មេប៉ុស្តិ៍ម្នាក់នៅកំពង់ចាមត្រូវដកពីតួនាទី ក្រោយហាមឃាត់ពលរដ្ឋមិនឱ្យជុំគ្នាហូបនំបញ្ចុក

អាជ្ញាធរមូលដ្ឋានបានចុះមកហាមឃាត់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ មិនឱ្យជួបជុំគ្នា ដើម្បីហូបនំបញ្ចុកឡើយ ក្រោមហេតុផលថា មិនបានសុំច្បាប់ ឬ​ជូនដំណឹងទៅអាជ្ញាធរជាមុន។ រូបភាព៖ ហ្វេសប៊ុក Mark Thyboth

អភិបាលខេត្តកំពង់ចាម ឱ្យដឹងថា គណ:បញ្ជាការឯកភាពបានសម្រេចដកតួនាទីមេប៉ុស្តិ៍រដ្ឋបាលឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ម្នាក់ មកកាន់ស្នងការនគរបាលខេត្ត ក្រោយពីមេប៉ុស្តិ៍រូបនេះចុះហាមឃាត់ពលរដ្ឋមិនឱ្យជួបជុំគ្នាដើម្បីហូបនំបញ្ចុក។

អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយបង្ហាញសោកស្តាយដែលអាជ្ញាធរចុះទៅហាមឃាត់ពលរដ្ឋមិនឱ្យជួបជុំគ្នាហូបនំបញ្ចុកនោះ។ ប៉ុន្តែលោក គួច ចំរើន ហេតុការណ៍នោះ លោកថា គណ:បញ្ជាការឯកភាពខេត្តបានសម្រេចដកតួនាទីមេប៉ុស្តិ៍រដ្ឋបាលរួបនេះ មកកាន់ស្នងការនគរបាលខេត្ត។

លោក គួច ចំរើន ថា៖ «ខ្ញុំបាទ គួច ចំរើន អភិបាលខេត្តកំពង់ចាម បន្ទាប់ពីបានឃើញវីដេអូឃ្លិបនេះ ខ្ញុំពិតជាមានការសោកស្តាយជាខ្លាំង និងសូមអភ័យទោសចំពោះសកម្មភាពរបស់ លោក ហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល ឃុំពាមប្រធ្នោះ ដែលបានចុះទៅរារាំងសិទ្ធិសេរីភាពរបស់ប្រជាជនក្នុងការហូបនុំបញ្ចុក។  គណ:បញ្ជាការឯកភាពខេត្ត បានសម្រេចដកតួនាទី លោក ហេង ប៊ុនថន មកកាន់ស្នងការនគរបាលខេត្ត»។

វី.អូ.ឌី មិនអាចសុំការបញ្ជាក់បន្ថែមពីអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានទេ ដោយថា លោកជាប់រវល់ប្រជុំ។

អធិការរងនៃស្រុកកោះសូទិន លោក ឡោ ស៊ាងហ៊ត់ មានប្រសាសន៍ថា មុននឹងចុះទៅហាមឃាត់អតីតមន្ត្រី និងសកម្មជនបក្សប្រឆាំងនោះ មេប៉ុស្តិ៍រដ្ឋបាលឃុំពាមប្រធ្នោះ លោក ហេង ប៊ុនថន  បានទូរសព្ទមកសុំយោបល់ពីអធិការស្រុក ហើយខាងស្រុកក៏បានយល់ព្រម។ លោកបន្តថា ការដែលស្រុកយល់ព្រមឱ្យចុះទៅហាមឃាត់នោះ ដោយសារ មានបញ្ជាពីថ្នាក់លើ ​។

លោក មានប្រសាសន៍​ថា៖ «ខាងស្នងការមិនណែនាំមិនអ៊ីចឹង! ណែនាំថា ការប្រជុំគ្នាច្រើនអីអ៊ីចឹង ឱ្យប៉ុស្ដិ៍ ឬអធិការ ជួយបំបែកទៅ កុំឱ្យគាត់ជុំគ្នាច្រើនពេកអ៊ីចឹង។ ​ដល់ម្សិលមិញ គាត់ទៅបំបែកទៅប៉ះចំគេហូបនំបញ្ចុកហ្នឹង គេថាហូបនំបញ្ចុក​ ខ្ញុំដឹងតែប៉ុណ្ណឹង។ ហើយទៅធ្វើហ្នឹង គាត់សុំយោបល់ដែរ បានទៅធ្វើ គាត់ម៉េចហ៊ា​នទៅធ្វើដោយខ្លួនឯង»។

ស្នងការ​នគរបាល​ខេត្តកំពង់ចាម លោក ឯម​ កុសល​ សុំមិនធ្វើអត្ថាធិប្បាយ ដោយលោកថា ជាប់រវល់ប្រជុំ។ ចំណែកស្នងការ​រង លោក ហេង វុទ្ធី សុំមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះ ដោយលោកឱ្យទៅសួរប្រធានអង្គភាពវិញ ។

លោក បន្ត​ថា៖ «ក្រែងប្រធានអង្គភាពអ្នកដក ហើយម៉េចបានជាតេសួរខ្ញុំវិញ។ ម៉េចខ្ញុំដឹងប្រធានអង្គភាពអ្នកធ្វើតើ ឬមួយគាត់យ៉ាងម៉េច ខ្ញុំម៉េចដឹង តេតែសួរខ្ញុំសោះហើយ។ ឥឡូវសុំអធ្យាស្រ័យសួរបងអង្គភាពទៅ គាត់ធ្វើយ៉ាងម៉េច អីម៉េចនោះ»។

វី.អូ.ឌី មិនសុំការអត្ថាធិប្បាយពីនាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពាមប្រធ្នោះ លោក​ ហេង ប៊ុនថន បានទេ នៅថ្ងៃនេះ ដោយទូរសព្ទចូលគ្មានអ្នកទទួល។ ប៉ុន្តែ កាលពីម្សិលមិញ មេប៉ុស្តិ៍រដ្ឋបាល ប្រាប់ វី.អូ.ឌី ថា ការចុះទៅសួរនាំអំពីការរៀបចំពិធីហូបនំបញ្ចុកនោះ លោកក៏មិនដឹងមូលហេតុដែរ ដោយថា ជាការធ្វើតាមបញ្ជាថ្នាក់លើប៉ុណ្ណោះ។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ចាម អ្នកស្រី ធីម ណារីន យល់ថា ប្រសិនជាអាជ្ញាធរដែលចុះទៅហាមឃាត់ធ្វើតាមបញ្ជាថ្នាក់លើនោះ អ្នកស្រីថា មន្ត្រីដែលបញ្ជាក៏ត្រូវទទួលខុសត្រូវចំពោះរឿងនេះដែរ។

លោកស្រីថា៖ «​​ទាំងការបញ្ជា ទាំងការអនុវត្តហ្នឹង គឺវាខុសដូចគ្នា អ្នកបញ្ជាក៏អត់ត្រូវបញ្ជាឱ្យគាត់ទៅបំបែក ហើយអ្នកអនុវត្តក៏ទៅអនុវត្ត ក៏អត់ត្រូវ គឺអត់ត្រូវដូចគ្នា ដោយសារ គាត់ហាក់ដូចជា អត់បានស្ដាប់ប្រសាសន៍សម្ដេចនាយករដ្ឋមន្ត្រីឱ្យបានច្បាស់លាស់ ទី២ គាត់អត់បានសិក្សាពីប្រវត្តិច្បាប់ឱ្យបានច្បាស់លាស់ថា តើរដ្ឋធម្មនុញ្ញយើងចែងអំពីសេរីភាពមូលដ្ឋានរបស់យើងមានអ្វីខ្លះ»។

ការដកតួនាទីមេប៉ុស្តិ៍រដ្ឋបាលឃុំពាមប្រធ្នោះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅកាន់អ្នកគាំទ្របក្សកាន់អំណាចទាំងអស់ រៀបចំកម្មវិធីហូបនំបញ្ចុកទូទាំងប្រទេសនៅថ្ងៃទី៩ ខែមិថុនាខាងមុខនេះ  ដោយលោកហៅថា ជាការហូបនំបញ្ចុកសាមគ្គីភាព ឯកភាពជាតិ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ