លោក ហ៊ុន សែន ​ថា រដ្ឋាភិបាល​លោក​យកចិត្តទុកដាក់ទប់ស្កាត់​ពលកម្មលើកុមារ

ពលកម្មកុមារ (Licadho)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន អះអាងថា រដ្ឋាភិបាលរបស់​លោក​បានយកចិត្តទុកដាក់ទប់ស្កាត់ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មលើកុមារ និងការធ្វើការងារដោយបង្ខំ តាមរយៈការពង្រឹងសមត្ថភាពមន្ដ្រីជំនាញ និងយន្ដការពាក់ព័ន្ធនានា។

ក្នុងសារលិខិត​មួយ​អបអរ​ខួប​លើក​ទី ៧០ នៃ​ទិវា​កុមារ​អន្តរជាតិ ១ មិថុនា កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន អះអាងថា ក្នុងរយៈពេល ៥ឆ្នាំ កុមារកម្ពុជា​ជិត ៣ម៉ឺននាក់ បានរួចផុតពីទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ហើយ​កុមារ​ជិត ១៨ម៉ឺននាក់ ត្រូវបានទប់ស្កាត់ពីការប្រើប្រាស់ពលកម្មលើកុមារ។

ក្នុងសារលិខិតដដែលនេះ រដ្ឋាភិបាលក៏បានប្ដេជ្ញាបន្ដពង្រឹងយន្ដការអនុវត្តច្បាប់ និងយ​ន្ដការទប់ស្កាត់ពលកម្មលើកុមារ និងអំពាវនាវឲ្យភាគីពាក់ព័ន្ធចូលរួមផងដែរ។

សារលិខិតនោះគូសបញ្ជាក់ថា៖ «សមិទ្ធផលដ៏ធំធេងទាំងនេះសញ្ជាក់ពីការប្ដេជ្ញាចិត្តក៏មុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យសុខុមាលភាពកុមារ ដែលធានាឲ្យកុមារគ្រប់រូបទទួលបាននូវការគាំទ្រសម្រាប់ការចាប់ផ្ដើមជីវិតដ៏ល្អ និងអភិវឌ្ឍពោរពេញទៅដោយសក្ដានុពលក្លាយពលរដ្ឋកម្ពុជា ដែលមានការទទួលខុសត្រូវក្នុងគ្រួសារ និងសង្គម និងមានផលិតភាពពេញលេញមួយជីវិត»

កាលពីចុងឆ្នាំ២០១៦ អង្គការសម្ព័ន្ធជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ) បានចេញផ្សាយរបាយការណ៍ថា បញ្ហាទាសភាព ឬការបញ្ចាំ​ខ្លួនដើម្បីដោះបំណុលនៅកម្ពុជា នៅតែកើតមាននៅឡើយ បើទោះបីមានច្បាប់ដើម្បីដាក់ទោសទណ្ឌក៏ដោយ។

បើតាមរបាយការណ៍​ដដែល​នោះ អង្គការមួយនេះក៏បានធ្វើការសិក្សាទៅលើទីតាំងផលិតផលឥដ្ឋមួយចំនួននៅប្រទេសកម្ពុជា ហើយរកឃើញថា មានកុមារជាច្រើនបានជួយធ្វើការឪពុកម្តាយក្នុងការងារ ដែលពោរពេញដោយលក្ខខណ្ឌគ្រោះថ្នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ