ប្រមុខការទូតកម្ពុជាអះអាងថា ចិនសន្យាជំរុញក្រុមវិនិយោគិនរបស់ខ្លួនឲ្យមកបណ្ដាក់ទុននៅកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនកាលពីថ្ងៃម្សិលមិញនេះ ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា រដ្ឋមន្ដ្រីការបរទេសចិន លោក វ៉ាង យី បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅពេលដែលប្រមុខការទូតកម្ពុជារូបនេះទៅបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃ នៅប្រទេសចិន គឺចាប់ពីថ្ងៃទី៣០ ឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។
សេចក្ដីប្រកាសព័ត៌មានដដែលឲ្យដឹងថា ភាគីទាំងពីរក៏បានលើកឡើងអំពីទំនាក់ទំនងកាន់តែជិតស្និតរវាងចិន និងកម្ពុជា និងគម្រោងគំនិតផ្ដួចផ្ដើម «ខ្សែក្រវ៉ាត់ និងផ្លូវ» ដែលថា នឹងក្លាយជាគំរូជោគជ័យនៅកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះឯកឧត្តម វ៉ាង យី ដែលបានបញ្ជាក់ជាថ្មីថា ចិននឹងខិតខំអស់លទ្ធភាពក្នុងការលើកទឹកចិត្តឲ្យក្រុមហ៊ុនចិនឲ្យមកបណ្ដាក់ទុនវនិយោគកាន់តែច្រើនថែមទៀតនៅកម្ពុជា និងពង្រឹងច្រកទីផ្សារចិនសម្រាប់ផលិតផលកម្ពុជា»។
ចិនគឺជាប្រទេសវិនិយោគធំជាងគេបំផុតនៅកម្ពុជា ដែលគិតពីដើមទសវត្សរ៍ទី៩០ ដល់ឆ្នាំ២០១៨ ទំហំវិនិយោគរបស់ចិន មានទឹកប្រាក់ជាង ១៧ពាន់លានដុល្លារអាមេរិក។
អ្នកវិនិយោគចិនច្រើនមកវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួន ដូចជា កម្មន្តសាល សំណង់ វាយនភ័ណ្ឌ និងថាមពលអគ្គិសនី និងប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានមកវិនិយោគលើវិស័យសំណង់ និងអចលទ្រព្យ៕