំពុងរងការយាយីផ្នែកតុលាការរួមទាំងការកោះហៅ និង ឃុំខ្លួនដោយគ្មានមូលដ្ឋានច្បាស់លាស់។​

អង្គការទាំងនោះរួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ(LICADHO) និង មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(CENTRAL) ជាដើម។​

សេចក្តីថ្លែងការណ៍លើកឡើងថា ដោយសារការរំលោភសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន រួមទាំងការបង្ក្រាបលើអង្គការសង្គមស៊ីវិល និងស្ថាប័នសារព័ត៌មាននេះ នាំឱ្យសហភាពអឺរ៉ុបដំណើរការនីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធ។​

គិតត្រឹមថ្ងៃទី១ខែមិថុនា អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ​ចំនួន១៤០នាក់នៅតាមបណ្តាខេត្តមួយចំនួន​រួមទាំងខេត្តបាត់ដំបង កំពង់ធំ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង និង ត្បូងឃ្មុំ ទទួលដីកាកោះពីតុលាការ និងអាជ្ញាធរមូលដ្ឋានហៅសាកសួរ។​

ក្រោយការបោះឆ្នោតអាណត្តិទី៦ឆ្នាំ២០១៨កម្ពុជារងសម្ពាធជាបន្តបន្ទាប់ដោយរងការចោទថា ប្រជាធិបតេយ្យធ្លាក់ចុះនិងមានការរំលោភសិទ្ធិមនុស្សកាន់តែខ្លាំង។​ ប៉ុន្តែរដ្ឋាភិបាលអះអាងថា ដំណើរការប្រជាធិបតេយ្យកាន់តែល្អប្រសើរឡើងដោយសារការបោះឆ្នោតខែកក្កដាឆ្នាំ២០១៨មានពលរដ្ឋទៅបោះឆ្នោតជាង៨០ភាគរយ។​

ចំណែកវិធានការនានាលើអតីតមន្ត្រីបក្សប្រឆាំងរដ្ឋាភិបាលអះអាងថា ជាការអនុវត្តច្បាប់សុទ្ធសាធដើម្បីធានាដល់សន្តិសុខសណ្តាប់ធ្នាប់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ