អតីតសកម្មជនបក្សប្រឆាំង២រូបនៅពោធិ៍សាត់ធ្លាក់ខ្លួនឈឺ ក្រោយ​ពី​សមត្ថកិច្ច​ចាប់​ដាក់​ឃុំ

លោក ទួន សំអាត អតីតគណ:កម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិលេខរៀងទី២ ស្រុកវាលវែង (ពាក់អាវក្រហ្សេពណ៌ខ្មៅ) និងលោក ចាន់ សុផល អតីតគណ:កម្មាធិការប្រតិបត្តិឃុំអូរសោម ក្នុងស្រុកវាលវែង (ឈរអាវពណ៌ស)។ រូបភាព៖ បណ្ដាញសង្គម

ក្រុមគ្រួសារអតីតសកម្មជនបក្សប្រឆាំង២នាក់នៅស្រុកវាលវែង ខេត្តពោធិសាត់ បារម្ភពីសុវត្ថិភាពឪពុក និងស្វាមី​របស់​ពួគេ ក្រោយ​ពីធ្លាក់ខ្លួនឈឺ ខណៈកំពុងជាប់ឃុំ។

អ្នកស្រី ទួន ស្រីរ័ត្ន ត្រូវជាកូនស្រីបង្កើតរបស់​លោក ទួន សំអាត​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​វាលវែង បាន​ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះ ថា ឪពុករបស់នាង និងលោក ចាន់ សុផល ជំទប់​ទី​១ ​គណបក្ស​ប្រឆាំង​នៅ​ឃុំ​អូរសោម ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​វាលវែង​ចាប់​ខ្លួន​ និង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា​កន្លង​មក។

អ្នកស្រី ទួន ស្រីរ័ត្ន បាន​ឲ្យ​ដឹង​ទៀត​ថា ឪពុក​របស់​អ្នកស្រី និង​លោក ចាន់ សុផល ត្រូវ​បាន​សមត្ថកិច្ច​ចោទ​ដូច​គ្នា​ថា​ បាន​កាប់​ព្រៃឈើ និង​បែង​ចែក​ដី​ធ្លី​ឲ្យ​ពលរដ្ឋ​ដោយ​ខុស​ច្បាប់។

អ្នកស្រី ទួន ស្រីរ័ត្ន អះអាងថា ក្រោយការចាប់ខ្លួននេះ ឪពុករបស់នាងដែល​មាន​អាយុ ៦៩ឆ្នាំ​នោះ បានធ្លាក់ខ្លួនឈឺខ្លាំង ហើយ​កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្ត។

កូនសកម្មជនបក្សប្រឆាំងរូបនេះ ឲ្យដឹងថា ឪពុករបស់នាងកើតជំងឺជាច្រើនមុខ ដូចជា ជំងឺខ្លាញ់រុំ​បេះដូង និងខ្សោយបេះដូង ជំងឺលើសឈាម ជំងឺលើសជាតិប្រៃ ជំងឺពោះវៀន និងក្រពះ ដោយថា ពេលនេះឪពុករបស់នាងដើរ​មិន​រួចដោយខ្លួនឯងបានឡើយ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំបារម្ភខ្លាចបាត់បង់ប៉ាខ្ញុំទៅ ប្រសិនបើពុំមានការមើលដិតដល់ បារម្ភថា ខ្លាចគាត់ទប់ទល់នឹងស្ថានភាពជំងឺទាំងអស់ហ្នឹងអត់បាន ព្រោះគាត់កំពុងពិបាកដកដង្ហើម គាត់ដកដង្ហើមរបៀបកូនក្មេងកើតជំងឺសួតធ្ងន់ធ្ងរ គឺគាត់ដកដង្ហើមបែបហ្នឹង»

អ្នកស្រី ប៉ែន សាវ៉ន ត្រូវជាភរិយារបស់លោក ចាន់ សុផល អះអាងថា ស្វាមីរបស់គាត់ក៏កំពុងធ្លាក់ខ្លួនឈឺធ្ងន់ដែរ ដោយខាងពន្ធនាគារបានដឹកយកទៅព្យាបាលនៅមន្ទីពេទ្យខេត្តដូច​គ្នា។

អ្នកស្រីបញ្ជាក់ថា ស្វាមីរបស់គាត់កើតជំងឺឡើងឈាម ជំងឺទឹកនោមផ្អែម និងជំងឺតេតាណុសរើឡើងវិញ ដែលធ្វើឲ្យអ្នកស្រីបារម្ភថា អាច​ប៉ះពាល់ដល់អាយុជីវិត ប្រសិនបើពុំមានការមើលថែដិតដល់។

អ្នកស្រីបានទាមទារទៅតុលាការឲ្យដោះលែងស្វាមីគាត់ឲ្យ​នៅក្រៅឃុំ ដោយថា ស្វាមីរបស់គាត់ពុំបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ ហើយថា ករណីសមត្ថកិច្ចចាប់ខ្លួននោះ គឺពាក់ព័ន្ធរឿងនយោបាយ ដោយសារស្វាមីរបស់គាត់ជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំមិនដែលឃើញគាត់ទៅកាប់ព្រៃនៅឯណាបានមួយកាំបិតទេ ហេតុអ្វីបានជាចោទគាត់ថា ទៅទន្រ្ទានយកដីរដ្ឋខុសច្បាប់។ វាមានតែរឿងបក្សហ្នឹង ព្រោះគាត់ពីមុនមកហ្នឹង គាត់ធ្វើបក្សសង្គ្រោះជាតិ។ ពីមុនខ្ញុំគេថា បើចាប់បានលោក ចាន់ សុផល ហ្នឹងបានមួយនៅអូរសោម គឺស្ងាត់ហើយ។ គេចោទគាត់ថា ឃោសនាគណបក្សសង្គ្រោះជាតិហ្នឹង ហើយបក្សហ្នឹងគេរំលាយចោលអស់ហើយ ហេតុអីបានជាមកចាប់គាត់ទៀត»

វី.អូ.ឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់ លោក ហេង ដូនីន បានទេ ដោយទូរសព្ទចូលច្រើនដងគ្មានអ្នកទទួល។

មន្រ្តីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក កែម គីមស្រ៊ាន់ ឲ្យដឹងថា អតីតសកម្មជនបក្សទាំង ២នាក់ដែលកំពុងជាប់ឃុំនោះ ពិត​ជា​ធ្លាក់​ខ្លួន​ឈឺ គឺជាមានជំងឺ និងកំពុងសម្រាកព្យាលនៅមន្ទីពេទ្យពិតមែន។

មន្រ្តីការពារសិទ្ធិមនុស្សរូបនេះឲ្យដឹងថា អង្គការ​របស់​លោក​កំពុង​តែ​ស៊ើប​អង្កេត​ទៅលើ​ករណី​នេះ ហើយ​ថា ប្រសិន​បើ​រក​ឃើញ​ថា ការ​ចាប់​ខ្លួន​​នោះពាក់ព័ន្ធរឿងនយោបាយ វាគឺជាការគំរាមកំហែងដល់សកម្មជនបក្សប្រឆាំង។

លោកបន្ថែមថា៖ «ទាក់ទងរឿងនេះ បើសិនជាការចោទប្រកាន់នោះមិនត្រឹមត្រូវដូចការលើកឡើងរបស់ក្រុមគ្រួសារគាត់ថា ពួកគាត់មិនជាប់ពាក់ព័ន្ធការចូលកាប់រុករានព្រៃឈើ ឬយកដីរដ្ឋមកធ្វើកម្មសិទ្ធិទេ យើងយល់ឃើញថា វាពាក់ព័ន្ធរឿងនយោបាយច្រើនជាង ព្រោះខ្ញុំយល់ឃើញថា ការចោទប្រកាន់ពួកគាត់ហ្នឹង ដើម្បីឲ្យពួកគាត់ភ័យខ្លាចមិនហ៊ានធ្វើការជួបជុំណាមួយ ដើម្បីធ្វើសកម្មភាពគាំទ្រឲ្យលោក សម រង្ស៊ី ចូលស្រុកវិញ»

របាយការណ៍របស់អង្គការ Human Right Watch ចេញផ្សាយកាលថ្ងៃទី២ ខែមិនុនានេះ បានឲ្យដឹងថា យ៉ាងហោចណាស់មន្រ្តី និងសកម្មជនអតីតបក្សប្រឆាំងចំនូន ១៤៧នាក់ ត្រូវបានសមត្ថកិច្ច និងតុលាការ កោះហៅសាកសួរ និងឃុំខ្លួន ដោយពួកគេរងការចោទថា បានធ្វើសកម្មភាពបំពានទៅលើសាលដីកាតុលាការកំពូល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ