លោក ហ៊ុន សែន៖ អញប្រាប់អ្ហែង ពីថ្ងៃនេះទៅ អញហៅអ្ហែងតែអាឆ្កែ

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

មេដឹកនាំបក្សកាន់អំណាច លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រតិកម្មធ្ងន់ៗជាថ្មី​ម្ដង​ទៀត​ទៅនឹង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក សម រង្ស៊ី ដោយថា ចាប់ពីពេលនេះទៅ លោកនឹងហៅលោក សម រង្ស៊ី ថា «ឆ្កែ»។

ប្រតិកម្មនេះ គឺបន្ទាប់ពីអតីតមេដឹកនាំគណបក្សប្រឆាំងនៅក្រៅប្រទេស លោក សម រង្ស៊ី បានសរសេរបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃម្សិលមិញថា កូនប្រសាររបស់លោក ហ៊ុន សែន គឺ លោក ឌី វិជ្ជា បានរៀបចំផែនការដែលមានការគាំទ្រពីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បីសងសឹកឲ្យឪពុកបង្កើត គឺលោក ហុក ឡុងឌី ដែលបានស្លាប់ដោយផ្ទុះឧទ្ធម្ភាគចក្រ កាលពីឆ្នាំ២០០៨។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅរាធានីភ្នំពេញនៅថ្ងៃនេះ លោក ហ៊ុន សែន ថ្លែងថា ចាប់ពីថ្ងៃនេះតទៅ លោកនឹងហៅលោក សម រង្ស៊ី ថា «ឆ្កែ» ឬ «កូនអាក្បត់ជាតិ» ដោយលោកចោទថា លោក សម រង្ស៊ី បានរំខានដល់រដ្ឋាភិបាលរបស់លោកជានិច្ច ដូចជា អំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ និងមហាជនងើបបះបោរទម្លាក់លោក ហ៊ុន សែន ចេញពីអំណាច និងប្រាប់ឲ្យលោក ស ខេង ឈប់គាំទ្រលោក ជាដើម។

ក្រៅពីនេះ លោក ហ៊ុន សែន ក៏បានប្រកាសជាថ្មីថា នឹងចាប់ខ្លួនលោក សម រង្ស៊ី បើទោះបីជាអតីតមេដឹកនាំបក្សប្រឆាំងរូបនេះ ហ៊ានវិលត្រឡប់មកកម្ពុជាវិញដោយមានវត្តមានអន្ដរជាតិអមដំណើរក៏ដោយ។

ក្នុងពិធីចែកសញ្ញាបត្រ លោក ហ៊ុន សែន ថ្លែងថា៖​ «អញប្រាប់អ្ហែង ពីថ្ងៃនេះទៅ អញហៅអ្ហែងតែអាឆ្កែ អាឆ្កែ កូនអាក្បត់ជាតិ អ្ហែងចេះជេរអញ អញចេះជេរអ្ហែងដែរ។ ហើយថា រឿងបុគ្គល អត់ទេ អ្ហែងចលនាប្រជាពលរដ្ឋ អ្ហែងចលនាកម្លាំងប្រដាប់អាវុធឲ្យមកប្រឆាំងរដ្ឋាភិបាល អាហ្នឹងស្អីទៅ បើសិន ហ៊ុន សែន នៅជាប្រជាជនធម្មតា អាហ្នឹងរឿងផ្សេង ប៉ុន្ដែ នេះកំពុងដឹកនាំរដ្ឋ»។  

អតីតមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា រិះគន់ចំពោះការប្រើពាក្យអសុរសរបស់មេដឹកនាំបក្សកាន់អំណាចរូបនេះ ដោយថា វាជាសញ្ញាគ្រោះថ្នាក់នៃការបែកបាក់ផ្ទៃក្នុងជាតិ និងជាគំរូមិនល្អដល់យុវជនជំនាន់ក្រោយ។

ម្យ៉ាងទៀត លោកថា ជម្លោះរវាងអ្នកនយោបាយខ្មែរនេះ គឺមានតែធ្វើឲ្យខាតបង់ដល់ផលប្រយោជន៍ជាតិ ជាពិសេសអាចធ្វើឲ្យកម្ពុជាប្រឈមនឹងទណ្ឌកម្មផ្សេងៗពីសហគមន៍អន្ដរជាតិទៀតផង។

លោក មាជ សុវណ្ណារ៉ា បន្ដថា៖ «វាមិនមែនជាគំរូសម្រាប់អ្នកជំនាន់ក្រោយដែលត្រូវមើលអ្នកដឹកនាំគួរតែបន្សល់នូវអ្វីដែលជាកត្តិយស សេចក្ដីថ្លៃថ្នូរសម្រាប់ជាតិ រួមគ្នាកសាងជាតិ។ ខ្ញុំមើលឃើញថា បើយើងនៅតែហែកហួរគ្នាទៀត តើសេដ្ឋកិច្ចជាតិយើងនឹងទៅជាយ៉ាងណា តើអធិបតេយ្យភាព បូរណភាព ឯករាជ្យភាពជាតិយើង»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា អ្នកនយោបាយខ្មែរនៅតែប្រកាន់វប្បធម៌វាយប្រហារគ្នាទៅវិញទៅមកតែលើរឿងបុគ្គល និងគំនុំផ្ទាល់ខ្លួន ជាជាងផ្ដោតទៅលើបញ្ហាជាតិ។

លោកវិភាគថា វប្បធម៌នយោបាយបែបនេះមិនអាចធានាដល់ការឯកភាព ការផ្សះផ្សាជាតិ និង​សន្ដិភាព ដែលពលរដ្ឋចង់បាននោះទេ។

លោក មាស នី បន្ដថា៖ «ខ្ញុំគិតថា អ្នកដឹកនាំខ្មែរគួរតែឆ្លុះបញ្ចាំងឡើងវិញថា តើក្នុងនាមខ្លួនយើងជាអ្នកដឹកនាំ មិនថា ជាអ្នកដឹកនាំមកពីគណបក្សណាទេ ខណៈដែលអ្វីដែលយើងចង់បានឲ្យសង្គមខ្មែរនៅហែកហួរគ្នា បែកបាក់គ្នាដូចសព្វថ្ងៃ ឬក៏ចង់បានសន្ដិភាព ដែលស្ថិតនៅក្នុងស្ថានភាពមួយដែលខ្មែរនៅតែឈ្លោះគ្នា ហើយយើងប្រកាសថា ហើយនៅតែមានសន្ដិភាព ឬក៏យើងចង់បានូវសន្ដិភាពមួយដែលពិតប្រាកដ»។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ អតីតគណបក្សសង្គ្រោះជាតិ ដែលមានលោក កឹម សុខា និងលោក សម រង្ស៊ី ជាស្ថាបនិក ត្រូវបានតុលាការកំពូលរំលាយចោលតាមបណ្ដឹងរបស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក្រោមការចោទប្រកាន់ថា បានឃុបឃិតជាមួយអាមេរិក ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ 

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏ត្រូវបានកម្លាំងរដ្ឋាភិបាលចាប់ខ្លួន និងនៅតែបន្ដជាប់ឃុំនៅក្នុងផ្ទះមកទល់ពេលបច្ចុប្បន្ន ខណៈលោក សម រង្ស៊ី បាននិរទេសខ្លួនឯងទៅនៅក្រៅប្រទេសគេចចេញពីបណ្ដឹងរបស់រដ្ឋាភិបាល។

ក្នុងសន្និសីទបិទបញ្ចប់ដំណើរបេសកកម្មមកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី៩ ខែឧសភា អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត បានផ្តល់អនុសាសន៍ថា គួរតែប្តូរវប្បធម៌ពីការផ្តោតទៅលើបញ្ហាបុគ្គល ទៅជាផ្តោតលើបញ្ហាជាតិវិញ ទើបអាចជោគជ័យ​លើ​បញ្ហា​ប្រឈម​នានា​នៃ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន និង​សម្រាប់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ